ជិះ​ម៉ូតូ​មិនប្រយ័ត្ន​ជ្រុល​បុក​រថយន្ដ​ចតចោល​បាក់.ក​ស្លាប់​ភ្លាម​ៗ

ភ្នំពេញ៖ បុរស​ជា​បុគ្គលិក​បើកបរ​រថយន្ត​អង្គ​ការ​ម្នាក់​ខណៈ​ដែល​ចេញ​ពី​កម្មវិធី ផឹក​សុី​ស្រវឹង បោះ​ពួយ​ម៉ូតូ​ឥត​សន្សំ​ហ្គា លឿន​ជ្រុល​ទៅ​បុក​ពី​ក្រោយ រថយន្ត​យុី​ឌុប​ខូច​ចត​ស្ងៀម លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង កាល​ពីវេលា​ម៉ោង​១២​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ២០​១​៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ណ័​ប្រីដ ត្រង់​ចំណុ​ច​ភូមិ​ទ្រុង​មាន់ សង្កាត់​អូរបែក​ក្អម ខណ្ឌ​សែន​សុខ ។

ជន​រងគ្រោះ​ស្លាប់​ក្នុង​ហេតុ​ការណ៍​មាន​ឈ្មោះ យឹម អេងស្រ៊ី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ឲ្យ​អង្គ​ការ PSE «ដើម្បី​ភាព​ញញឹម​នៃ​កុមារ» ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ​មានស្រុក​កំណើ​ត​នៅ​ភូមិ​វិហារធំ ឃុំ​វិហារធំ ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SL ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ កណ្តាល1N-5338 ជា​មធ្យោបាយ ។ ចំណែ​ក​រថយន្ត ធន់ធំ យុីឌុប ពណ៌បៃតង ស ពាក់​ស្លាក់​លេខ​កំពង់ធំ 3A-0856 ដឹកអុស ខូច​ចត​ឈប់​លើ​ចិញ្ចើម​ផ្លូវ ពី​ជើង​ទៅ​ត្បូង អ្នក​បើក​បរ​មិន​ស្គាល់​ឈ្មោះ។ សូម​បព្ជាក់​ថា រថយន្ន​នេះ​មាន​ស្លាក​លេខ​ខាងមុខ​និង​ខាង​ក្រោយ​ខុស​គ្នា។ ស្លាកលេខ​ខាង​ក្រោយ កំពង់ធំ 3A-​0886 ចំណែក​ស្លាកលេខ​ខាង​មុខ ព្រះសីហនុ 3A-0851។​

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ គេ​ឃើញ​រថយន្ត​យុី​ឌុប​ខាង​លើ ដឹក​អុស ខូច​ចត​ឈប់​ស្ងៀម​ចិញ្ចើម​ផ្លូវ ហើយ​មាន​ដាក់ ភ្លើង​សញ្ញា ប្រុង​ប្រយ័ត្ន ដាក់​មែក​ឈើ សំគាល់ ស្រាប់​តែ​នៅ​វេលា​ម៉ោង​ខាង​លើ ជន​រង​គ្រោះ ដែល​ទើ​បនឹង​ចេញ​ពីកម្ម​វិធី​ជួប​ជុំមិត្ត​ភ័ក្រ​ផឹក​សុី នៅ​ម្តុំ​ផ្លូវ​២០០៤ បោះ​ពួយ​ម៉ូតូ​ល្បឿន​លឿន ឆាប់​ឲ្យ​ដល់​ផ្ទះ ដោយ​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង តែ​មិន​បាន​ដល់​ដូច​បំណង បែជា​ជ្រុល​ទៅ​បុក​ចូល​ពី​ក្រោយ​រថយន្ត ខាងលើ​បណ្តាល​ឲ្យ​បាក់​.ក ផុង​ក្បាល​ផ្នែក​ខាង​មុខ ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង។

ក្រោយ​កើត​ហេតុ សាក​សព​បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​ស្លាក​ស្នាម​រួច ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​ឯ​ស្រុក​កំណើត រីឯ​រថយ​ន្ត​និង​ម៉ូតូ ត្រូវ​បាន​នគរបាល​ជំនាញ​យក​ទៅ​រក្សា​ទុកនៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ក្រុង រង​ចាំ​ដោះ​ស្រាយ​ពេល​ក្រោយ ៕