អាណិត​ព្រះអង្គ​ណាស់ ជួប​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវ រង​របួស​ធ្ងន់

ខេត្ត​កណ្ដាល៖ នៅ​លើ​ផ្លូវ​ជាតិ​លេខ ១ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៤៥.៤៦ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង បណ្ដាល​មក​ពី​បុរស​ម្នាក់​បើកបរ​ម៉ូតូ​ឌុប​ព្រះសង្ឃ​មួយ​អង្គ ដោយ​មាន​ល្បឿន​លឿន​និង​ខ្វះ​ការ​ប្រុងប្រយ័ត្ន ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​បណ្ដាល​រង​របួស​ធ្ងន់​ស្រាល ០២​នាក់​និង​ព្រះសង្ឃ​១​អង្គ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៨​និង​១០​នាទី ត្រង់​ចំណុច​ភូមិ​សំរោង​ក្អែ​៣ ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ។

អ្នក​រង​របួស​​ទី​មួយ​ជា​អ្នក​បើក​ម៉ូតូ​​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង​១F.៧៩.៥០ រង​របួស​ធ្ងន់​ឈ្មោះ មាន សាមន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​បាក់​ព្រី ឃុំ​បឹង​ដោល ស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃវែង។ ជន​រងគ្រោះ​ទី​ពីរ​ជា​ព្រះសង្ឃ​រង​របួស​ធ្ងន់ ជិះ​ម៉ូតូ​ជាមួយ​ជន​រងគ្រោះ​ទី​១ មាន​ព្រះនាម ងាំ ធីណាត ព្រះជន្ម​៣៤​ព្រះវស្សា គង់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា។ ជន​រងគ្រោះ​ទី​បី ម្ចាស់​រថយន្ត រង​របួស​ស្រាល ឈ្មោះ ម៉ា លាង ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់​នៅ​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ជា​អ្នក​បើក​រថយន្ត​ម៉ាក TOYOTACOROLAពណ៌ ក្រហម​ចាស់ ពាក់​ស្លាក​លេខ ២G.៨០.៤១។

បើ​តាម​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​មាន​ម៉ូតូ​០១​គ្រឿង ឌុប​ព្រះសង្ឃ​​១​អង្គ ធ្វើ​ដំណើរ​និង​និមន្ត​ចេញ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​០១​គ្រឿង​តែ​ម្ដង។

បើ​តាម​លោក ព្រំ សំអុល នាយ​រង​ផ្នែក​ចរាចរណ៍​ស្រុក​កៀន​ស្វាយ​បាន​ឱ្យ​ដឹង​ថា ក្រោយ​កើតហេតុ​កម្លាំង​ផ្នែក​ចរាចរណ៍​ស្រុក​ចុះ​ទៅ​ធ្វើការ​វាស់វែង ហើយ​បាន​បញ្ជូន​ជន​រងគ្រោះ​ទៅ​មន្ទីរពេទ្យ ដោយ​វត្ថុ​តាង​រថយន្ត​និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ដើម្បី​បន្ត​នីតិ​វិធី៕