ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាន​ឃើញ «ស្គុបពី» ថ្មី​ៗ សង្ស័យ​ជា​ម៉ូតូ​គេច​ពន្ធ

ខេត្ត​កំពង់ឆ្នាំង ៖ រថយន្ត​មួយ​គ្រឿង​បាន​បើក​បោះពួយ​យ៉ាង​លឿន ហើយ​ជ្រុល​ទៅ​បុក និង​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង​ខ្ទេច​មួយ​កំណាត់​មុខ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវបែក​ជា​៤ ស្ថិត​ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ បើក​ដោយ​បុរស​ម្នាក់ ឈ្មោះ គូ លាងជិន អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្រុង​សេរី​សោភ័ណ្ឌ ខេត្ត​បន្ទាយ​មាន​ជ័យ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ ២X-៤២៣៧ បើក​ដោយ​បុរស​ឈ្មោះ កែវ សុភ័ក្រ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ហើយ​ទិស​ខ្វែងគ្នា បណ្ដាល​ឲ្យ មួយ​គ្រឿង​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង និង​មួយ​គ្រឿង​​ទៀត​ជ្រុល​ទៅ​បុក​ដើមឈើ ខូចខាត​ធ្ងន់ធ្ងរ​ទាំង​សងខាង​មិន​អាច​បើកបរ​បាន ត្រូវ​សមត្ថកិច្ច​យក​រថយន្ត​មក​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​គ្មាន​ស្លាក​លេខ ដឹក​ម៉ូតូ​ម៉ាក​ស្កូ​ពី​ថ្មី​ៗ​ចំនួន​៣​គ្រឿង សង្ស័យ​ជា​ម៉ូតូ​គេចពន្ធ ហើយ​ក៏​បាន​រាយការណ៍​ដល់​មន្ត្រី​សាខា​គយ ដើម្បី​មក​ត្រួតពិនិត្យ និង​ចាត់ការ​តាម​ផ្លូវច្បាប់៕