ទី​តាំង​កត់​ឆ្នោត​វៀត​ណាម​ខុស​ច្បាប់​៣​កន្លែង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬស្សីកែវ បង្ក្រា​ប​ក្នុង​ថ្ងៃ​តែ​មួយ

ភ្នំពេញ: ក្នុង​រយះ​ពេល​មិន​បាន​៣​ម៉ោង​ផង ទី​តាំង​លួច​លាក់​កត់​កន្ទុយ​លេខ​ខុស​ច្បាប់ ឬ​ហៅ​ថា​ឆ្នោត​វៀត​ណាម​៣​ទី​តាំង​ផ្សេង​គ្នា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ផ្នែក​ព្រហ្ម​ទណ្ឌ នៃ​អធិ​កា​រដ្ឋាន​នគរបាល​ខណ្ឌ​ឬស្សី​កែវ នៅ​ចំណុច​ទី​តាំង​៣​ផ្សេង​គ្នា ក្នុង​សង្កាត់​ចំនួន។២ នា​វេលា​រសៀល​ថ្ងៃ​ទី​​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ ។

លោក​វរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិ​ការ​នគរ​បាល​ខណ្ឌ​ឬស្សីកែវ​បញ្ជាក់​អោយដឹង​ថា ការ​បង្ក្រាប​ទាំង​៣​ទីតាំងខាងលើនេះ ធ្វើ​ឡើង​ក្រោម​ការ​សម្រប​សម្រួល​ពី​លោក​ស្រី​វ៉ា សក្តា ព្រះ​រាជ​អាជ្ញាររង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេ​ញ ដោយ​ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​សរុប​៣​នាក់ រួម​ទាំង​ដក​ហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ធំ​ពាក់​ព័ន្ធ​ការ​លួច​លាក់​កត់​ឆ្នោត​ដោយ​ខុស​ច្បាប់​នេះ ។


សូម​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​៣នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​មាន​ឈ្មោះ​ទី១.គឹម វ៉ាវេន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ត្រូវ​ឃាត់​ខ្លួន​នៅ​ចំណុច​​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​៦២​R ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬស្សី​កែវ ។ ទី​២​ឈ្មោះឆៃ ឡា ភេទស្រី អា​យុ​៣៥​ឆ្នាំ ត្រូវ​ឃាត់​ខ្លួន​នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​៦២R ភូមិ​ទួល​គោ​ក សង្កាត់​ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។ ទី​៣​ឈ្មោះ​តាន់ ផានី ភេទ​ស្រី អាយុ​៥០ឆ្នាំ ត្រូវ​ឃាត់​ខ្លួន​នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល ផ្លូវ​លំ ក្រុម​៨ ភូមិ​សាមគ្គី សង្កាត់​ឬស្សី​កែវ ខណ្ឌ។ឬស្សីកែវ ។

បច្ចុប្បន្ន​ជន​សង្ស័យ​នឹង​វត្ថុតាង ត្រូវ​បញ្ចូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬស្សីកែវ រង​ចាំ​កសាង​សំណុំរេឿងបញ្ចូនទៅតុលាការ ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់នៅពេលក្រោយ ៕