កម្ម! ចាក់​ប្រពន្ធ​ពោះធំ​១​កាំបិត​ស្មាន​ថា​ស្លាប់​ហើយ ក៏​ចង​.ក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ

ខេត្ត​កំពង់ធំ៖ បុរស​ជា​ប្ដី​ម្នាក់​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ប្រពន្ធ​ខ្លួន​មួយ​កាំបិត បំណង​សម្លាប់​ ទាំង​នាង​មាន​ផ្ទៃ​ពោះ រួច​ក៏​ចង​.​ក ធ្វើ​អត្តឃាត​តាម​ក្រោយ។ ករណី​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល នៅ​វេលា​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។
បុរស​ជា​ប្ដី មាន​ឈ្មោះ សៅ ឆុង អាយុ​៣៤​ឆ្នាំ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ធួក ធឿង អាយុ​៣១​ឆ្នាំ។ អ្នក​ទាំងពីរ​រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាងលើ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​នៅ​មិន​ទាន់​ដឹង ពីរ​នាក់​ប្ដី-ប្រពន្ធ​នេះ មាន​ជម្លោះ​អ្វី​នោះ​ទេ បុរស​ជា​ប្ដី​បាន​យក​កាំបិត​ចុង​ស្រួច ទៅ​កាប់​ប្រពន្ធ​ខ្លួនឯង ១​កាំបិត ចំ​ស្មា​ខាង​ស្តាំ​ហូរ​ឈាម ជោក​ខ្លួន សន្លប់​ស្ដូកស្ដឹង ដោយ​ស្មាន​តែ​ប្រពន្ធ​ស្លាប់​ហើយ ទើប​ជន​ដៃដល់​ជា​ប្ដី​បាន ធ្វើ​អត្ត​ឃាត​ចង.​ក សម្លាប់​ខ្លួនឯង​តាម​ក្រោយ ដោយ​ខ្សែ​គោ ជាប់​និង​ជញ្ជាំង​ផ្ទះ​ស្លាប់​តែម្តង។

ក្រោយ​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​របួស​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ទំរីង ស្រុក​សណ្ដាន់ ចំណែក​សាកសព​បុរស​ជា​ប្ដី ត្រូវ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច ក៏​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕