មេ​បញ្ជា​ការ​អាវុធ​ហត្ថ​ខេត្ត​កណ្តាល ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សាល​ដីកា​តុលា​ការ​កំពូល សម្រេច​រំលាយ​គណ​បក្សស​ង្រ្គោះ​ជាតិ

ខេត្ត​កណ្តាល៖ លោក​ឧត្តម​សេនីយ៍ត្រី សំ តុលា មេបញ្ជា​ការ​កង​រាជអាវុធ​ហត្ថ​ខេត្ត​កណ្តា​ល ព្រម​ទាំង​នាយ​អាវុធ​ហត្ថ នាយ​រង​អាវុធ​ហត្ថ និង​ពល​អាវុធហត្ថ​ទូ​ទាំង​ខេត្ត សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សាល​ដីកា​តុលា​ការ​កំពូល នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​វិចិ្ឆ​កា ឆ្នាំ​២០១៧ ដែល​បាន​សម្រេច​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ ពាក់​ព័ន្ធ​បទ​ល្មើស​ក្បត់​ជាតិ ។

ជា​មួយ​គ្នា​នេះ ក៏​បាន​ប្រកាស​គាំ​ទ្រ​ពេញ​ទំហឹង​នូវ​អនុសាសន៍​ទាំង​ស្រុង របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា ដែល​បាន​ថ្លែង​អំពាវ​នាវ​ឲ្យ​ជន​រួម​ជាតិ​រក្សា​ភាព​ស្ងប់​ស្ងាត់ និង​ធានា​ថា លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុ​ប​ក្ស នៅ​​កម្ពុជា​នៅ​តែ​បន្ត​ដំណើរ​ការ ។

លោក​ឧត្តម​សេនីយ៍ត្រី សំ តុលា បាន​គូស​បញ្ជាក់​ថា ការ​ចេញ​សាល​ដីកា​រំលាយ គណ​បក្ស​សង្រ្គោះ​ជាតិ ពី​សំណាក់​តុលាការ​កំពូល គឺ​ជា​រឿង​ស័ក្តិ​សម​បំផុត​ចំពោះ​ការ​ប្រព្រឹត្ត​ទង្វើ​ក្បត់​ជាតិ របស់​គណ​បក្ស​ប្រឆាំង​មួយ​នេះ ហើយ​មិន​អាច​អត់​ឱន​ឲ្យ​បាន​នោះឡើយ។

លោក​ឧត្តម​សេនីយ៍ត្រី សំ តុលា ក៏បាន​បង្ហាញ​ការ​គាំ​ទ្រ​ផង​ដែរ​ចំពោះ​វិធានការ បន្ត ដែល​បាន​ដាក់​ចេញ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា ក្នុងការ​បន្ត​ទប់​ស្កាត់​ឧបាយកល បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ក៏​ដូច​ជា​ការ​ប្តេជ្ញា​ថែរ​ក្សា​ការពារ​សន្តិ​សុខ សន្តិ​ភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា ប្រឆាំង​ទប់​ស្កា​ត់ បក្ស​នយោបាយ និង​ក្រុម​អ្នក​នយោបាយ ដែល​ឃុប​ឃិត និង​បម្រើ​ផល​ប្រយោជន៍​បរទេស ។

ក្រោយ​មាន​សាល​ដីកា​សម្រេច នេះសម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​រក្សា​ការ​ស្ងប់​ស្ងាត់ និង​រក្សា​សណ្តាប់​ធ្នាប់​សង្គ​ម ព្រម​ទាំង​អំពាវ​នាវ​ឱ្យ​សកម្ម​ជន​គណ​បក្ស​សង្រ្គោះ​ជាតិ ដែល​តុលា​ការ​មិន​បាន​បិទ​សិទ្ធិ​នយោ​បាយ បន្ត​ធ្វើ​នយោបាយ​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ឬ​គណ​បក្ស​ដទៃ ឬ​បង្កើត​គណ​បក្ស​នយោបាយ ។ ប្រើសិន​បើ​ពួក​គាត់​ចង់​នៅ​តែ​បន្ត​តួ​នាទី​ខ្លួន សម្តេច​ប្រកាស​បន្ត​ស្វាគ​មន៍ ដែល​ពួក​គេ​មាន​ពេល១សប្តាហ៍ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត ៕