ផ្សារ​​ព្រំ-​ប៉ៃលិន ជា​ទី​ប្រជុំ​​នៃ​​​ជន​ចំណាក​ស្រុក​និង​​កាស៊ីណូ

វេលា​ម៉ោង​ជិត​១រសៀល នៅ​ខាង​ក្រៅ​បន្ទប់​សណ្ឋាគារ​មួយ​កន្លែង​នៅ​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន ជាប់​នឹង​ព្រំដែន​កម្ពុជា-​ថៃ ដែល​ខ្ញុំ​ស្នាក់នៅ សំឡេង​ជជែក​គ្នា​បន្លឺ​ឡើង លាយ​នឹង​ការ​ផ្ទុះ​សំណើចម្ដង​ម្កាល។ បុគ្គលិក​បោស​​សម្អាត​សណ្ឋាគារ​៣រូប ជា​នារីទាំងអស់ កំពុង​ជជែក​គ្នា​ ខណៈ​សម្រាក​ក្រោយ​អាហារ​ថ្ងៃ​ត្រង់។

កញ្ញា យួន ស្រីនិត អាយុ ១៩ឆ្នាំ មក​ពី​ខេត្ត​កំពង់ធំ ជាកូន​ពៅ​គេ​នៃ​គ្រួសារ​កសិករ​ដែល​មាន​កូន​បី​នាក់។ ស្រីនិត ឈប់​រៀន​តាំងពី​ថ្នាក់ទី៥ និង​បាន​ធ្វើ​ចំណាកស្រុក​ ជាមួយ​បងៗ និង​ឪពុក​ម្ដាយ មួយគ្រួសារ មក​រស់នៅ​ផ្សារព្រំ ខេត្ត​ប៉ៃលិន​នេះ ជាច្រើន​ឆ្នាំ​មក​ហើយ។

នៅពេលសួរ​ថា តើ​ហេតុ​អ្វី​ទើប​មក​រស់នៅទីនេះ​ទាំង​មួយគ្រួសារ​ដូច្នេះ ស្រីនិត ប្រាប់​ឲ្យ​ដឹងថា ដើម​ឡើយ គ្រួសារ​នាង​ធ្វើ​ស្រែ​ធម្មតា ប៉ុន្តែ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជីវភាព​ចេះ​លំបាក​ទៅៗ រហូត​ដល់​ឪពុក​ម្ដាយ​ជំពាក់​​បំណុល​គេ ក៏​នាំ​គ្នា​ទាំង​គ្រួសារ​មក​រស់នៅ​ផ្សារ​ព្រំ​ ខេត្ត​ប៉ៃលិន តែម្ដង ដើម្បី​រកលុយ​ដោះបំណុលគេ។

សព្វថ្ងៃ នៅខេត្ត​ប៉ៃលិន​នេះ ឪពុក​ម្ដាយរបស់​នាង​នៅយាម​ចម្ការ​ឲ្យ​គេ រីឯ​បងៗ​ពីរនាក់​របស់​នាង មាន​គ្រួសារអស់​ហើយ នៅសល់តែរូបនាង​កូន​ពៅ​គេ ធ្វើការជាអ្នករៀបចំ​បន្ទប់​នៅ​សណ្ឋាគារ។

កញ្ញា ស្រីនិត និយាយ​យ៉ាងដូច្នេះថា «ខ្ញុំ​មិន​ដឹង​ថា ពួកគាត់​ជំពាក់​គេ​ប៉ុន្មាន​ទេ ប៉ុន្តែ ឥឡូវ​ហ្នឹង សង​គេ​ជិត​រួចហើយ នៅ​សល់​ប្រហែល ៥០០​ដុល្លារ»។​​