រថយន្ត​ដឹក​ធ្ងន់​ពេ​ក ចុះ​ស្ពាន​ចាប់​ហ្វ្រាំង​មិន​ស៊ី តៃ​កុង​បង្ខំ​ចិត្ត​បួង​ចង្កួត​បុក​ផ្ទប់​បង្កាន់​ដៃ​ស្ពាន

ភ្នំពេញ : រថយន្ត​ដឹក​អង្ករ​ធុន​ធំមួយ​គ្រេឿង បើក​ចុះ​ស្ពាន​ព្រះ​មុន្នីវង្ស​ថ្មី ចាប់​ហ្វ្រាំង​មិន​ស៊ី តៃ​កុង​ខ្លាច​បុក​អ្នក​ដំណើរ​បង្ខំ​ចិត្ត​បួង​ចង្កួត​បុក​ផ្ទប់​បង្កាន់​ដៃ​ស្ពាន បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅជំនុចលើស្ពានព្រះមុន្នីវង្សថ្មី ក្នុង​សង្កាត់​ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជ​ធានី​ភ្នំពេញ ។

រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​យីឌុប​ដឹក​អង្ករ​យក​ទៅ​ដាក់​នៅ​ក្រុម​ហ៊ុន ខ្មែហ្វូត មាន​ទី​តាំង​នៅ​ទល់​មុខ​វត្តនិរោធ ពាក់​ស្លាក​លេខ ក្រុង​ព្រះ​សី​ហនុ 3A-1855 បើកបរដោយ​បុរស​ម្នាក់​ឈ្មោះ​ភិន ត្តម អាយុ២៤ឆ្នាំ មានស្រុក​កំណើ​តនៅស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ប្រភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ អោយ​ដឹង​ថា រថយន្ត​ខាង​លើ បើក​ឡើង​ស្ពាន​ព្រះមុនីវង្សថ្មី ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត បំណងឆ្ពោះទៅផ្លូវ​ជាតិ​លេខ​១ យក​អង្ករ​ទៅ​ដាក់​នៅ​ក្រុម​ហ៊ុន ស្ថិត​នៅ​សង្កាត់​និរោធ លុះដល់ចំណុច​ចុះ​ស្ពាន​ស្រាប់​តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី ខណះ​ដែល​មាន​អ្នក​ដំណើរជា​ច្រើន​កំពុងធ្វើ​ដំណើរ​នៅ​ពី​មុខ​រថយន្ត​ធ្វើ​អោយ​ម្ចាស់​រថយន្ត​បង្ខំ​ចិត្ត​បួង​ចង្កូត​ទៅ​បុកផ្ទប់បង្កាន់​ដៃស្ពាន​បណ្តាល​រង​ការ​ខូច​ខាត​ទាំង​រថយន្ត និង​បង្កាន់​ដៃ​ស្ពាន​តែ​ម្តង ។


ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ មិន​មាន​បណ្តាល​អោយ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។ ក្នុង​នោះ​ពេល​កើត​ហេតុ ចរាចរ​ណ៍​នៅ​ចំណុច​ខាង​លើ មាន​ការ​កក​ស្ទះ​មួយ​អន្លើរ​ធំ​ផង​ដែរ ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន សហការ​ជា​មួយ​ជំនាញ ចុះ​អន្តរាគមន៍​វាស់​វែង អូស​យ​ក​រថយន្ត​ខាង​លើ​​ទៅ​​រក្សា​ទុក​នៅ ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រងចាំ​ដោះ​ស្រាយ​តាម​នីតិវិធី នៅ​ពេល​ក្រោយ ។
ប្រជាពលរដ្ឋក្បែរតំបន់កើតហេតុ បញ្ជាក់ថា កាល​ពីពេលកន្លងទៅ នៅចំណុចគល់ស្ពាន​ព្រះ​មុន្នី​វង្ស​ថ្មី ត្រើយ​ខាង​កើត​នេះ គឺ​តែង​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែលបង្ក​ឡើងដោយ​សារ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ពិសេស​រថយន្ត​ប៉ែន​ដឹក​ដី​ជា​ដើម បើកចុះ​ស្ពាន​មិន​ប្រយ័ត្ន​ជ្រុល​បុក​រះ​អ្នក​ដំណើរ​ជា​ច្រើន បង្កមាន​មនុស្ស​ស្លាប់ និង​រង​របួស​ជា​ច្រើន​នាក់​ផង​ដែរ ។ ហើ​យ​​កត្តា​ទាំង​នេះ គឺកើត​ឡើង​ដោយ​សារ រថយន្ត​​ទាំង​នោះ ជា​ប្រភេទរថយន្ត​ដឹក​ទំនិញ​ធ្ងន់​ៗ ជាហេតុ​ធ្វើ​អោយ​រថយន្ត​មិន​អាចទ្រ​នឹង​ទម្ងន់​ទំនិញ​បាន​ស្រប​ពេល​ត្រូវ​ចុះ​ចំណោទ​ផង​នោះ បង្ក​អោយ​មាន​ជា​ការ​ដាច់​ហ្វ្រាំង ឬ​ចាប់​ហ្វ្រាំង​មិន​ស៊ី កើតមានជាគ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​តែ​ម្តង ។

អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលផែនចរាចរណ៍ លោកវរសេនីយ៍ឯក សារ៉ន បានប្រាប់អោយដឹងថា ជាទូទៅរាល់រថយន្តដឹកទំនិញទាំងអស់ គឺត្រូវអនុញ្ញាតិអាចដឹកត្រឹមតែ២៥តោនប៉ុណ្ណោះ បើគិតទាំងទម្ងន់របស់រថយន្តផងនោះ ប៉ុន្តែបើលើស គឺត្រូវឃាត់​យក​មក​រក្សា​ទុក​ភ្លាមៗ ប៉ុន្តែ​ការ​ឃាត់ ឬហាមឃាត់រថយន្ត​ដឹក​ទំនិញ​ដែល​លើស​ចំណុះ​នេះ គឺជាដែន​កាត​ព្វ​កិច្ច​របស់ មន្ត្រី​ជញ្ចីង​ថ្លឹង​រថយន្ត ឬតាមបណ្តា​គោល​ដៅ​ជញ្ចីង​ថ្លឹង​នី​មួយ​ៗ ដែលអាចដឹក​បាន​ថា​ រថយន្ត​ទាំង​នោះ ដឹក​លើស​ចំណុះ ឬ​មួយ​យ៉ាង​ណា ។

លោក​​អធិការ​រង​បន្ថែម​ថា សមត្ថកិច្ច​នគរបាល​មូល​ដ្ឋាន គឺមានសិទ្ធិ​ហាម​ឃាត់​តែរ​ថយន្ត​ដឹក​ដី រថយន្ត​ធុន​ណា ដែលឆ្លងកាត់ស្ពាន​មុន​ម៉ោ​ង​កំណត់ ឬការដឹកសំពីងសំពោង តែប៉ុណ្ណោះ លើសពីនេះមិនមានជាកាតព្វកិច្ចរបស់ថ្នាក់មូលដ្ឋានឡើយ ៕