វាយ​ប្លន់​ម៉ូតូ​​Zoomer X បាន​សម្រេច​តែ​រត់​មិន​រួច​ពី​ប៉ូលីស​

ភ្នំពេញ៖ ជន​​សង្ស័យ​​ចំនួន​​៣​​នាក់​ ធ្វើ​​សកម្ម​ភាព​​វាយ​​ប្លន់​​យក​​ម៉ូតូ​​ពី​​បុរស​​ម្នាក់​​បាន​​សម្រេច​ កាល​ពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី៨​
​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ចំនុច​ជិត​វត្ត​ស្លែង សង្កាត់​ពង​ទឹក ខ​ណ្ឌ​​ដង្កោ បណ្ដាល​​ឲ្យ​ជន​រង​គ្រោះ​​រង​របួស​​ធ្ងន់់​ ចំណែក​​ជន​​សង្ស័យ​​ត្រូវ​​បាន​​សមត្ថកិច្ច​ប្រ​ដេ​ញ​​ចាប់​​បាន​​២​​នាក់​​ ចំណែក​​ម្នាក់​​ទៀត​​បាន​​បើក​​ម៉ូតូ​​របស់​​ជន​​រង​គ្រោះ​​ជិះ​​រត់​​គេច​​ខ្លួន​​បាត់​ស្រមោល ។

សមត្ថកិច្ចបាន​ប្រាប់​ឲ្យ​ដឹង​ថា​ជន​សង្ស័យ ២ នាក់ ​ទី១-ឈ្មោះ ចាន់ប៊ុនថន អាយុ​២០​ឆ្នាំ​មុខ​របរ ​ជាង​ម៉ាស៊ីនត្រជាក់ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្តាល និង​ទី​២​ឈ្មោះ​ឈៀ សុភាព អាយុ​១៨ឆ្នាំ​មុខរបរ​រត់​តុការ​ស្នាក់​នៅ​ឃុំទ្រា ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល ។

សមត្ថកិច្ចបានបន្ដថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Zoo​merX ពណ៌​លឿង ស្លាក​លេខ​ភ្នំពេញ​1GA-​89​15 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣​ជិត​និង​វត្ត​ស្លែង ភ្លាម​នោះ​ក៏​លេច​មុខ​ជន​សង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​និច​ពាក់​ស្លាក​លេខ ភ្នំពេញ​1GF-​6212​មក​ធ្វើ​សកម្ម​ភាព​យក​ដុំ​ថ្ម​រួម​និង​មាន​ដាវ​មួយ​ដើម​វាយ​ទៅ​លើ​ជន​រងគ្រោះ​ចំ​ក្បាល​បណ្តាល​អោ​យ​ដួល​ភ្លាម​ៗ​ជន​សង្ស័យ​ក៏​បាន​លើក​ម៉ូតូ​ជន​រងគ្រោះ​ជិះ​រត់​តែ​ត្រូវ​បាន​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ឃើញ​ក៏​ព្យាយាម​ជិះ​ដេញ​តាម​រហូត​​មក​ដល់​រង្វង់​មូល​ចោម​ចៅ ជន​សង្ស័យ​ក៏​បំបែក​ផ្លូវ​គ្នា​ភ្លាម​នោះ​សមត្ថកិច្ច​ដេញ​តាម​ចាប់​បាន​ជន​សង្ស័យ​២​នាក់​ដែល​ជិះ​ម៉ូតូ​និច​បាន​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​របស់​ជន​រងគ្រោះ​រត់គេច​ខ្លួន​បាន​បន្តិច​ក៏​ឈប់​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយពេលធ្វើការឃាត់ខ្លួនបាន​កម្លាំង​​សមត្ថ​កិច្ច​ប៉ុស្តិ៍​កាកាប​បាន​ប្រគល់​ជន​សង្ស័យ​ទាំង​​២​ទៅ​ខណ្ឌ​ដង្កោ​វិញ​ដោយ​សារ​កើត​ហេតុ​នៅ​ទឹក​ដី​ដង្កោ និង​កំពុង​ធ្វើ​ការ​សាក​សួរ​ជន​សង្ស័យ​ទាំង​ពីរ​នាក់ ដើម្បី​ស្រាវ​ជ្រាវ​តាម​ចាប់​ជន​សង្ស័​យ​ម្នាក់​ទៀត​យក​មក​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​ ។ ដោយ​ឡែក​ជន​រង​គ្រោះ​រងរបួស​ធ្ងន់​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ផង​ដែរ ៕