អាមេរិក​សម្រេច​ផ្តាច់​ជំនួ​យកម្ចាត់​មីន

ស្ថានទូត​អា​មេ​រិ​កបាន​សម្រេច​កាត់​ផ្តាច់ជំនួយ​មនុស្សធម៌​របស់​ខ្លួន មក​ស៊ី​ម៉ាក់​ចាប់ពី​ដើម ខែមករា ឆ្នាំ​២០១៨​ខាង​មុខ​តទៅ ដោយ​គ្មាន​ការ​បញ្ជាក់​ហេតុផល​អ្វី​ច្បាស់លាស់​ឡើយ ។ នេះ​បើ​យោង​តាម​អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា ដែល​ស្រង់​សម្តី​មន្ត្រី​អង្គការ NPA ដែល​ជា​អង្គការ​ដៃគូ​ជាមួយ​ស៊ី​ម៉ាក់ប្រាប់ នៅ​យប់​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ។

លោក ហេង រតនា បាន​បញ្ជាក់​ថា ថវិកា​ជំនួយ​នោះ​គឺជា​ជំនួយ​សម្រាប់​បោសសំអាត​គ្រាប់បែក​របស់​អា​មេ​រិ​ក ដែល​ទំលាក់​លើ​ទឹកដី​ខ្មែរ ដែល​មាន​ទឹកប្រាក់​ប្រមាណ ២.៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ ប៉ុន្តែ​បើ​ទោះបី​គ្មាន​ថវិកា​នេះ​ក្តី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀត​ធានា​ជួយ​ឲ្យ​ស៊ី​ម៉ាក់ នៅ​បន្ត​ប្រតិបត្តិការ​នេះ​ដដែល​មិន​ដកថយ​ឡើយ​។

លោក ហេង រតនា បាន​បញ្ជាក់​ថា កន្លង​មក​ស៊ី​ម៉ាក់ និង​ភាគី​អា​មេ​រិ​ក​(​ក្រសួងការបរទេស​អា​មេ​រិ​ក​) បាន​ឯកភាព​គ្នា​ក្នុង​ការ​គាំទ្រ​កំលាំង​ស៊ី​ម៉ាក់​ឲ្យ​ជួយ​បោសសំអាត គ្រាប់​សំណល់​ជាតិ​ផ្ទុះ របស់​សហរដ្ឋអាមេរិក​នៅ​លើ​ទឹកដី​កម្ពុជា មាន​ដូច​ជា គ្រាប់បែក​ទំលាក់​ពី​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់​យុទ្ធ​ទណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​ទៀត​។ កិច្ច​ប្រ​តិ​ប​តិ្ត​ការ​បោសសំអាត​គ្រាប់​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​របស់​អា​មេ​រិ​ក​នេះ បាន​និង​កំពុង​ទទួលលទ្ធផល និង​ប្រសិទ្ធិ​ភាព​យ៉ាង​ល្អ​ប្រសើរ​។

លោក ហេង រតនា បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ចំពោះ​ការ​សម្រេច​របស់​អា​មេ​រិ​ក​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មានការ​សោកស្តាយ និង​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​បញ្ចប់​ជំនួយ​យ៉ាង តល់​ក្រហល់​នេះ ជា​ពិសេស​ទន្ទឹម​ពេល​ដែល​កម្ពុជា កំពុង​រុករក​ឃើញ និង​ទទួលផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​សំណល់​អាវុធ​គីមី​របស់​អា​មេ​រិ​ក​ដែល​រដ្ឋាភិបាល​អា​មេ​រិ​ក ត្រូវ​ទទួលខុសត្រូវ​។

ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រង​ការ​គំរាមកំហែង​ដោយសារ​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​អា​មេ​រិ​ក មេត្តា​កុំ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ កាត់​ផ្តាច់ជំនួយ​នេះ ព្រោះថា​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​នឹង មិន​ឲ្យ​ការ​បញ្ចប់​ជំនួយ​អា​មេ​រិ​ក​នេះ ប៉ះពាល់​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​របស់​ស៊ី​ម៉ាក់ ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​»​។

លោក ហេង រតនា បាន​បញ្ជាក់​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ដទៃ​ទៀត ធានា​រ៉ាប់រង​ផ្តល់​ថវិកា​គាំទ្រ​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​របស់​ស៊ី​ម៉ាក់​ឲ្យ​នៅ​ដដែល ជំនួស​ថវិកា​របស់​អា​មេ​រិ​ក ដែល​ផ្តាច់ជំនួយ​ចំពោះ​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​មនុស្សធម៌​របស់​ស៊ី​ម៉ាក់ ក្នុង​ការ​បោសសំអាត​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​របស់​សហរដ្ឋអាមេរិក​។

អគ្គនាយក​រូប​នេះ បាន​ថ្លែង​ថា «​ខ្ញុំ​បាន​ទទួល​ការ​ណែនាំ និង​អនុសាសន៍​ពី សម្តេច​អគ្គមហាសេនា​ប​ធិ​តី​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​ដោយ​ផ្ទាល់ និង​សូម​ជំរាប​ជូន​កំលាំង​ស៊ី​ម៉ាក់ ដែល​កំពុង​ប្រ​តិ​ប​តិ្ត​ការ​ទាំងអស់ ដែល​ស្ថិត​ក្រោម​គំរោង​គាំទ្រ ដោយ​ថវិកា​អា​មេ​រិ​ក​ជ្រាប​ថា កំលាំង​ទាំងអស់​នឹង​ត្រូវ​រក្សា​ឲ្យ​បន្ត​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​ដដែល ដោយ​រាជរដ្ឋាភិបាល​រួម​ជាមួយ​ដៃគូ​ដទៃ​ទៀត នឹង​ដាក់​ថវិកា​ជំនួស ថវិកា​របស់​អា​មេ​រិ​ក​ដែល​បាន​កាត់​ផ្តាច់​នេះ ចាប់ពី​ដើម​ខែមករា ឆ្នាំ​២០១៨​តទៅ​»។
នៅ​ព្រឹក​នេះ ដំណឹង​យប់មិញ មិន​អាច​រក​ការ​សុំ​អត្ថា​ធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេ ពី​មន្រ្តី​ស្ថាន​ទូត​​អាមេរិក​ប្រចំា​ប្រទេស​ខ្មែរ ៕