គាំទ្រ​ទេ បើ​នាង​ខ្ញុង និង​នាយ កៃដ ទៅ​សម្ដែង​នៅ​សហរដ្ឋ ពេល​មក​វិញ​នឹង​រៀបការ​ធំដុំ

រាជធានី​ភ្នំពេញ៖ ក្រោយ​ពី​ប្រកាស​សែនព្រេន យក​គ្នា​ជា​ប្ដី​ប្រពន្ធ​រួច​មក តារា​កំប្លែង នាង ខ្ញុង និង​នាយ កៃដ បាន​ប្រឹងប្រែង​ចេញ​ច្រៀង​រាំ​រក​លុយ​រួមគ្នា​កាន់តែ​សស្រាក់សស្រាំ​ឡើង។ ពួក​គេ​ក៏​គ្រោង​ដឹកដៃ​គ្នា​ចេញ​ទៅ​សម្ដែង​លើកដំបូង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ហើយ ហើយ​ពួក​គេ​នឹង​រៀបចំ​មង្គលការ​ធំ​ដុំ​មួយ​ក្រោយ​ពី​បញ្ចប់​ការ​ច្រៀងរាំ​នៅ​ទីនោះ។

ក្រោយ​រួម​រស់​ជាមួយ​គ្នា ខ្ញុង​និង​នាយ កៃដ បាន​បន្ត​ការងារ​សិល្បៈ​កំប្លែង រួម​ទាំង​ពង្រីក​ការងារ​ទាក់ទិន​នឹង​សិល្បៈ​មួយ​ចំនួន​ទៀត ដូច​ជា​ក្រុម​តន្ត្រី​សម័យ និង​ទទួល​រៀបចំ​ធ្វើម្ហូប​ក្នុង​ពិធី​ផ្សេងៗ។ ចំណង​ស្នេហ៍​នេះ​បាន​ធ្វើ​ឲ្យ​ដំណឹង​ស្នេហា​ជាមួយ​នាយ​ពាក់មី​បាន​បញ្ចប់ ហើយ​ពួក​គេ​បាន​ប្រកាស​ថា​មិន​រំលឹក និង​ប្រកាន់​រឿង​អតីតកាល​កន្លង​ទៅ​ទេ។

នាយ​កៃដ បាន​អះអាង​ថា នាយ​ស្រលាញ់​អ្នកនាង​ខ្ញុង យ៉ាង​ពិត​ប្រាកដ ទើប​សម្រេច​ចិត្ត​ចាប់ដៃ​កសាង​សុភមង្គល​រួមគ្នា ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ នាយ​គ្រោង​រៀបការ​ជា​ទ្រង់ទ្រាយ​ធំ​នា​ពេល​ខាង​មុខ​ទៀត​ផង។ លោក​ថា​ពេល​នេះ​លោក និង​ភរិយា​កំពុង​ដុតដៃដុតជើង​រក​លុយ​សិន បើ​ទោះ​បី​ជា​មាន​ជម្រក​រួមគ្នា​ទៅ​ហើយ​ក្តី ហើយ​ឆាប់ៗ​នេះ​លោក និង​ភរិយា​ក៏​គ្រោង​ចេញ​ទៅ​សម្ដែង​រួមគ្នា​លើក​ដំបូង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។ ចំណែក​រឿង​មង្គលការ​ធំដុំ​អាច​នឹង​ធ្វើ​ក្រោយ​ពេល​វិល​ពី​អាមេរិក។

គួរ​បញ្ជាក់​ដែរ​ថា ចំណង​ស្នេហា​រវាង នាយ កៃដ និង​នាង ខ្ញុង បាន​បង្កើត​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ក្រោយ​ពី​ពួកគេ​បាន​ទម្លាយ​រឿង​សែន​ព្រេន​ទទួល​យក​គ្នា​ជា​ប្តីប្រពន្ធ។ ការ​ទទួល​យក​គ្នា​នេះ ក្រោយ​ពេល​នាយ​កៃដ​បែក​បាក់​ភរិយា​អស់​ជាង​២​ឆ្នាំ និង​ក្រោយ​ពី​ចំណង​ស្នេហ៍​ក្រៅ​ឆាក​របស់​នាង​ខ្ញុង និង​ពាក់​មី​ត្រូវ​បាន​បញ្ចប់៕