តុលាការសម្រេច​​ឃុំ​ខ្លួន​ ​ឧកញ៉ា ជួប ចាន់ ​រឿង ប្រាក់​ជាង​៣​លាន​ដុល្លារ

ភ្នំពេញ​៖ ក្រោយ​ពី​សាក​សួរ​អស់​ជាច្រើន​ម៉ោង នា​ល្ងាច​ថ្ងៃ​ទី​១០​វិច្ឆិកា ឆ្នាំ ២០១៧ លោក​គឹម រត្ននរិន្ទ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដី​កា​សម្រេច​ឃុំ​ខ្លួន​ឧកញ៉ា ជួប ចាន់ ដាក់​ពន្ធ​នាគារ​ជា​បណ្ដោះ​អាសន្ន​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ ពាក់​ព័ន្ធ​ការ​ចេញ​សែក​គ្មាន​ប្រាក់ ។

សូមរំលឹកថា សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​រាជ​ធា​នី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ទី ០៩​វិច្ឆិកា ឆ្នាំ​២០​១៧ បាន​ចាប់​ខ្លួន​ឧកញ៉ា ជួប ចាន់ ម្ដង​ទៀត​តាម​ដីកា​បង្គាប់​អោយ​ចាប់​ខ្លួន​របស់​ចៅ​ក្រម​សាលា​ដំបូង​ពាក់​ព័ន្ធ​និង​ករណី​លុយ​កាក់​ដល់​ទៅ​ជាង​៣​លាន​ដុល្លារ​អាមេរិក ។
សូម​រំលឹក​ថា អយ្យការ​អម​សាលា​ដំបូង​រាជ​ធា​នី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី ១៤កញ្ញា ឆ្នាំ២០១៧​កន្លង​ទៅ​បាន​សម្រេច​ដោះ​លែង​អោយ​ឧក​ញ៉ា​ជួប ច័ន្ទ មាន​សេរី​ភាព ត្រឡប់​ទៅ​ផ្ទះ​​វិញ បន្ទា​ប់​ពី​លោក​ព្រះ​រាជ​អាជ្ញា​យល់​ឃើញ​ថា សែក​មួយ​សន្លឹក​តម្លៃ​១​លាន​ដុល្លារ​ដែល​ភាគី​ដើម​បណ្ដឹង​បាន​ទទួល​ពុំ​មាន​សុពល​ភាព​ទៀត​ទេ ព្រោះ​ត្រូវ​បាន​លប់​ជា​ស្វ័យ​ប្រវត្ត​ដោយ​ដី​ការ​ក្សា​ការ​ពារ​មួយ​រួច​ទៅ​ហើយ ។

រឿង​ក្ដី​នេះ​លោក សុិន វិរៈ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូងរាជធានី​ភ្នំពេញ បាន​សាក​សួរ​លោក​ឧកញ៉ា ជួប ច័ន្ទ តាំងពីល្ងាចថ្ងៃទី ១៣​កញ្ញា មក​ម្ល៉េះ ក្រោយ​ពីនគបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ពាក់​ពន្ធ​ការ​ចេញ​មូល​ប្បទានប័ត្រ​អត់​សាច់​ប្រាក់​មួយ​លាន​ដុល្លារ​អាមេរិក អោយ​ទៅ​ដៃ​គូរ​រកសុី​ជា​មួយ​ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​ដំបូង​បាន​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា ជួប ច័ន្ទ ត្រូវ​បាន​រង​នូវ​ពាក្យ​បណ្តឹង​របស់​លោក លីវ វុទ្ធី តំណាង​ឲ្យ​ក្រុម​ហ៊ុន គឹម កៅ ដែល​ជា​កូន​ប្រុស​លោក​ឧកញ៉ា គឹម ហាប់ ថា បាន​ចេញ​មូ​ប្បទានប័ត្រ​គ្មាន​សាច់​ប្រាក់​ចំនួន​១លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៥ ។

ប្រភពបន្ត​ថា ឧកញ៉ា ជួប ច័ន្ទ ជាប់​ពាក់​ពន្ធ​លុយ​កាក់​រក​ស៊ី​ជា​មួយ​គ្នា នឹង​ក្រុម​ហ៊ុន​លោក​ឧកញ៉ា គឹម កៅ លើទឹក​ប្រាក់​ប្រមាណ​៣​លាន​៥​សែន​ដុល្លារ​អាមេរិក ប៉ុន្តែ​ក្រោយ​មក​នេះ លោក​ឧញ៉ា គឹម កៅ បាន​ទារ​ប្រាក់​បំណុល​នោះ​វិញ ប៉ុន្តែ​ភាគី​ទាំង​​២​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​ចំពោះ​មុខ​មេធាវី​ទាំង​សង​ខាង​បញ្ជាក់​អំពី​សុពលភាព​នៃ​ទឹក​ប្រាក់​ដែល​រកសុី​ជា​មួយ​គ្នា ទើប​លោក​ឧកញ៉ា ជួប ច័ន្ទ ចេញ​សែក​ឲ្យ​ទៅ​ឧកញ៉ា គឹម កៅ ដែល​មាន​​ទឹកប្រា​ក់១​លាន​ដុល្លារ លើក​ទី​១ ដោយ​បាន​កំណ​ត់​ឲ្យ​ម្ចាស់​បំណុល​ទៅ​បើក​ពី​ធនាគារ​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ២១០៧ ប៉ុន្តែកិច្ច​ព្រម​ព្រៀង​បាន​បញ្ជាក់​ថា សែក​នោះ​ពុំ​មាន​លុយ​ទេ លុះ​ពេល​ភាគី​ឧកញ៉ា គឹម កៅ យក​សែក​ទៅ​បើក​លុយ ស្រាប់​តែ​ធនាគារ​បញ្ជាក់​ដូច​គ្នា​ថា មូល​ប្ប​ទាន​ប័ត្រ​ន​នេះ​គ្មាន​សាច់​ប្រាក់​ទេ ទើបភាគី​លោក លីវ វុទ្ធី តំណាង​ឲ្យ​លោក​ឧកញ៉ា គឹម កៅ ប្ដឹង​លោក​ឧកញ៉ា ជួប ច័ន្ទ តែ​ម្ដង ។

រឿងក្ដីនេះក្រោយពីលោកព្រះរាជអាជ្ញាសាកសួរជនសង្ស័យ ជួប ច័ន្ទ និងពិនិត្យលើពាក្យ​បណ្ដឹង​រួមទាំងឯកសារពាក់ព័ន្ធ​នានាទើបរក​ឃើញ​ថា សែកនោះគ្មានសុពល​ភាពទេ​ដោយ​សារវា​ត្រូវ​បាន​លប់​ដោយ​ដីការក្សា​ការពារ​មួយ​ដែល​គូរភាគីបាន​ឯក​ភាព​គ្នា​រួច​ទៅ​ហើយ ។ ដូច្នេះ​ទើបលោក​ព្រះរាជអាជ្ញា​សម្រេច​ដោះ​លែង​​លោកឧកញ៉ាជួប ច័ន្ទ អោយ​មាន​សេរី​ភាព​វិញ ។ ការដោះ​លែង​ពេល​នោះ​ត្រូវបាន​ប្រភព​មួយ​និយាយ​ថា ឧកញ៉ាជួប ចាន់ បាន​ចំណាយ​ប្រាក់​ដល់​ទៅ​៥​មុឺន​ដុល្លារ​អោយ​ឧកញ៉ា​ម្នាក់រត់ការ​មក​អយ្យការ​ដើម្បី​អោយ​មាន​ការ​ដោះ​លែង​និង​បញ្ចប់​រឿង​ក្ដី​នេះ តែ​សំណុំ​រឿង​នេះ​មាន​ចប់​ឯ​ណា ព្រះរាជ​អាជ្ញា​បាន​សម្រេច​ចោទ​ប្រកាន់​ដដែល​ហើយ​បញ្ជូន​ទៅ​ចៅ​ក្រម​ឈ្មោះគឹម រ័ត្ននរិន្ទ រហូតដល់​ចេញ​ដី​កា​បង្គាប់​អោយ​ចាប់​ខ្លួន​ឧកញ៉ាជួប ចាន់​ម្ដង​ទៀត​បញ្ជូន​មក​សាលា​ដំបូង​ដើម្បី​ចាត់​ការ​តាម​ច្បាប់ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​រហូត​ដល់​ព្រឹក​នេះ​ចៅ​ក្រម​បន្ដ​ការ​សាក​សួរ​ដោយ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ តើ​វសនា​​លោក​​ឧក​ញ៉ា​​​ជួប ចាន់​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​​បណ្ដោះ​​អាសន្ន​ឬ​យ៉ាង​ណា​​នៅ​ឡើយ​ទេ ។​ ដោយ​ឡែក​ប្រភព​ការ​ធ្លាយ​ព័ត៌មាន​​លោក ឧកញ៉ាជួប ចាន់​អស់​ប្រាក់​ប្រមាណ​៥​ម៉ឺន​ដុល្លារ​​ជា​ថ្នូរ​នៃ​ការ​ដោះ​លែង​កាល​ពី​ចាប់​ខ្លួន​លើក​ដំបូង​នោះ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ ។ ​ហើយ​ការ​លើក​​ឡើង​​ពី​​ប​ញ្ហា​អស់​លុយ​អស់​កាក់​ដើម្បី​​បាន​​​រួច​​​ខ្លួន​នៅ​ក្រៅ​ឃុំ​នោះ​​អាច​មិន​មែន​ជា​ការ​​ពិត​​ឡើយ ៕