ផ្តន្ទាទោស​ក្រុម​ចោរ AK ដែល​ប្លន់​សម្លាប់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដាក់​គុក​ម្នាក់​ពី​២០ទៅ​២​៣​ឆ្នាំ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០​១៧​នេះ ក្រោយ​ពី​បើក​សវនាការ​ជា​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧​នេះ លោ​ក ជា សុចាន់ដេត ប្រធាន​ក្រុម​ប្រឹក្សា​ចៅ​ក្រម​ជំនុំ​ជម្រះ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ៖
-ទី១ឈ្មោះ អ៊ី សោភ័ណ្ឌ ភេទប្រុស អាយុ​៣៣​ឆ្នាំ ទី​លំ​នៅ​ភូមិ​វត្ត​ភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ
-ទី​២ឈ្មោះ សួង ធី ហៅ ឪ (ធ្លាប់​ជាប់​គុក​រឿង លួច) ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ទីលំ​នៅ​ភូមិ​ទួល​រកា ឃុំ​ស្អាង​លើ ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចា​ម ដាក់​ពន្ធ​នាគារ​កំណត់រ​យៈ​ពេល​ក្នុង​ម្នាក់​ៗ ២៥​ឆ្នាំ
-ទី៣​ឈ្មោះ សួន ប៊ុនធឿន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ទីលំ​នៅ​ភូមិ​ដុំខ្វិត ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ
-ទី៤​ឈ្មោះ ស្វាយ តាក់ ភេទប្រុស អាយុ៣៩​ឆ្នាំ ទី​លំ​នៅ​ភូមិ​រាម​កណ្តាល ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ
-ទី៥ឈ្មោះ សាត ធីម ភេទប្រុស អាយុ៣៩ឆ្នាំ (ធ្លាប់​ជាប់​គុក រឿង​ដឹក​ឈើ​ខុស​ច្បាប់) ទីលំ​នៅ​ភូមិ​ទួល​តា​នាង ឃុំ​កែ​ស្រទាប់ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ
-ទី៦ឈ្មោះ អ៊ី បូរ៉ា ដាក់​ពន្ធនា​គារ​កំណត់​រយៈ​ពេល​ក្នុង​ម្នាក់​ៗ ២៣​ឆ្នាំ
-ទី៧​ឈ្មោះ អឿន សុផា ភេទប្រុស អាយុ ៣៣​ឆ្នាំ ទី​លំ​នៅ​ភូមិ​ថ្មី ឃំុ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ
-ទី៨​ឈ្មោះ មាស ធីម ភេទ​ប្រុស អាយុ ៣៥ឆ្នាំ (ធ្លាប់​ជាប់​គុក រឿង​ប្លន់) ទី​លំ​នៅ​ភូមិ​ប្រសប់ជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
​-និង​ទី​៩​ឈ្មោះ ហម ហាន ភេទប្រុស អាយុ ៤៥​ឆ្នាំ (ធ្លាប់​ជាប់គុក រឿងប្លន់) ទីលំ​នៅ​ភូមិ​ព្រៃ​រឹង សង្កាត់​ស្នោ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ​ដាក់​​ពន្ធនា​គារ​កំណត់​រយៈ​ពេល​ក្នុង​ម្នាក់​ៗ ២០​ឆ្នាំ​ពី​បទ អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​សារ​មរណ:​ភាព​នៃ​ជន​រង​​គ្រោះ ឈ្មោះ រី សុភាព ហៅ ប៉ន ភេទប្រុស អាយុ ៤៣ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ប្រព្រឹត្ត កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០​១៦ ចំណុច​ភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និងបទ ប៉ុន​ប៉ង​លួច (ប្លន់​ផ្ទះ​វេ​លុយ​វីង) ប្រព្រឹត្ត​កាល​ពី​យប់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០​១៧ នៅ​ចំណុច​ភូមិ​វត្ត​ស្លែង សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ យោង​តាម​មាត្រា​២៧ មាត្រា​​៣៥៣ មាត្រា​៣៥៧ និង​បទ​យោង​តាម​មាត្រា​៣៦០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

សាល​ក្រម​ដដែល​ក៏​បាន​បង្គាប់​ឱ្យ​ជន​ជាប់​ចោទ​ទាំង​អស់​រួម​គ្នា​សង​ទៅ​ដើម​បណ្ដឹង​ចំនួន ២០០០​ដុល្លារ និង​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ឈ្មោះ អ៊ី បូរ៉ា យក​ទៅ​អនុវត្ត​ទោស​ក្នុង​ពន្ធ​នាគារ​តាម​ច្បាប់ ។

នៅ​ក្នុង​សវនាការ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧​កន្លង​ទៅ ក្រុម​ជន​ជាប់​ចោទ បាន​ឆ្លើយ​ដូច​ៗ​គ្នា​ថា ឈ្មោះ ភ័ណ្ឌ ធំ ដែល​កំពុង​រត់​គេ​ខ្លួន​នោះ ជា​អ្នក​ផ្តើម​គំនិត​ប្លន់ និង​ជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ ជា​អ្នក​ភូមិ​រស់​នៅ​ក្បែរ​ផ្ទះ​កើត​ហេតុ ដែល​ព្យាយាម​ជួយ​គ្រួសារ​ជនរ​ង​គ្រោះ ។

ក្រុម​ជន​ជាប់​ចោទ​បន្ត​ថា ជន​ជាប់​ចោទ​ឈ្មោះ ហម ហាន ជា​អ្នក​រស់​នៅ​ជិត​ផ្ទះ​ជន​រង​គ្រោះ និង​ជា​អ្នក​ប្រមូល​ព័ត៌​មាន មុន​ពេល​ចូល​ទៅ​ប្លន់​នៅ​ផ្ទះ​ថៅ​កែ​លក់​ស្រូវ​នោះ ។ នៅ​ពេល​ដែល​ពួក​គេ​ប្លន់​នោះ បាន​​លុយ ៤០០​ដុល្លារ និង​គ្រឿង​អលង្ការ​មួយ​ចំនួន​ទៀត យក​ទៅ​លក់​បាន​១៧៥ដុល្លារ ដើម្បី​យក​លុយ​ចែក​គ្នា​ចាយ ។

នៅ​មុន​ពេល​ចេញ​ទៅ​ប្លន់​ពួក​គេ បាន​ប្រមូល​ម្តុំ​គ្នា​ផឹក​ស៊ី​នៅ​ភ្នំរាប សង្កាត់​ពញាពន់ ខណ្ឌ​ព្រែក​ព្នៅ ក្រោយ​មក​ទើប​នាំ​ជិះ​ម៉ូតូ ៣​គ្រឿង ប្រដាប់​ដោយ​អាវុធ AK៤៧ ៣​ដើម ទៅ​ប្លន់​ផ្ទះ​ជន​រងគ្រោះតែ​ម្តង ។​ដោយ​សារ​តែ​ប្លន់​បាន​ជោគ​ជ័យ​នៅ​យប់​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦​រួច ក្រុម​ពួក​គេ​បាន រៀប​គម្រោង​ចេញ​ប្លន់​នៅ​ផ្ទះ វេលុយ​វីង ម្តង​ទៀត ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​តែ​ម្តង ។

បើ​យោង​តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច ក្រៅ​ពី​ជន​ត្រូវ​ចោទ​ចំនួន​៨​នាក់​ខាង​លើ ដែ​ល​ត្រូវ​តំណាង​អយ្យការ​សម្រេច​ចោទ​ប្រកាន់​នេះ នៅ​មាន​បក្ខ​ពួក​ចំនួន ៣​នាក់​ទៀត ដែល​កំពុង​រត់​គេច​ខ្លួន​ទី​១​ឈ្មោះ ភ័ណ្ឌ ធំ ទី២ឈ្មោះ រ៉ា និង​ទី៣ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ ។

នៅ​យប់​កើត​ហេតុ​ក្រោយ​ពេល​ពួក​គេ​ប្លន់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​រួច ពួក​គេ​ដើរ​ទៅ​ចាំ​គ្នី​គ្នា​មក​ទទួល​នៅ​ម្តុំ​ភ្នំ​ត្មាត​ពង តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥១ នា​ខេត្ត​កំពង់​ស្ពឺ និង​សម្រាក​នៅ​ខេត្ត​កំពង់​ស្ពឺ​នៅ​ពេល​ថ្ងៃ ហើយ​ពេល​យប់​បាន​ត្រលប់​មក​ភ្នំពេញ​វិញ ។ សូម​បញ្ជាក់​ថា សំណុំ​រឿង​នេះ​ដើម​បណ្ដឹង និង​ជន​រងគ្រោះ មិន​បាន​ប្តឹង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​នោះ​ទេ ។

គួរ​រំលឹក​ថា ក្រុម​ជន​សង្ស័យ ៨នាក់​ខាង​លើ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃនាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជា​មួយ​ខណ្ឌ​ពោធិ​សែន​ជ័យ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧​កន្លង​ទៅ ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ប្លន់ បាញ់​សម្លាប់​ម្ចាស់​ផ្ទះ​លក់​ស្រូវ​មួយ​កន្លែង​នៅ​ភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ក្រោយ​មក​ពួក​គេ​បាន​រៀប​ចំ​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​វេលុយ​វីង នៅ​ភូមិ​វត្ត​ស្លែង សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ ប៉ុន្តែ​មិន​បាន​សម្រេច ក៏ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​តែ​ម្តង។ ក្នុងប្រតិបត្តិ​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​ដក​ហូត​បាន​កាំភ្លើង ម៉ាក AK៤៧ ចំនួន​៣​ដើម មាន​បង់​ចំនួន​៣​បង់ គ្រាប់​ចំនួន​៦១​គ្រាប់ ខោ​អាវ​ប៉ា​រ៉ា​ចំនួន ២ និង​សម្ភារ​មួយ​ចំនួន​ទៀ​ត៕