ឃាត់​ខ្លួន​ជន​​​រំខាន​​សមត្ថកិច្ច​តាម​​វិទ្យុ​ទាក់​ទង ធ្វើ​​សំឡេង​​សត្វ

ភ្នំពេញ៖ នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​ម​ហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​រំខាន​សមត្ថកិច្ច តាម​វិទ្យុទាក់ទង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​យ៉ាង​ខ្លាំង រួម​ទាំង​រឹបអូស​សម្ភារ​មួយ​ចំនួន ខណៈ​ជន​សង្ស័​យ​​នេះ​ត្រូវ​បាន​តាមដាន​អស់​រយៈពេល​២​ឆ្នាំ​ទើប​ឃាត់ខ្លួន​បាន ។

លោក មិន សុ​វ​ណ្ណា ប្រធាន​នាយកដ្ឋាន​វិទ្យុ​ទាក់ទង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៧ នេះ​ថា ជនសង្ស័យ​រូប​នេះ បាន​លួច​កៀប​លេខ​វិទ្យុ​ទាក់ និង​លក់​នូវ​វិទ្យុ​ទាក់​ទង ដែល​​គ្មាន​​ច្បាប់​​អនុញ្ញាតិ ហើយ​សកម្ម​ភាព​​ខ្លះ​​ជន​សង្ស័យ​​នេះ បាន​​រំខាន​​សំឡេង​ផ្សេង​​ៗ ដល់​​សមត្ថកិច្ច​​ជា​​ច្រើន​​ផង​​ដែរ​​តាម​រយៈ​​វិទ្យុ ។

ខណៈ​បង្ហាញមុខ​ជនសង្ស័យ មន្ត្រី​នគរបាល​បានអោយ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ហុត ផា​ន​និ​ត អាយុ​៥០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៧G ផ្លូវ​១៤K ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាប់​ពី​បទ​លួច​តាម​បច្ចេកវិទ្យា​ទូរគមនាគមន៍ ។

ជាមួយ​គ្នា​នោះ ជនសង្ស័យ​នេះ ត្រូវ​បាន​សមត្ថកិច្ច និង​និយ័ត​កម្ម​វិទ្យុទាក់ទង​នៃ​ក្រសួង​ទូរគមនាគមន៍​ធ្វើការ​តាមដាន​មុខ​រក​សញ្ញា​​ និង​ទីតាំង​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ទើប​ធ្វើការ​ឃាត់ខ្លួន​បាន រួម​ទាំង​រឹបអូស​នូវ​សម្ភារ​មួយ​ចំនួន ពី​ជនសង្ស័យ​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា នា​ពេល​កន្លង​ទៅសមត្ថ​កិច្ច​​មានការ​រំខាន​ជា​ច្រើន​ដង ដោយ​ជនសង្ស័យ​បាន​ធ្វើ​សំឡេង​សត្វ​តាម​រយៈ​វិទ្យុទាក់ទងខ​ណៈ​​​ពេល​ដែល​សមត្ថកិច្ច​ធ្វើការ​តាមដាន់​មុខសញ្ញា​ចោរ ចោរឆក់​ផ្សេង​ជាដើម​នោះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នូវ​ជនសង្ស័យ​រូប​នេះ ដែល​ជា​មេខ្លោង រួម​ទាំង​នឹង​តាមដាន​ស្រាវជ្រាវ​ជនសង្ស័យ ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ ។

យ៉ាងណា​ក៏​ដោយ​ជនសង្ស័យ​នា​ពេល​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ រៀបចំ​កសាង​សំណុំ​ឯកសារ ដើម្បី​ឲ្យ​តុលាការ​កាត់ទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន ៕