តុលាការ​កាត់​ទោស ឧកញ៉ា ប៊ុន ស៊ីថា រឿង​ឆ​បោក​លុយ​គេ​ជាង​១​លាន​ដុល្លារ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆកា ឆ្នាំ២០​១​៧​នេះ លោក អ៊ី ឋាវរៈ ចៅក្រមជំនុំជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនា​ការ​​កាត់​ទោស លោក ឧកញ៉ា ប៊ុន ស៊ីថា រឿង ឆ​បោក​ប្រាក់​លោក លីម ឈាងហួរ ជាង ១​លាន​ដុល្លារ ដោយ​យក​លុយ​ទៅ​រត់​ការ​ធ្វើ ស.​ជ.ណ ផ្ទេរ​ដី​រដ្ឋ​ទៅ​ជា​ដី​ឯក​ជន។

លោក ហោ លីណា ជាតំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​បាន​ចោទ​ប្រកាន់​លោក​ឧកញ៉ា ប៊ុន ស៊ីថា ពីបទ ឆបោក​យោង​តាម​មាត្រា ៣៧៧ និង​មាត្រា ៣៧៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

នៅ​ក្នុង​សវនាការ​លោក ឧកញ៉ា ប៊ុន ស៊ីថា សា​រ​ភាព​ថា ខ្លួន​បាន​លក់​ដី​មួយ​កន្លែង ឱ្យ​ទៅ​ឈ្មោះ​ លីម ឈាងហួរ ក្នុង​តម្លៃប្រហែល​៤​លាន​ដុល្លារ ដោយ​ទទួល​បាន​លុយ​កក់​ចំនួន ៩០​ម៉ឺន​ដុល្លារ​មុន ។
លោកបន្ដថា ដោយសារដីនោះ លោក​បាន​យក​ទៅ​បញ្ចាំ​ឱ្យ​គេ ៣០​ដុល្លារ​ទើប និង​លោក​មិន​អាច​កាត់​ឈ្មោះ ឱ្យ​ភាគី​លោក លីម ឈាង​ហួរ ទាន់​ពេល​ទើប គេប្តឹងលោកដាក់​គុក​តែ​ម្ត​ង​។

បើទោះជាលោក ហោ លីណា ជាតំណាងអយ្យ​ការ​មិន​ឱ្យ​លោក ឧកញ៉ា ប៊ុន ស៊ីថា លើក​អំពី​រឿង​រៀបចំ សុំស.ជ.ណ ក្តី ប៉ុន្តែលោកឧកញ៉ា ជាប់​ចោទ​រូប​នេះ បានបង្ហើបថា លុយ ៩០ម៉ឺន​ដុល្លារ​ដែល​លោក​យក​ពី​ឈ្មោះ លីម ឈាង​ហួ​រ នោះ​គឺ​លោក​យក​ទៅ​រត់​ការ​ធ្វើ ស.ជ.ណ ដោះ​ដូរ​ដីរ​ដ្ឋ​រួម​មាន ដីការិយាល័យនគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច ការិយាល័យ​ប្រឆាំ​ង​គ្រឿង​ញៀន និង​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និងការពារអនិតិជន​រាជធានី​ភ្នំពេញ ដែលការិយាល័យ​ទាំង​៣​នេះ​នៅ​ក្នុង​បរិវេណ​តែ​មួ​យ នៅម្តុំស្តុបកោស​ដូង​ក្នុង​ទឹក​ដី​ខណ្ឌ​ទួល​គោក​។

លោក សេង ធារ៉ា ជាមេធាវីតំណាងដើម​បណ្ដឹ​ង​ឈ្មោះ លីម ឈាងហួរ បានប្តឹងទាមទារ​សំណ​ង​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់​ចំនួន ១.៨៩៩.០០០ដុល្លារ និង​សំណង​ជំងឺ​ចិត្ត ចំនួន​៥០​ម៉ឺន​ដុល្លារ ។
ទោះ​ជា​យ៉ាង​ណា តុលាការសម្រេចលើក​ពេល​ទៅ​ប្រកាសសាល​ក្រម​សំណុំ​រឿងនេះ​នៅ​រសៀ​ល​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ ៕