លួច​ អាយ​ផេត គេ​ដល់​ក្នុង​បន្ទប់ ប៉ុន្តែ​សំណាង​អាក្រក់​ត្រូវ​បាន​ម្ចាស់​គេ​ទាន់

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​បាន​រង​របួស​ប៉ោង​មុខ​ ពេល​ចូល​ទៅ​លួច​អាយ​ផេត គេ​ដល់​ក្នុង​បន្ទប់ ប៉ុន្តែ​សំណាង​អាក្រក់​ត្រូវ​បាន​ម្ចាស់​គេ​ទាន់ ស្រែក​ឆោរ​ឡោ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​ខាង​នាំ​គ្នា​ជួយ​តាម​ចាប់​ខ្លួន​បាន និង​បាន​ធ្វើ​ការ​វាយ​ដំ រួច​ទើប​ប្រគល់​ជូន​នគរបាល​ឲ្យ​នាំ​ទៅ​សាក​សួរ​និង​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ច្បាប់ ។​

ហេតុ​ការណ៍​ខាង​លើ នេះបាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៤០​នាទី រសៀល​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង១ សង្កាត់​ចោម​ចៅ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​​ឈ្មោះ យី ផល្លា អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុង​ភូមិ​បឹង​អន្ទង់ ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្ត​ព្រៃវែង និង​ស្នាក់​នៅ​ក្នុង​ភូមិកើត​ហេតុ​ខាង​លើ ចំណែ​កជន​រងគ្រោះ​ដែល​ជា​ម្ចាស់ អាយផេត​មិន​ទាន់​ត្រូវ​បាន គេ​ស្គាល់​ឈ្មោះ​នៅ​ឡើយ​ទេ ។

តាម​ប្រភព​ព័ត៌មាន​​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ជនរងគ្រោះ​បាន​ទុក​អាយ​ផេត​នៅ​ក្នុង​បន្ទប់​ពេល​នោះ​ជន​សង្ស័យ​បាន ចូល​ទៅ​ធ្វើ​សកម្មភាព​លួច ប៉ុន្តែ​ត្រូវ​បាន​ជន​រងគ្រោះ​ប្រទះ​ឃើញ​ទាន់ ក៏បាន​ស្រែក​ឆោរ​ឡោ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ទើប​ប្រជាពល​រដ្ឋ​នៅ​ជិត​ខាង​នាំ​គ្នា​ជួយ​ចាប់​បាន រួច​វាយ​ទាត់​ធាក់​បណ្ដាល​ឲ្យ​រង​របួស​ប៉ោង​មុខ​និង​ជាំ​ភ្នែក​យ៉ាង​ដំណំ ។ ក្រោយពេលកើតហេតុ​ទើប​ប្រគល់​ជូន នគរបា​ល​ប៉ុស្ដិ៍​ចោម​ចៅ​១ ដើម្បី​សាក​សួរ​និង​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ច្បាប់ ៕