មុខ​សញ្ញា​ឆក់​យ៉ាង​សកម្ម​នៅ​ក្នុងរាជធានី​ភ្នំពេញ​៤​នាក់​ត្រូវ​ឃាត់​ខ្លួនជាបន្ដ​បន្ទាប់​

ភ្នំពេញ៖ មុខ​សញ្ញា​ឆក់​យ៉ាង​សកម្ម​នៅ​រាជធា​នី​ភ្នំពេញ​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​៧​មករា បង្រ្កាប​បាន​ជា​បន្ត​បន្ទាប់​កាល​ពី​រសៀ​ល​ថ្ងៃ​ទី​១០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​តាម​បណ្តោយ​ផ្លូវ​១០៧ សង្កាត់​អូ​​ឬស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​បញ្ជាក់​អោយ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​១៣​និង​៣៩​នាទី​រសៀល​ថ្ងៃ​ទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ជន​សង្ស័យ​ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ពាយ​ពីនារីម្នាក់ នៅ​ផ្លូវ​១២២ សង្កាត់​ផ្សារដេប៉ូ៣ ខណ្ឌទួល​គោក រាជធានី​​ភ្នំ​ពេញ បាន​សម្រេច បន្ទាប់​មក​សមត្ថ​កិច្ច​បាន​ធ្វើការ​ស្រាវ​ជ្រាវ​និង​កំណត់​ភិន​ភាគ​បាន ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​ដែល​ជន​សង្ស័យ​ជិះធ្វើ​សកម្មភាព ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​តែ​ម្តង។

សមត្ថកិច្ចបាន​បន្ដ​ថា​​ ចាប់​បាន​ជន​សង្ស័យ (ដៃ​ដល់) ២​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់ ឃាត់​ខ្លួន​នៅ​ចំណុច​ផ្ទះ​នៅ​ជាន់ទី៣ ក្នុងសង្កាត់​អូឬស្សី​១ ខណ្ឌ​៧មករា ​ទើប​បន្ត​ចាប់​បាន​បក្ខ​ពួក​១​នាក់​នៅ​ទៀត​នៅ​ចំណុច​ហ្គេម អីន​ធឺ​ណេត មួយ​កន្លែង​នៅ​ខណ្ឌ​ទួល​គោក ។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​៤​នាក់ខា​ង​លើ​កម្លាំង​នគរបាល​ខណ្ឌ​៧​មករា បាន​ប្រគល់​ជន​សង្ស័​យ​ទាំង​៤នាក់​ទៅ​អោយ​កម្លាំង​នគរបាល​ខណ្ឌ​ទួល​គោក​ដែល​ជា​ម្ចាស់​ករណី​ចាត់​ការ​ទៅ​តាម​នីតិ​វិធី​ច្បាប់៕