បញ្ជូន​ខ្លួន​ជន​សង្ស័យ​៤​នាក់ ពាក់​ព័ន្ធ​ហ្គេម​បាញ់​ត្រី នៅ​ខណ្ឌ​ច្បារ​អំពៅ ទៅ​តុលា​ការ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០​១៧​នេះ សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ បាន​បញ្ជូន​ខ្លួន​ស្ត្រី​មេ​ការ​ហ្គេម​បាញ់​ត្រី និង​បុរស ៣នាក់​ដែល​ពាក់​ព័ន្ធ​ទៀត​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​រួម​មាន៖
-ទី១ឈ្មោះ ស៊ុន សុភី ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ អ្នក​មើល​ការ​ខុស​ត្រូវ​ហ្គេម​បាញ់​ត្រី ស្នាក់​នៅភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារ​អំពៅ​ទី១ ខណ្ឌ​ច្បារ​អំពៅ ។
-ទី​២​ឈ្មោះទូច រិទ្ធីយ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ​លក់​នំ​ប៉ាវ ស្នាក់​នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំ​ពៅ ។
-ទី​៣​ឈ្មោះ គង់ ឆវ័ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខ​របរ រត់​តុ​ការ ស្នាក់​នៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌច្បារអំពៅ។ និង​ទី​៤​ឈ្មោះ ហ្វាង យ៉ាំងណាំ ភេទប្រុស អាយុ​៣៩​ឆ្នាំ ជន​ជាតិ​វៀត​ណាម មុខ​របរ លក់​ស៊ុប ស្នាក់​នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

គួរ​រំលឹក​ថា កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០​១៧​កន្លង​ទៅ​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅបាន​ចុះ​បង្រ្កាប​ទី​តាំង​បើក​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ប្រភេទ ហ្គេម​បាញ់​ត្រី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេ​តុង ភូមិ​ជ្រោយ​បាសាក់​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

នៅ​ក្នុង​ពេល​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​ស៊ី​សង​នោះ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ ចំនួ​ន ៤​នាក់​ខាង​លើ​និង​ដក​ហូត​នូវ​វត្ថុ​តាង​រួម​មា​ន៖
-ទូហ្គេម​បាញ់​ត្រី​ចំនួន ២ទូ
-កង្ហារ ចំនួន ២គ្រឿង
-ទូរស័ព្ទដៃ ចំនួន ៦គ្រឿង
-កៅអី ចំនួន ៦
-លុយ ចំនួន ៦ម៉ឺនរៀល
-និងសៀវភៅកត់ ពង់ ចំនួន ១ក្បាល៕