កម្មករ​​ធ្វើ​​ត្រី​​ប្រហិត​​ស្រវឹង​​ចាក់​​សម្លាប់​​ខ្លួន​ឯង ហូរ​ឈាម​ជោគ​ជាំ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​

ខេត្ត​សៀមរាប៖ កម្មករ​​ស៊ី​​ឈ្មួ​ល​​ធ្វើ​​ប្រហិត​​ត្រី ត្រូវ​ជា​​កូន​ធម៌​​ម្ចាស់​ផ្ទះ​​ស្រវឹង​​ខួប​​ជា​រៀង​រាល់​ថ្ងៃ ប៉ង​​សម្លាប់​​ខ្លួន​​ជា​​ច្រើន​​ដង​​តែ​​មិន​​បាន​​សម្រេច ម្ដង​នេះ​​ខណៈ​​អត់​​មាន​​ត្រី​​ធ្វើ​​ប្រហិត​​ហើយ​​អត់​មាន​​មនុស្ស​​នៅ ក៏​​យក​​កូន​កាំបិត​​ចិត​បន្លែ​​មក​ចាក់​​ពោះ និង​​ចាក់​​បំពង់​ក បណ្តាល​​ឱ្យ​​ហូរ​ឈាម​​ជោគ​​ជាំ​​នៅ​​នឹង​​កន្លែង​​ធ្វើ​​ត្រី បង្ក​​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​ពេញ​​ភូមិ និង​​សមត្ថកិច្ច​​មូល​ដ្ឋាន​ផង​​ដែរ​ ។ ហេតុ​ការណ៍​​ចាក់​​សម្លាប់​​ខ្លួន​​គួរ​​ឱ្យ​រន្ធត់​​នោះ​​បាន​​កើត​ឡើង​នៅ​​​ក្នុង​​បរិ​វេន​​ផ្ទះ​​ធ្វើ​ប្រហិត​​ត្រី កាល​ពី​​វេលា​​ម៉ោង​​១​​និង​​៤០​​នាទី​រសៀល​ថ្ងៃ​​ទី​​៦ ខែ​វិច្ឆិកា ឆ្នាំ​​២០១៧​ ក្រុម​​ទី​​១៤ ភូមិ​ធ្លក​អណ្តូង សង្កាត់​​ស្ល​​ក្រាម ក្រុង​​សៀម​រាប​។

ជន​​រង​គ្រោះ​​ដែល​​ជា​​កូន​ធម៌​​ម្ចាស់ផ្ទះ​​នោះ​មាន​ឈ្មោះ សែន ចំរើន ភេទ​​ប្រុស អាយុ​​២៩​​ឆ្នាំ ស្នាក់​​នៅ​​ជា​មួយ​​ម្ចាស់​ផ្ទះ ក្នុង​ភូមិ​​ធ្លក​​អណ្តូង សង្កាត់​​ស្ល​​ក្រាម ក្រុង​​សៀម​រាប​។

តាម​​សាក្សី​​អ្នក​​ឃើញ​​ហេតុ​ការណ៍​​ជា​​កម្មករ​​ធ្វើ​ត្រី​​ដូច​​គ្នា​មាន​ឈ្មោះ រុំ រ៉ា ភេទ​ស្រី អាយុ​​១៧​​ឆ្នាំ មាន​ស្រុក​​កំណើត​​នៅ​​ទន្លេ សង្កាត់​​ចុង​​ឃ្នៀស ក្រុង​​សៀមរាប ទើប​​មក​​ស៊ី​​ឈ្មួ​ល​​ធ្វើ​​ត្រី​​ប្រហិត​នេះ​បាន​​ប្រាប់​​ថា​ មុន​​ពេល​​កើត​ហេតុ នាង​​បាន​ដើរ​ទៅ​​លាង​ដៃ​​ដែល​​ទើប​​ហូប​​បាយ​​រួច ស្រាប់​តែ​​ប្រទះ​​ឃើញ​​ពូ​​ម្នាក់​​ដែល​​ធ្លាប់​​ធ្វើ​​ត្រី​​ជា​មួយ​ពួក​​ខ្ញុំ​​បាន​​ស្លាប់ រួច​​នាង​​ខ្ញុំ​​ក៏​​រត់​​មក​​ប្រាប់​​អុំ​​ប្រុស​ម្ចាស់​ផ្ទះ ដើម្បី​​ឱ្យ​​ជួយ​​​ហៅ​​សមត្ថ​កិច្ច​អន្តរាគ​ម​ន៍​​​ផង​ ។

តាម​​ប្រភព​​ពី​​សមត្ថកិច្ច​​បាន​​ប្រាប់​​នៅ​​កន្លែង​កើត​ហេតុ​​ថា មុន​​ពេល​​កើត​ហេតុ​​សព​​ជន​​រង​គ្រោះ​​ដែល​​ចាក់​​សម្លាប់​​ខ្លួន​ឯង​​នោះ ត្រូវ​​បាន​ជា​កូន​ធម៌​​​ម្ចាស់​ផ្ទះ​​ឈ្មោះ ជូ ចាន់​ណូ ភេទ​ប្រុស​អាយុ​​៥៤​​ឆ្នាំ និង ប្រពន្ធ​​ឈ្មោះ ឆេ​ង ណា​វី អាយុ​​៤៦​​ឆ្នាំ មុខរបរ​​ជា​​ថៅ​កែ​​ប្រហិត​ត្រី បាន​យក​​ក្មេង​​មក​​ចិញ្ចឹម​ប្រុស​​ស្រី​ចំនួន​​៣​​នាក់ ដូច​ជា​​កូន​បង្កើត ព្រោះ​​យក​​មក​​ចិញ្ចឹម​​តាំង​ពី​​ពួក​គេ​​អាយុ​​ជាង​​១០​​ឆ្នាំ ដើម្បី​​ជួយ​​ឱ្យ​ធ្វើ​​ប្រហិត​​ត្រី​។

ក្រោយ​​ពេល​​ធ្វើ​​កោសល្យ​​វិ​ច្ឆ័​យ​​នៅ​​លើ​​ដង​ខ្លួន​ជន​​រង​​គ្រោះ​​រួច​​មក កម្លាំង​​ជំនាញ​​បាន​សន្និដ្ឋា​ន​​ថា សព​​ជន​រង​​គ្រោះ​​ពិត​ជា​​ស្លាប់​​ដោយ​សារ​ចាក់​​សម្លាប់​​ខ្លួន​ឯង​​ពិត​ប្រាក​ដ​មែន ពុំ​​មែន​​ជា​ករណី​​ឃាតកម្ម​​អ្វី​​នោះ​​ទេ​។ សព​​ជន​​រង​​គ្រោះ ត្រូវ​​បាន​​សមត្ថកិច្ច​​បាន​​ធ្វើ​ការ​​ប្រគល់​​ឱ្យ​ម្ចាស់​ផ្ទះ យក​​ទៅ​​ធ្វើ​បុណ្យ​​តាម​​ប្រពៃណី​​ ៕