រថយន្ដ​កុង​ទីន័រ​បុក​​​ម៉ូតូ​គ្រឿង អូស​បែក​ផ្កា​ភ្លើង​ឆេះ​ក្បាល​ខាង​មុខ បណ្ដាល​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ស្លាប់

កំពង់ស្ពឺ៖ លោក​ឧត្តមសេនីយត្រី សម សាមួន ស្នង​ការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៦និង​១០​នាទី​ព្រលប់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង ដោយ​រថយន្ដ​កុង​ទីន័រ បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង ហើយ​អូស​ជាប់​ក្រោម​ឡាន បណ្ដាល​ឲ្យ​រថយន្ដ​ឆេះ​ក្បាល​ខាង​មុខ ហើយ​អ្នក​បើក​បរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ ។

លោក​ឧត្តម​សេនីយ៍​ស្នង​ការ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ កើត​ឡើង​នៅ​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៥០-៥១ ស្ថិត​ក្នុង​ភូមិ​សាស្ដ្រ​ក្រុង​ច្បារ​មន ដោយ​រថយន្ដ​បង្ក​បើក​បរ​ក្នុង​ទិស​ដៅ​ពីលិច​ទៅ​កើត លុះ​ដល់ចំណុច​កើត​ខាង​លើ ស្រាប់​តែ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញ​ទំហឹង​តែម្ដង។

ក្រោយ​បុក​ភា្លម​រថយន្ដ​បានឈប់​នោះ​ទេ ដោ​យ​អូស​ម៉ូតូ​ជាប់​ខាង​ក្រោម បណ្ដាល​អ្នក​បើកប​រ​ម៉ូតូ​ដាច់​ខ្លួន​ស្លាប់​យ៉ាង​អណោចអធ័ម ហើយ​រថយន្ដ​ឆេះ​ផ្នែក​ក្បាល​ខាង​មុខ ប៉ុន្ដែ​ត្រូវ​បាន​រថយន្ដ​ពន្លត់​អគ្គិភ័យ​នៃ​ស្នង​ការ​ដ្ឋាន​នគរបា​ល​ខេត្ត​កំពង់​ស្ពឺ ជួយ​អន្ដរាគមន៍​បាញ់​ពន្លត់​ផង​ដែរ ។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​ធ្វើ​ការ​វាស់​វែង និង​យក​វត្ថុ​តាង​ទាំង​២​ទៅ​រក្សា​ទុក ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់ ដោយ​ឡែក​សាក​សព​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ក្រុម​គ្រួសារ៕