អាណិត​ណាស់ មិន​ដឹង​មាន​រឿង​អី​ទេ​បាន​ស្លាប់​អណ្តែត​ទឹក​ទន្លេ​

ខេត្ដ​កណ្តាល៖ បុរស​ចំណាស់​ម្នាក់​បាន​ប្រទះ​ឃើញ​សាកសព​បុរសម្នាក់ ហើម​ស្អុយ មិន​ស្គាល់​អត្ត​សញ្ញាណ អណ្តែត​ទឹក​នៅ​មាត់​ទន្លេ​មេគង្គ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះចំណុច​មាត់​ទន្លេ​មេគង្គ ក្នុង​ភូមិ​ដី​ឥដ្ឋ​កោះ​ផុស ឃុំ​ដី​ឥដ្ឋ ស្រុកកៀន​ស្វាយ ខេត្ត​កណ្តាល។

មន្ត្រី​នគរបាល​ស្រុក​កៀន​ស្វាយ​បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ជា​មនុស្ស​ប្រុស មិន​ស្គាល់​អត្ត​សញ្ញាណ មាន​ភិនភាគ​សាកសព​មាន​សភាព​ហើម ស្អុយ មាន​អាយុ​ប្រហែល​២០​ឆ្នាំ មាន​សប្បុរ​ខ្មៅ​ស្រអែម មាន​កំពស់​ប្រហែល ១.៥៥​ម៉ែត្រ ស្លៀក​ខោ ខៅប៊យ​ជើង​វែង ពណ៌​ទឹកប៊ិច រហែក​ជង្គង់​ខាង​ស្តាំ គ្មាន​ខ្សែ​ក្រវ៉ាត់ ពាក់​អាវ​ដៃ​វៃង​ពណ៌​ទឹក​ប៊ិច មាន​ហោប៉ៅ​ពីរ​សងខាង ស្លៀក​ខោ​លីអូ​ពណ៌​ក្រហម​ម៉ាក FIRE

មន្ត្រី​នគរបាល​ដដែល​បាន​បន្ត​ថា ដំណើរ​រឿង​នៅ​មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ពលរដ្ឋ​ចំណាស់​ម្នាក់​ឈ្មោះ រាំង សុខា ​អាយុ៥២​ឆ្នាំ ជន​ជាតិ​ខ្មែរ មានទីលំនៅ​ភូមិ​ចន្លក់​ក្រៅ ឃុំ​គគី ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល បានប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក នៅ​ចំណុច​កើតហេតុ​ខាងលើ​រួច​ក៏រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដី​ឥដ្ឋ។

នគរបាល​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​ដី​ឥដ្ឋ​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​គ្រូពេទ្យ​ឃុំ ក្រុម​ប្រឹក្សា​ឃុំ​បាន​ចុះ​ដល់​ចំណុច​កើតហេតុ ធ្វើការ​ពិនិត្យ​សាកសព ឃើញ​ថា​សាកសព​ពុំ​មាន​ស្លាកស្នាម​អី្វគួរឲ្យ​កត់​សម្គាល់​ទេ។ ការ​សន្និដ្ឋាន​សាកសព​គឺ​ស្លាប់​ដោយសារ​លង់​ទឹក។

ក្រោយ​ពី​ពិនិត្យ​រួច កម្លាំង​ប៉ុស្តិ៍​និង​មន្ត្រី​នគរបាល​ជំនាញ​រួមនឹង​គ្រូពេទ្យ​អាជ្ញាធរ​មូលដ្ឋាន​បាន​ឯកភាព​ធ្វើ​ការ​បញ្ចុះ​សាកសព​នៅ​មាត់​ច្រាំង​ទន្លេក្បែរ​កន្លែង​កើតហេតុ រង់ចាំ​ក្រុម​គ្រួសារ​មក​ទាក់ទង​រក​នា​ពេល​ក្រោយ៕