យក​រថយន្ដ​ទៅ​ជួស​ជុល ពេល​ឃើញ​​រថយន្ដ​ម្ចាស់​ស្ទើ​ក្អូត​ឈាម

ភ្នំពេញ៖ ជាង​ជួស​ជុល​រថយន្ត​ម្នាក់​ចេះ​បើក​រថយន្ត​មិន​ស្ទាត់​ផង បន្ទាប់ពី​ធ្វើ​ការ​ជួស​ជុល​រថយន្ត​ម៉ាក​កាម​រីគូទ​ប៉ោង​១​គ្រឿង​ដែល​ម្ចាស់​គេ​យក​ទៅ​ឲ្យ​ធ្វើ​ការ​ជួស​ជុល ក៏បា​ន​ឡើង​បើក​បរ​សាក​មើល ដោយ​បាន​បើក​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​។​បន្ទប់​មក​បាន​ជ្រុល​ទៅ​បុករះ​រថយន្ត​ម៉ាក​កាមរី​បាឡែន​២​គ្រឿង​រួម​ជា​មួយ​ម៉ូតូ​១​គ្រឿង​ជា​បន្ត​បន្ទាប់ និង​បាន​អូស​ម៉ូតូ​នោះ​ជា​ច្រើន​ម៉ែត្រ​ថែម​ទៀត​។​ប៉ុន្តែ​ជា​សំណាង​ល្អ​មិន​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឬ​ក៏​ស្លាប់​នោះ​ឡើយ ចំណែក​រថយន្ត​បង្ក​នោះ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ផ្ទុះ​កំហឹង នាំគ្នា​ព្រួត​វាយ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​ស្ទើរ​តែ​ទាំង​ស្រុង ។

គ្រោះ​​ថ្នាក់​ចរាចរ​ខាង​លើ​នោះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០​១៧ នៅ​លើ​កំណាត់​ផ្លូវ​វ៉េង​ស្រេង ត្រង់​ចំណុច​ជិត​ភ្លើង​ស្តុប​កែង​ផ្លូវ​ទួល​ពង្រ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​កាម​រី​គូទ​ប៉ោង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-5128​បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ជា​ជាង​ជួស​ជុល​រថយន្ត នៅ​យាន​ដ្ឋាន​មួយ​ស្ថិត​នៅ​តាម​ផ្លូវ​វ៉េងស្រេង​នោះ​ដែរ​ ហើ​យ​នៅ​មុន​ពេល​កើត​ហេតុ ជាង​ជួស​ជុល​រថយន្ត​ម្នាក់ បាន​បើក​សាក​ល្បង​មើល​បន្ទាប់​ពី​ការ​ជួស​ជុល​រួច។ ដោយ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើត​ហេតុ ក៏​បាន​ជ្រុល​ទៅ​បុក​រះ​ពី​ក្រោយ​រថយន្ត​ម៉ាក​កាមរី​បាឡែន​១​គ្រឿង​ពណ៌ស្ក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-​6133​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ។ បន្ទាប់​មក​អ្នក​បើកបរ​រថយន្ត​នេះ​មិន​បាន​ឈប់​ទេ បាន​បើក​រ៉ឺយែថយ​ក្រោយ​បន្តិច​រួច​បាន​បើក​រត់​ទៅ​មុខបន្ត​ទៀត ហើយ​ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​មុខ​សួន​ឧស្សាហ៍​កម្ម​កាណាឌីយ៉ា ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ បាន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាកកាមរី​បាឡែន​១​គ្រឿង​ផ្សេង​ទៀត​មិន​ចាំ​ស្លាក​លេខ បណ្ដាល​ឲ្យរង​ការ​ខូច​ខាត​ទៀត​ ។

បន្ទាប់​មក​កម្លាំង​នគរបាល ប៉ុស្ដិ៍​ចោមចៅ​២​និង​នគរបាលចរាចរ​ខណ្ឌពោធិ៍សែនជ័យ​ចុះ​ទៅ​ដល់​សម្រួល​ចរាចរ​មិន​ឲ្យ​មាន​ការ​កក​ស្ទះ​រួច​បាន​រាយការ​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំយក​រថយន្ត​ទាំង​នោះ​ទៅ​រក្សាទុក​រង់ចាំការ​ដោះ​ស្រាយ​គ្នា​តាម​ច្បាប់ ៕