យួន​​ប្រុស​​ស្រី​​២​​នាក់ បង្ខំ​​កូន​​ខ្មែរ​ក្មេង​​ប្រុស​​ស្រី​ចំនួន​​១១​​នាក់​​ឲ្យ​​ដើរ​​សុំទាន

បន្ទាយមានជ័យ៖ កម្លាំង​កងរាជអាវុធហត្ថ​ត​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​២​នាក់ ដោយ​បង្ខំ​កូន​ខ្មែរ ក្មេង​ប្រុស​ស្រី​ចំនួន​១១​នាក់​ឲ្យ​ដើរ​សុំទាន នេះ​បើ​តាម​គេហទំព័រ​មួយ​ក្នុងស្រុក​បាន​ចុះ​ផ្សាយ ។

ហេតុការណ៍​ឃាត់ខ្លួន​វៀតណាម​ប្រុស​ស្រី​២​នាក់​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​ និង១០នាទី ព្រឹកថ្ងៃ​ទី​២១ វិច្ឆិកា ២០១៧ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ប្រភព​ពី​លោក ព្រហ្ម ថេ​ង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន មាន​ទី​១​ឈ្មោះ ចូ​ច គង់ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិ​វៀតណាម និង​ទី​២​ឈ្មោះ ឈៀង វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម អ្នក​ទាំង​២ទើបតែចេញពីមណ្ឌល​កែប្រែបាន០៤ថ្ងៃតែប៉ុណ្ណោះ ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

បើ​តាម​លោក​វរៈសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ស្រាវជ្រាវ​កំណត់​រកមុខ​សញ្ញា​ជនសង្ស័យ​វៀតណាម​ទាំង​២​នាក់​នេះ​ជា​យូរ​មក​ហើយ រហូត​ដល់​វេលា​ដូច​ខាងលើ កម្លាំង​បាន​តាមដាន​កុមារ​រង​គ្រោះ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​បាន ដោយ​បង្ខំ​ឲ្យ​ក្មេង​ៗ​កូន​ប្រជាពលរដ្ឋ​ខ្មែរ​ដើរ​សុំទាន នៅ​តំបន់​ប៉ោយ​ប៉ែ​ត និង​បាន​រំដោះ​កុមារ​រង​គ្រោះ​បាន​ចំនួន​១១​នាក់ ក្នុង​នោះ​មាន​កុមារី​ម្នាក់​ផង​ដែរ ។

លោក​បន្ត​ថា វៀតណាម​ប្រុស​ស្រី​២​នាក់​នេះ ក្នុង​១​ថ្ងៃ​ៗ កំណត់​អោយ​កុមារ​ម្នាក់​ៗ​រក​លុយ​អោយ​បាន ៥​ម៉ឺន​រៀល​ទើប​ឲ្យ​បាយ​ហូប បើ​ពុំ​ដូច្នោះ​ទេ នឹង​បង្អត់បាយ​ហើយ ។ ហើយលោក បាន​បញ្ជាក់​ថា កុមារ​ឲ្យ​តែ​រក​លុយ​បាន​ពួក​គេ​ដែល​រក​លុយ​បាន​តិចតួច​ទៅ​ទិញ​កាវ​ហិត​ជា​ប្រចាំ ហើយ​ដើរ​ដេក​តាម​សំយាបផ្ទះ​អ្នកស្រុក ។

បើ​តាម​ការ​សាកសួរ​កុមារ​រង​គ្រោះ​ទាំង​១១​នាក់ បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​បង្ខំ​ឲ្យ​ពួក​គេ​មែន ដោយ​អោយ​ពួក​គេ បំបែក​គ្នា​ដើរ​សុំទាន នៅ​តាម​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ ម្តុំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​បរិវេណ​កាស៊ីណូ​ប៉ោយ​ប៉ែ​ត​ជាដើម ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជនជាតិ​វៀតណាម​ប្រុស​ស្រី បាន​ឆ្លើយ​សារភាព​ថា ពួក​គេពិតជា​បាន​ឲ្យ​ក្មេង​ទាំង​១១​នាក់​នេះ ដើរ​សុំទាន​ជា​ច្រើន​ខែ​មក​ហើយ ហើយ​លុយ​ដែល​បាន​នោះ​គេ​យក​ទៅ​ប្រើប្រាស់​គ្រឿងញៀន ចំពោះក្មេង​ទាំងនេោះ ខ្លះ​មាន​ឪពុក​ម្តាយ និង​ក្មេង​ខ្លះ​ទៀត​ជា​កុមារ​កំព្រា ដែល​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រោយ​ពេល​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់​ហើយ កម្លាំង​កងរាជអាវុធហត្ថ​ត​ខេត្តបន្ទាយមានជ័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែកឯកុមារ​រង​គ្រោះ​ ត្រូវ​បាន​ប្រគល់​ជូន​មណ្ឌល​អប់រំ​កែប្រែ​ភ្នំ​បាក់ ស្ថិត​ក្នុង​ខេត្តបន្ទាយមានជ័យ ៕