ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ឬស្សី​៣ទទូច​សុំ​ប្រព័ន្ធ​លូ និង​ផ្លូវ​ប៉េតុង​មួយ​ខ្សែ ពីអាជ្ញា​ធរ​គ្រប់​លំដា​ប់​ថ្នាក់

ភ្នំពេញ: ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់​នៅ​សង​ខាង​ផ្លូវ​លំ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ក្រុម​ទី​១៧ ភូមិ​ឬស្សី៣ សង្កាត់ស្ទឹងមានជ័យ​២ ខណ្ឌ​មានជ័យ កំពុង​ជួប​ការ​លំបាក ពី​បញ្ហា​កង្វះ​ខាត​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក និង​ផ្លូវ​មាន​ជង្ហុក​ធំៗ​បង្ក​ជា​ទឹក​ដក់​ខួប​ប្រាំង​ខួប​វស្សា ជា​ហេតុ​បង្ក​ការ​លំបាក​ដល់​ពួក​គាត់ ទាំង​ការ​រស់​នៅ និង​ធ្វើ​ដំណើរ​ទៅ​មក អស់​រយះ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ។

សូម​បញ្ជាក់​ថា កំណាត់​ផ្លូវ​លំ​មួយ​ខ្សែ​ដែល​រង​ការ​ខូច​ខាត​ទាំង​ខួប​ប្រាំង​ខួប​វស្សា​ខាង​លើ​នេះ មាន​ប្រវែង​មិន​ដល់​១​គីឡូ​ម៉ែត្រ​ផង ។ ពល​រដ្ឋ​រស់​នៅ​តំបន់​នោះ​បញ្ជាក់​ថា រាល់​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ផ្លូវនេះ​ត្រូវ​ទឹក​ដក់​លើ​ទ្រូង​ផ្លូវ​ស្ទើ​រ​តែ​អាច​អ៊ុំ​ទូក​បាន ហើយ​ប្រសិន​បើ​ពេល​ដែល​មិន​មាន​ភ្លៀង​ធ្លាក់​វិញ ក៏​មាន​ទឹក​ដក់​នៅ​លើ​ផ្លូវ​ដែរ ដោយ​សារ​គ្មាន​ប្រព័ន្ធ​លូ​ត្រឹម​ត្រូវ ពិសេស​ដោយ​សារ​តែ​មាន​ជង្ហុក​ធំ​ៗ នៅ​លើ​ផ្លូវ​នេះ ពោល​កំណាត់​ផ្លូវ​នេះ ត្រូវ​ខូច​ស្ទើរ​តែ​ទាំង​ស្រុង​រុំារៃ​មក​ជា​ច្រើន​មក​ហើយ ។

ជុំ​វិញ​ផល​លំបាក​ខាង​លើ ពលរដ្ឋ​រស់​នៅ​តំបន់​ខាង​លើ ស្នើរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ពិ​សេស​សាលា​រាជធានី​ភ្នំពេញ មេត្តា​ចុះ​សិក្សា​ពិនិត្យ​ពី​ស្ថានភាព​ផ្លូវ​ជាក់​ស្តែង ក្នុង​ការ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក និង​ជួស​ជុល​ផ្លូវ​មួយ​ខ្សែ​នេះ​អោយ​ពួក​គាត់​ផង ដើម្បី​ពួក​គាត់​អាច​រស់​នៅ​បាន​ស្រួល ពិសេស​ការ​ធ្វើ​ដំណើរ​ទៅ​មក​ប្រចាំ​ថ្ងៃ ទាំង​ពេល​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ ឬជូន​កូន​ៗ​ទៅ​សាលា​រៀន​ជា​ដើម ។

គេ​សង្ឃឹម​ថា មន្ត្រី​អាជ្ញាធរ​មូល​ដ្ឋាន និង​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ពាក់​ព័ន្ធ នឹង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​បញ្ហា​នេះ ៕