ឆ្លាត! យុវសិស្ស​អាយុ​ទើប​១៦​ឆ្នាំ បោក​លុយ​ពី​លីហួរ​វេរ​លុយ បាន​រាប់​ពាន់​ដុល្លារ

ខេត្ត​បាត់ដំបង៖ កាលពី​​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ក្មេង​ស្រី​ជំទង់​ម្នាក់វ័យ១៦ឆ្នាំ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ សម្រេច​ចេញ​ដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ឆបោក យក​ប្រាក់​អស់​​រាប់​ពាន់​ដុល្លា​ ​ពី​ក្រុមហ៊ុន​ ​លី​ហួរ វេរ​លុយ តាមរយៈ​​ការ​បន្លំ​​ធ្វើ​ជា​ភ្នាក់ងារ​ក្រុមហ៊ុន រួច​លួច​ចូល​ក្នុង​គណនី​ហ្វេសប៊ុក​របស់​ភ្នាក់ងារ​ ​លី​ហួរ ដទៃ​ទៀត ហើយ​ឆាត​ប្រាប់​ឱ្យ​​គេ​វេរ​​លុយ​ទៅ​ឲ្យ​អតិថិជន ​ដែល​ខ្លួន​ជា​អ្នក​ផ្ដល់​លេខ​​ទូរស័ព្ទ​ សម្រាប់​ទៅ​ទទួល​បើក​លុយ​នោះ។

ក្មេងស្រី​សង្ស័យ​ខាងលើ​មាន​ឈ្មោះ ហង្ស គឹមអេង អាយុ ១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១ នៅ​សាលា​ឯក​ជន​ដ៏​ល្បី​មួយ​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​មាន​ទីលំនៅ​ក្នុង​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង។ ក្មេង​ស្រី​ជំទង់​សង្ស័យ​ត្រូវ​ស្ថាប័ន​អយ្យការ​ចោទ​ប្រកាន់​ពី​បទ «ឆបោក» ដែល​ប្ដឹង​ដោយ​តំណាង​ក្រុមហ៊ុន «លីហួរ» វេរ​លុយ ប្រចាំ​ខេត្ត​បាត់ដំបង គឺ លោក កើង វង្សទ្រីឌី។

សូម​រំលឹក​ថា យុវ​សិស្ស​ជា​ជន​សង្ស័យ ឈ្មោះ ហង្ស គឹមអេង នេះ ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​ឃាត់ខ្លួន កាល​ពី​រសៀល​ថ្ងៃទី​១១ វិច្ឆិកា ស្ថិត​នៅ​កន្លែង​ភ្នាក់ងារ «លីហួរ» វេរ​លុយ ក្នុង​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែត ក្រុង​បាត់ដំបង គ្រា​ដែល​នាង​បំរុង​ទៅ​បើក​លុយ​ដែល​នាង​ឆបោក​ពី​ក្រុមហ៊ុន វេរ​លុយ លីហួរ នៅ​ទីនោះ។ ការ​ឃាត់​ខ្លួន​ក្មេង​ស្រីវ័យ ១៦​ឆ្នាំនេះ ក្រោយ​ពី​តំណាង​ក្រុមហ៊ុន «លីហួរ» ប្រចាំ​ខេត្ត​បាត់ដំបង ដាក់​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅលើ​ជន​មិន​ស្គាល់​មុខ ដែល​បាន​លួច​ចូល​ក្នុង​គណនី​ហ្វេសប៊ុក​ភ្នាក់ងារ​វេរ​លុយ​របស់​ក្រុមហ៊ុន​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បាន​ឆាត​ប្រាប់​ឲ្យ​ភ្នាក់ងារ​ដូច​គ្នា​វេរ​លុយ​ឲ្យ​អតិថិជន តាម​រយៈ​លេខ​ទូរស័ព្ទ ដែល​ជន​នោះ​ផ្ដល់​ជូន។ ដោយ​មាន​ការ​សង្ស័យ ហើយ​សមត្ថកិច្ច​សហការ​ជា​មួយ​ក្រុមហ៊ុន ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​សិស្ស​ស្រី​រូប​នេះ តែម្ដង។

តំណាង​ក្រុមហ៊ុន «លីហួរ» វេរ​លុយ ប្រចាំ​ខេត្ត​បាត់ដំបង លោក កើង វង្សទ្រីឌី បាន​អោយ​ដឹង​ថា ក្មេង​ស្រី​រូប​នេះ បាន​បន្លំ​ធ្វើ​ជា​ភ្នាក់ងារ «លីហួរ» វេរ​លុយ ប្រចាំ​ខេត្ត​ព្រះ​សីហនុ ហើយ​បាន​លួច​ចូល​ក្នុង​គណនី​ហ្វេសប៊ុក​របស់​ភ្នាក់ងារ «លីហួរ» ២​នាក់ រួច​ឆាត​ទៅ​កាន់​ភ្នាក់ងារ​នោះ ដោយ​ប្រាប់​ឲ្យ​វេរ​លុយ​ម្ដង ចំនួន ១,០០០​ដុល្លារៗ ដោយ​ប្រាប់​ថា វេរ​ឲ្យ​អតិថិជន ហើយ​នាង​បាន​ប្រាប់​ទាំង​លេខ​ទូរស័ព្ទ​របស់​អ្នក​ចាំ​ទទួល​លុយ​នោះ ទៀត​ផង។

បច្ចុប្បន្ន នារី​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង បណ្ដោះ​អាសន្ន រង់ចាំ​តុលាការ​ចាត់​ការ​តាម​នីតិ​វិធី៕