ទឹកត្រី ទឹកសៀង និង​ទឹក​ស៊ី​អីុវ​ជា​ច្រើន​កា​ដុង ត្រូវ​កម្លាំង​ចម្រុះ​ធ្វើ​ការ​ដក​ហូត សង្ស័យ​មាន​ហនិ​ភ័យ​ដល់​សុខភាព​

ភ្នំពេញ: កាល​ពី​វេលា​រសៀល​ថ្ងៃ​ទី ០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រ​ឆាំង​ផលិត​ផល​ក្លែង​ក្លាយ មាន​កម្លាំង​នគរ​បា​ល និង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ បានចុះ​ពិនិត្យ​មើល​ស្តង់​ដារ​បច្ចេកទេស​ទី​តាំង​ផលិត​ទឹក​ត្រី និង​ទឹក​ស៊ី​អីុវ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៨ ក្នុង​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ ។

ការ​ចុះ​ពិនិត្យ​នេះ ធ្វើ​ឡើង​ដោយ​មាន​ការ​ដឹក​នាំ​កម្លាំង​ពី​សំណាក់ លោក​ឧត្តម​សេនីយ៍ត្រី ទូច យុទ្ធា អនុ​ប្រធាន​លេខា​ធិការ​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ និង​ជា​ប្រធាន​ក្រុម​ប្រតិបត្តិ​ការ​ពិសេស​ក្រសួង​មហា​ផ្ទៃ និង​មាន​ការ​សម្រប​សម្រួល​ពី​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោកងិន ពេជ្រ ផង​ដែរ ។

មន្ត្រី​សមត្ថកិច្ច​អោយ​ដឹង​ថា ទី​តាំង​ខាង​លើ​នេះ បាន​បើក​លួច​លាក់​ផលិត​ទឹក​សៀង ទឹក​ត្រី ទឹក​ស៊ីអីុវ និង​ទឹក​ម្ទេស​ជា​ដើម មាន​រូប “ក្បល​មាន់ ” ជា​សម្គាល់ ដែល​ពុំ​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​ពី​ក្រសួង ឬ​មន្ទីរ​ជំនាញ​ពាក់​ព័ន្ធ​ឡើយ ពិសេស​សង្វាក់ នៃ​ការ​ផលិត ​គឺ​ពុំ​មាន​ស្តង់​ដារ​បច្ចេក​ទេស និង​មិន​មាន​អនាម័យ​ត្រឹម​ត្រូវ​នោះ​ទេ ។

ក្រោយ​ការ​ពិនិត្យ​អស់​ជា​ច្រើន​ម៉ោង​រួច​មក កម្លាំង​ចម្រុះ បាន​សម្រេច​ដក​ហូត ផលិត​ផល​មួយ​ចំនួន​ធំ ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ ដើម្បី​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធ ឬ​​ហៅថា ឡាប៉ូ ដើម្បី​ពិនិត្យ​មើល​ថា​តើ ទំនិញ​ទាំង​អស់​នោះ មាន​សារ​ធាតុគីមី​ឬ​ទេ ពិសេស​មាន​ផ្ទុក​នូវ​សារ​ធាតុ​ដែល​បង្កជា​ផល​ប៉ះ​ពាល់​ដល់​សុខុ​មាល​ភាព​ពល​រដ្ឋ​ដែល​បាន​ហូប​វា​រួច ។

សូម​បញ្ជាក់​ថា ក្រោយ​ការ​ដក​ហូត​រួច ទី​តាំង​លួច​លាក់​ផលិត​ខាង​លើ ត្រូវ​បាន​កម្លាំង​ចម្រុះ សម្រេច​បិទ​ទ្វារ​បណ្តោះ​អាសន្ន ពុំ​អនុញ្ញាតិ​អោយ​មាន​ការ​ផលិត​ទំនិញ​ខាង​លើ​ទៀត​ឡើ​យ រង​ចាំ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​លើ​គុណ​ភាព​ទំនិញ​ជា​មុន​សិន ។ ក្នុង​នោះ​ដែរ​ប្រសិន​បើ គណះ​កម្មាធិ​ការ​រង​ឃើញ​ថា ទឹក​សៀង ទឹកត្រី ទឹក​ស៊ីអីុវ និង​ទឹក​ម្ទេស​ទាំង​អស់​នោះ មាន​សារ​ធាតុ ដែល​បង្ក​ហនិភ័យ​ដល់​សុខ​ភាព​ពល​រដ្ឋ​នោះ សមត្ថកិច្ច​នឹង​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់​ខ្លួន​ម្ចាស់​ទី​តាំង​យក​មក​អនុវត្ត​ទោស​ទណ្ឌ តាម​នីតិច្បាប់​ជាក់​ជា​មិន​ខាន ហើយ​ទី​តាំង​ក៏​ពុំ​អនុញ្ញាតិ​អោយ​មាន​ការ​ផលិត​ជា​បន្ត​ទៀត​ជា​ដាច់​ខាត ។
ទន្ទឹម​នឹង​នោះ​ដែរ មន្ត្រី​សមត្ថកិច្ច​បញ្ជាក់​ថា រាល់​ទី​តាំង​ដែល​ពុំ​មាន​ច្បាប់​ទម្លាប់​ពី​ក្រសួង ឬ​មន្ទីរ​ជំនាញ​ពាក់​ព័ន្ធ ផលិត​ផល​ដែល​ផលិត​ចេញ​ទី​តាំង​ទាំង​នោះ ភាគ​ច្រើន គឺផលិត​ផល​ដែល​តែង​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ ដល់​សុខ​ភាព​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ ប៉ុន្តែ​យ៉ាង​ណា​មិញ​ចំពោះ​ទី​តាំង​ខាង​លើ សមត្ថកិច្ច​មិន​អាច​សន្និ​ដ្ឋាន​ជា​មុន​នោះ​ទេ រង​ចាំ​លទ្ធ​ផល នៃ​ការ​ពិនិត្យ ចេញ​ពី​មន្ទីរ​ពិសោធន៍​ជា​មុន​សិន ទើប​ដឹង​ច្បាស់​ថា​មាន​ផល​ប៉ះ​ពាល់ ឬ​យ៉ាង​ណា​នោះ .?