ចាប់​ប្រមូល​ម៉ូតូ​ឡាំ​ប៉ាតា​ឲ្យ​​ធ្វើ​ស្លាក​លេខ​ ខ​ណៈ​គេ​ដឹង​ថាមាន​រថយន្ដ​ទំនើប​ៗច្រើន​គ្រឿង​អត់​ពន្ធ​​​​កំពុង​ធ្វើ​ចរាចរណ៍​ពាស​ពេញ​ផ្ទៃ​ប្រទេស​

ភ្នំពេញ៖ នាយ​ឧត្តម​សេនីយ៍ ជួន សុវណ្ណ ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ បាន​​បញ្ជា​ឲ្យ​អ​ធិការ​នគរ​​បាល​ទាំង​១២​ខណ្ឌ ក្នុង​រាជធានី​ភ្នំ​ពេញ​​តា​ម​​​ឃ្លាំ​​មើល និង​​ចាប់​​ម៉ូតូ​​ឡាំ​​ប៉ា​តា​​ដែល​គ្មាន​​ស្លាក​​លេខ​​ តាំង​​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​​វិច្ឆិកា​នេះ ម៉ូតូ​ឡាំ​ប៉ា​តា​ឥណ្ឌា ឬ​ម៉ូតូ​តាក់​​ស៊ី​ម៉ែត្រ​តម្លៃ​១២០០​រៀល ក្នុង​មួយ​គីឡូ​ម៉ែត្រ​ប្រមាណ​ជាង​៣០០​គ្រឿង ដែល​គ្មាន​ស្លាក​​លេខ​​ត្រឹម​​ត្រូវ ។

ក្នុង​ប្រតិបត្តិ​ការ​ចាប់​ម៉ូតូ​ឡាំ​ប៉ាតា​ទាំង​នេះ​គឺ​ធ្វើ​ឡើង​តាម​បទ​បញ្ជា​ផ្ទាល់​របស់​អភិបាល​ក្រុង​ភ្នំពេ​ញ លោក ឃួង ស្រេង ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើស​និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​រាជ​ធានី ។

ជា​គោល​ការណ៍​តាម​អនុក្រឹត្យ​លេខ ១៨ ម៉ូតូ​កង់​៣ ត្រូវ​ឈៀក​នៅ​មន្ទីរ​សាធារណៈ​ការ និង​ចុះ​បញ្ជី​ធ្វើ​ស្លាក​លេខ​នៅ​ខណ្ឌ​ទាំង ១២ ដូច្នេះ​តម្រូវ​ឲ្យ​យាន​ប្រភេទ​នេះ​ត្រូវ​តែ​ទៅ​ចុះបញ្ជី (ធ្វើ​ស្លាក​លេខ) ៕