Live វីដេអូ បកស្រាយបន្ថែមទៀត រឿងគ្រូបាលីដេកជាមួយស្រីស្នេហ៍ក្នុងកុដិ
|រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ព្រះសង្ឃទីប្រឹក្សា ព្រះគុណម្ចាស់ ហោ សុខុន ព្រះគ្រូចៅអធិការវត្តច្បារអំពៅ បានឡាយវីដេអូក្នុងគណនីហ្វេសប៊ុកផ្ទាល់ព្រះអង្គ ដើម្បីបកស្រាយ រឿងគ្រូភាសាបាលី នៅវត្តច្បារអំពៅ នាំស្រីស្នេហ៍ទៅដេកជាមួយនៅក្នុងកុដិ។ នៅក្នុងវីដេអូឡាយនោះ មានទាំងសាមីជនទាំងពីរ នៃព័ត៌មានបែកធ្លាយនោះ គឺ គ្រូភាសាបាលី ព្រះគុណម្ចាស់ យិន វ៉ាយ និង នាង ហ៊ាន លាងហ័ង និងបុរសម្នាក់ដែលត្រូវជាបងប្រុសបង្កើតរបស់សាមីជនខាងស្រីផង។
ក្នុងវីដេអូ Live ព្រះគុណម្ចាស់ ហោ សុខុន មានដីកាថា នោះជាព័ត៌មានមិនពិតដែលត្រូវបានកាត់តដោយផេកមួយ ដែលមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះវត្តច្បារអំពៅ ជាពិសេស ព្រះគុណម្ចាស់ម្ចាស់ផ្ទាល់ព្រះអង្គ ព្រោះគេគិតថា ធ្វើឲ្យខូចឈ្មោះព្រះសង្ឃក្នុងវត្ត នឹងធ្វើឲ្យខូចឈ្មោះវត្តបានដូចគ្នា។ ចំណែកព្រះគុណម្ចាស់ យិន វ៉ាយ និងសាមីខ្លួនខាងស្រី គ្រាន់តែជាអ្នករងគ្រោះ រងអយុត្តិធម៌តែប៉ុណ្ណោះ។
ព្រះគុណម្ចាស់ថា មិនជួយព្រះសង្ឃដែលខិលខូចទេ តែលុះតាតែជាការពិត ព្រះគុណម្ចាស់ម្ចាស់នឹងចាត់ការទៅតាមច្បាប់ បើទោះជាព្រះសង្ឃក្នុងវត្ត ជាសិស្សព្រះគុណម្ចាស់ក៏ដោយ តែបើលោកមិនខុស ហើយចង់ធ្វើបាបលោក សូមឲ្យរំលងសពព្រះគុណម្ចាស់សិន។ ព្រះគុណម្ចាស់បានសំណូមពរឲ្យប្រភពដើមដែលយកព័ត៌មានយកភស្តុតាងមកជួបសួរដេញដោលគ្នាជាសាធារណៈ ជាមួយសាមីខ្លួនទាំងពីររូប និង ព្រះគុណម្ចាស់ព្រះគ្រូចៅអធិការវត្តផង បើម្ចាស់ផេក ក្លាហាន។
ចំណែក សាមីខ្លួនទាំងពីរបានបដិសេធ ថានោះមិនមែនជាការពិត។ ព្រះគុណម្ចាស់ យិន វ៉ាយ បានមានសង្ឃដីកាសារភាពថា បានស្គាល់សាមីជនខាងស្រី នាង ហ៊ាន លាងហ័ង មែន តែត្រឹមតែមិត្តរួមថ្នាក់រៀនជាមួយគ្នា ប៉ុណ្ណោះ។ ចំណែកនាង លាងហ័ង បានសារភាពថា ក្នុងរូបនោះ ជាមុខរបស់នាងមែន តែដៃ ជើង សក់ និងផ្សេងទៀត មិនមែនជារូបរបស់នាងទេ គឺគេយកតែមុខនាង ទៅកាត់តដាក់ដងខ្លួនអ្នកផ្សេង។
ព្រះគុណម្ចាស់បានសំណូមពរឲ្យម្ចាស់ផេកកែតម្រូវព័ត៌មាន និងសុំទោសជាសាធារណៈ ចំពោះព័ត៌មានដែលបានចុះផ្សាយដែលខុសឆ្គងនោះ ព្រះគុណម្ចាស់នឹងលើកលែងទោសឲ្យមិនប្រកាន់ទោសអូសដំណើរតទៀតទេ។ ព្រះគុណម្ចាស់បានមានដីកាព្រមានធ្ងន់ៗថា បើម្ចាស់ផេកមិនកែតម្រូវព័ត៌មានខុសឆ្គងនេះទេ ព្រះគុណម្ចាស់ម្ចាស់នឹងចាត់វិធានការផ្លូវច្បាប់លើបុគ្គលម្ចាស់ផេកឲ្យខានតែបាន ហើយបើចាំព្រះអង្គចាត់វិធានការតាមច្បាប់ហើយទោះសុំទោសក៏យឺតពេលដែរ បើសុំទោស សូមធ្វើឲ្យបានលឿន។ ព្រះគុណម្ចាស់បានបញ្ជាក់ថា ព្រះគុណម្ចាស់ម្ចាស់មិនមែនពូជអ្នកលេងទេ តែជាពូជអ្នកមែន និងជាព្រះសង្ឃដែលមានបញ្ញាបារមី។
ដើម្បីឲ្យកាន់តែពិស្ដារ សូមទស្សនាវីដេអូ Live ដូចខាងក្រោម៖