ប្ដី​ស្ត្រី​រងគ្រោះ ធ្លាក់​ទើរ​សព​នៅ​ជាន់​ទី​៥​រៀបរាប់​ថា​…

រាជធានី​ភ្នំពេញ៖ ​ស្ដ្រី​ដែល​មាន​កូន​ក្នុង​ពោះ​៥​ខែ ធ្លាក់​ពី​លើ​អាគារប្រហែល​ជាន់​១០ មក​ទើរ​នៅ​​ជាន់​ទី​៥ នៃ​​អាគារ​​មួយ​​កំពុង​សាងសង់ដែល​​ស្ថិត​​នៅ​​ផ្លូវ ១៦៧ សង្កាត់​ទួល​ទំពូង ខណ្ឌ​​ចំការ​មន។ ហេតុការណ៍​ភ្ញាក់​ផ្អើល​​នេះ​បាន​​កើត​ឡើង​​នៅ​វេលា​​ម៉ោង ប្រហែល ៥ និង​៣០​នាទី ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ​២០១៧។

ស្ដ្រី​ដែល​ស្លាប់​មាន​ឈ្មោះ ឡុង ញ៉ាញ អាយុ​២៥​ឆ្នាំ​មុខរបរ កម្មករក្នុង​ការដ្ឋាន ស្នាក់​នៅ​ក្នុង​ការដ្ឋាន មាន​ស្រុកកំណើត​នៅ​ស្រុក​បាភ្នំ ខេត្ដ​ព្រៃវែង​មាន​កូន ២​នាក់​ទាំង​ក្នុង​ពោះ។ ដោយឡែក​ប្ដី​មាន​ឈ្មោះ ប៊ុន អូន អាយុ​២៥​ឆ្នាំ​មុខរបរ​កម្មករ ស្នាក់​នៅ​ជាមួយ​គ្នា មាន​ស្រុកកំណើត​នៅ​ភូមិ​អូរន់ ឃុំ​អូរន់ ស្រុក​បឹង​កេក ខេត្ដ​កំពង់ចាម។

បើ​តាម​សម្ដី​ប្ដី​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​អង្គុយជាមួយ​ប្រពន្ធ (ស្ដ្រី​រងគ្រោះ) នៅ​ក្នុង​ការដ្ឋាន​ដែល​ជា​កន្លែង​ធ្វើការបាន​ប្រហែល​កន្លះ​ម៉ោង ខ្លួន​បាន​សុំ​ប្រពន្ធ​ឡើង​ទៅ​លើ​ការដ្ឋានជាន់​ទី​១០ ដើម្បី​មើល​ឥដ្ឋ ខ្សាច់ និង ស៊ីម៉ងត៍ ដែល​គេ​ទុក​រៀប​ការ៉ូ ពេល​គាត់ ដែល​គាត់​កំពុង​មើល ឥដ្ឋ ខ្សាច់ និង ស៊ីម៉ងត៍ នោះស្រាប់តែ​ឮ​សម្លេង​កន្ដ្រក​យន្ដ​ឡើង តែ​ពេល​នោះ​ខ្ញុំ​មិន​បាន​ដើរ​ទៅមើល​ទេ ក្រោយ​មក​បាន​ប្រហែល​បន្ដិច ខ្ញុំ​បាន​ឮ​ប្រពន្ធ​ខ្ញុំ​ហៅ​ថា អា​អូន នៅ​ណា ភ្លាម​នោះ​ខ្ញុំ​មិន​បាន​ឆ្លើយតប​វិញ​ទេ បន្ទាប់​មក​ខ្ញុំ​បានឮ​សូរ​ទាំង​ចេញ​ពី​កន្ដ្រក​យន្ដ ​ខ្ញុំក៏​ដើរ​មក​មើល ​ស្រាប់​តែឃើញ​ប្រពន្ធខ្ញុំ​ទើរ​លើ​ដែក​អន្ទារ ដល់​ជាន់​ទី​៥ ហើយចេញ​ហូរ​ឈាម​ចុះ ​ដល់ដី ឃើញ​បែប​នេះ​ខ្ញុំ​បាន​ស្រែក​ហៅ​ឲ្យ​គេ​ជួយ តែ​មិន​ដឹង​ជួយ​ធ្វើ​យ៉ាងម្ដេច ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាមៗ​តែម្ដង។

ក្រោយ​មក​សមត្ថកិច្ច​ជំនាញ​មក​ដល់​កន្លែង​កើតហេតុ​និង​បានដាក់​ស្ដ្រី​រងគ្រោះ​ចុះ​មក​ពី​ជាន់​ទី​៥ ដើម្បី​ធ្វើ​កោសល្យ​វិច្ឆ័យ​លើ​សាកសព រួច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ទាំង​ម្ដាយ​និងកូន​ក្នុងពោះ៕