អតីត​អ្នក​អធិប្បាយ​ព័ត៌​មាន​វិទ្យុ​អាស៊ីសេរី​ម្នាក់ ត្រូវ​កម្លាំង​ចម្រុះ​ខណ្ឌ​មាន​ជ័យ​ធ្វើ​ការ​ឃាត់​ខ្លួន

រាជធានីភ្នំពេញ: អតីត​អ្នក​អធិប្បាយ​ព័ត៌មាន​ដ៏​ឆ្នើម​ប្រចាំវិទ្យុអាស៊ីសេរីម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​មាន​ជ័យ ដឹកនាំ​ដោយ​លោក​ពេជ្រ កែមុនី អភិបាលខណ្ឌ ធ្វើ​ការ​ឃាត់​ខ្លួន​បញ្ចូន​ទៅ​កាន់​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ក្រោយ​សង្ស័យ​ថា ជន​រូប​នេះ​លួច​លាក់​តម្លើង​វិទ្យុ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ខុស​ច្បាប់​​ចេញ​ទៅ​ក្រៅ​ប្រទេស ។

ការ​ឃាត់​ខ្លួន​ធ្វើ​ឡើង ក្នុង​ការ​ពិនិត្យ​រដ្ឋបាល​នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​យីហោ ​”ម៉ារឌី​” នៅ​​ចំណុច​គល់​ស្ពាន​​អាកាស​ស្ទឹង​មាន​ជ័យ​ តាម​ផ្លូវ​​មុនី​​រ៉េត​ ស្ថិត​នៅ​ក្នុង​ភូមិ​​៥​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ កាល​ពី​វេលា​ម៉ោង ២០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​មាន​ការ​ចូល​រួម​ពី ព្រះ​រាជ​អាជ្ញារ​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​អ៊ុំ សុភ័ក្ត្រ នគរបាល​សន្តិ​ផ្ទៃ​ក្នុង​ក្រសួង​មហា​ផ្ទៃ និង​មន្ត្រី​ជំនាញពា​ក់ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ ។

មន្ត្រី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា អតីត​បុគ្គ​លិក​វិទ្យុ​អាស៊ីសេរី ( RFA ) ដែល​ត្រូវ​បាន​អាជ្ញា​ធរ​ឃាត់​ខ្លួន​ខាង​លើ​នេះ​ មាន​ឈ្មោះ អ៊ួង ឈិន ភេទប្រុស អាយុជាង៤០ឆ្នាំ មាន​ទី​លំ​បច្ចុប្បន្ន​ស្ថិត​នៅ​ផ្ទះ​លេខ​៩២ ផ្លូវ​លេខ​១៨ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​​ចៅ​១ ខណ្ឌពោធិ៍​សែ​ន​ជ័យ​ រាជធានី​ភ្នំពេញ ។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ​មាន​ជ័យ​​អោយ​ដឹង​ថា ជន​សង្ស័យ​បាន​មក​ជួល​បន្ទប់​លេខ​E04 ជាន់​ទី​៧ នៃសណ្ឋាគារ​ខាង​លើ ក្នុង​តម្លៃ​២០០​ដុល្លារ ដោយ​កម្លាំង​អាជ្ញាធរ​សង្ស័យ​ថា បាន​លួចលាក់​តម្លើង​ជា​បន្ទប់​ផ្សា​យ​ព័ត៌​មានតាមវិទ្យុ​ដោយ​ខុស​ច្បាប់​នៅ​ចំណុ​ច​ខាង​លើ ក្រោយរកឃើញ​ឧបករណ៍​ពាក់​ព័ន្ធ​មួយ​ចំនួន ។

ចំពោះ​មុខ​កម្លាំង​អាជ្ញាធរ​ចម្រុះ លោក អ៊ួង ឈិន បាន​ឆ្លើយ​ថា រូប​លោក​បាន​ជួល​បន្ទប់​សណ្ឋាគារ​នេះ​ដើម្បី​បើក​ស្ទី​ឌី​យោ​ច្រៀង​ខារ៉ា​អូខេ និង​ថត​វីដេអូ ក្នុង​កម្ម​វិធី​រៀប​អាពាហ៍​ពិពាហ៍ និងពិធីបុណ្យ​ផ្សេងៗសម្រាប់​អនិកជន​ជួល​ទៅ​តាមតម្រូវការជាក់ស្តែង និងគ្រោង​រៀ​ប​ចំថតចម្រៀង​សម្រាប់លក់ កំសាន្តជា​លក្ខ​ណៈ​គ្រួសារ​តែ​បោះ​ណ្ណោះ មិនមាន​បំណង​ក្នុង​គោល​ដៅ​អ្វី​ផ្សេង​ឡើយ ។

យ៉ាង​ណា​មិញក្រោយ​ការ​សាក​សួរ​នាំ​យ៉ាង​ល្អិត​ល្អន់​រួច​មក​លោកអ៊ួង ឈិន ត្រូវបាន​កម្លាំង​អាជ្ញាធរ​ចម្រុះ ដោយមានការ​ឯកភាព​ពី​ព្រះរាជ​អាជ្ញា​ររង បាន​សម្រេច​ធ្វើការ​ឃាត់​ខ្លួន​បញ្ចូន​ទៅកាន់ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ​ទាំង​យប់ ដើម្បី​សាក​សួរ​នាំ​បន្ថែម និង​បន្ត​នីតិវិធី ។

ក្នុង​ការ​ឃាត់​ខ្លួន​កម្លាំង​អាជ្ញាធរ​ចម្រុះ បាន​រក​ឃើញ​ម៉ា​ស៊ី​នកុំព្យូទ័រ​ Dastop ៤គ្រឿង Laptop​មួយ​គ្រឿង Mixer មួយ​គ្រឿង Speaker មួយ​គូ​ទូរ​ទស្សន៍ ២​គ្រឿង Moniter Speaker មួយ​គូ Microphone ចំនួន​៥ រួមទាំងសម្ភារៈ​ពាក់ព័ន្ធនឹង​ការ​តម្លើង​ស្ទី​​ឌី​​យោ​វិទ្យុ​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ ។

សូម​រំឭក​ថា វិទ្យុ​អាស៊ី​សេរី (RFA) ត្រូវ​បាន​គេ​ដឹង​ថា ជាវិទ្យុមួយ​ដែល​មាន​ទំនោ​ទៅ​រក​បក្ស​ប្រឆាំង និង​​គាំ​ទ្រ​ដោយ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​សម្រេច​ផ្អាក​ប្រតិបត្តិ​ការរ​​បស់​ខ្លួន​នៅ​កម្ពុ​ជា និង​បិទ​ការិយា​ល័យ​ទាំង​ស្រុង នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​វិទ្យុ​នេះ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​​១២ ខែ​កញ្ញា ឆ្នាំ​២០១៧​កម្លង​ទៅ ។

សូម​បញ្ជាក់​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១​៧​នេះ កម្លាំង​ចម្រុះ​ខណ្ឌ​មាន​ជ័យ រួម​ទាំង​មន្ទីរ ក្រសួង​ពាក់​ព័ន្ធ នឹង​ចុះទៅពិនិត្យ​បន្ទប់​ជួល​ជន​សង្ស័យ​ម្តងទៀត ដើម្បី​ពិនិត្យ​រក​ការ​ពិត​ដូច​ដែល​កម្លាំង​អាជ្ញាធរ​សង្ស័យ​ថា បាន​លួច​លាក់ផ្សព្វ​ផ្សាយព័ត៌​មាន​ដោយ​ខុស​ច្បាប់ ៕