អាណិត​ណាស់! ស្ត្រី​ម្នាក់​ត្រូវ​គេ​រឹត.ក សម្លាប់​ក្នុង​បន្ទប់ ទាំង​អាក្រាត​កាយ

រាជធានី​ភ្នំពេញ៖ ស្ត្រី​ជា​អ្នក​ម៉ាស្សា​ម្នាក់ ត្រូវ​បាន​ស្ត្រី​​ម៉ាស្សា​ដូចគ្នា​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ​ក្នុង​បន្ទប់​ផ្ទះ​ម៉ាស្សា​មួយ​កន្លែង យីហោ ” ពេញចិត្ត ” ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​ចំការមន បង្ក​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​១៤ និង​០០​នាទី រសៀល​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧។

ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ឆន ធឿន អាយុ​៣៣​ឆ្នាំ មុខរបរ​នារី​ម៉ាស្សា ស្នាក់​នៅ​កន្លែង​កើតហេតុ មាន​ស្រុក​កំណើត​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ បច្ចុប្បន្ន​នាង​មាន​កូន​៣​នាក់​ក្នុង​បន្ទុក ដែល​កំពុង​រស់​នៅ​ជាមួយ​ប្តី ដែល​ជា​អ្នក​ចំការ នៅឯ​ស្រុក​កំណើត​ខាងលើ។

តាម​ប្រភព​ព័ត៌មាន ពី​ស្ត្រី​២​នាក់​ដែល​ជា​អ្នក​បម្រើការ​នៅ​កន្លែង​កើតហេតុ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​គឺ​ស្នាក់​នៅ​កន្លែង​កើតហេតុ ជា​អចិន្ត្រៃយ៍ ដោយឡែក​នាង​ទាំង​២​នាក់​ពុំ​ស្នាក់​នៅ​ជាមួយ​ឡើយ ពោល​ម៉ោង​១ ទៅ​២​រសៀល ទើប​ពួក​នាង​មក​ធ្វើការ នៅ​ចំណុច​កើត​ហេតុ ហើយ​វេលា​ម៉ោង​៩​យប់ ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ពួក​គេ​បន្ត​ថា លុះ​មក​ទល់​វេលា​រសៀល​ថ្ងៃខែ​កើត​ហេតុ ពួក​នាង​ទាំង​២​បាន​មក​ដល់ ឃើញ​ទ្វារ​ផ្ទះ​ត្រូវ​បិទ តែ​ពុំ​មាន​ចាក់​សោ​ពី​ក្រៅ​នោះ​ទេ។ ភ្លាមៗ​នោះ ពួក​នាង​ក៏​ទាញ​ទ្វារ​ចូល​ទៅ​ខាង​ក្នុង​ផ្ទះ ហើយ​បើក​ទ្វារ​ចូល​ទៅ​មើល​បន្ទប់​ជាន់​ក្រោម ស្រាប់​តែ​ប្រទះ​ឃើញ​ស្ត្រី​រងគ្រោះ ដេក​ទាំង​សម្រាត​កាយ និង​មាន​កន្សែង​រឹត.ក ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ស្លន់ស្លោ រត់​ទៅ​រាយការណ៍​ជូន​នគរបាល​មូលដ្ឋាន​ឲ្យ​ចុះ​អន្តរាគមន៍ ទាំង​មិន​ដឹង​ថា​ស្ត្រី​រងគ្រោះ នៅ​រស់ ឬ​មួយ​ក៏​ស្លាប់។

បន្ទាប់​ពី​មាន​ការ​ភ្ញាក់ផ្អើល កម្លាំង​នគរបាល​មូលដ្ឋាន និង​ខណ្ឌ រួម​ជាមួយ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ ដើម្បី​ពិនិត្យ​ទីតាំង​កើតហេតុ។ មន្ត្រី​សមត្ថកិច្ច បញ្ជាក់​ថា សព​ត្រូវ​ស្លាប់​ទាំង​សម្រាត​កាយ ដោយ​ផ្នែក​.ក ត្រូវ​រឹត​តឹង​ដោយ​ខ្សែ​ដែក​ហាល​សម្លៀកបំពាក់ រួម​ជាមួយ​កូន​កន្សែង​ធំ​ល្មម រឹត​យ៉ាង​ខ្លាំង។ ជា​ជំហាន​ដំបូង សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម ដោយ​សង្ស័យ​ថា ជន​សង្ស័យ​ធ្វើ​សកម្មភាព​រំលោភ​ហើយ រឹត.ក សម្លាប់​បំបិត​មាត់​តាម​ក្រោយ។

ស្ត្រី​ជា​បង​ជន​រងគ្រោះ មាន​ឈ្មោះ ឆន ធន អាយុ​៣៧​ឆ្នាំ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃខែឆ្នាំ​ខាង​លើ ស្ត្រី​ជា​ប្អូន​បាន​ទូរស័ព្ទ​មក​ខ្លួន សួរ​ថា មក​ពី​ស្រុក​កំណើត​វិញ ឬ​នៅ? ព្រោះ​ស្ត្រី​ជា​បង​ទៅ​លេង​ស្រុក​តាំង​ពី​ថ្ងៃទី​០៣​មក​ម្ល៉េះ។ ពេលនោះ​ស្ត្រី​ជា​បង​ប្រាប់​ថា ចេញ​ទៅ​ព្រឹក​នេះ​ហើយ លុះ​វេលា​ម៉ោង​២​រសៀល ក៏​មាន​ទូរស័ព្ទ​ពី​សមត្ថកិច្ច​ប្រាប់​ថា ប្អូន​ស្រី​ស្លាប់​តែ​ម្តង។

ស្ត្រី​ជា​បង​ជន​រងគ្រោះ បន្ត​ថា ជា​រៀងរាល់​ថ្ងៃ នាង និង​ប្អូន​ស្រី​ធ្វើការ​ម៉ាស្សា​នៅ​ទីតាំង​កើតហេតុ លុះ​វេលា​យប់​ឡើង នាង​ទៅ​ស្នាក់​នៅ​ផ្ទះ​ជួល​ជា​មួយ​ប្តី​នៅ​ម្តុំ​លូ​៥ ដោយ​អោយ​ស្ត្រី​រងគ្រោះ​ជា​ប្អូន​សម្រាក​តែ​ម្នាក់ឯង មក​ជាង​៦​ខែ​ហើយ គិត​ចាប់​តាំង​ពី​គេ​ធ្វើការ​មក។ ហើយ​កន្លង​មក​ប្អូន​ស្រី​ខ្លួន​ក៏​ពុំ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​បុគ្គល​ណា​នោះ​ដែរ៕