ទឹក​សៀង និង​ទឹក​ប្រេងខ្យង សរុប​ជាង​៩​តោន គ្មាន​អនាម័យ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប

រាជធានី​ភ្នំពេញ៖ ទីតាំង​ផលិត​ទឹក​សៀង ទឹកម្ទេស ទឹក​ត្រី​កោះកុង និង​ទឹក​ប្រេងខ្យង ១​កន្លែង នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដែល គ្មាន​ស្តង់ដារ (គ្មាន​អនាម័យ) អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ត្រូវ​បាន​កម្លាំង​ចម្រុះ​របស់​គណៈកម្មាធិការ​បង្ក្រាប​ផលិតផល​ក្លែងក្លាយ ចុះ​ឆែកឆេរ និង​បង្ក្រាប។

ហេតុការណ៍​នេះ​បាន​កើតឡើង កាល​ពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០១៧ នៅ​ទីតាំង​សិប្បកម្ម​យីហោ “ហូលាង” ស្ថិត​នៅ​ដីឡូត៍​លេខ​៣៤៤ ផ្លូវ​ហាណូយ (១០១៩) សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

តាម​មន្ត្រី​ចុះ​បង្ក្រាប​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​ខាង​លើ​ឈ្មោះ ប៊ួយ ហូ ដោយ​ទីតាំង​នេះ​ម្ចាស់​បាន​សុំច្បាប់​ផលិត​តែ​២​មុខ​ប៉ុណ្ណោះ ប៉ុន្តែ​លួច​ផលិត​ច្រើន​មុខ និង​គ្មាន​ស្តង់ដារ​ត្រឹមត្រូវ រួមមាន ទឹកសៀង ទឹកម្ទេស ទឹក​ត្រី​កោះកុង និង​ប្រេងខ្យង ដោយ​ពុំ​បាន​សុំ​ចុះ​បញ្ជី​ផលិតផល (ចបផ) ជាមួយ​ស្តង់ដារ​កម្ពុជា​ឡើយ។

ជាក់​ស្ដែង ក្រោម​កិច្ច​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​ផលិតផល ដែល​គ្មាន​ច្បាប់​អនុញ្ញាត សរុប​ប្រហែល​៩​តោន និង​បាន​បន្ត​យក​ទៅ​ពិសោធន៍ រក​មើល​សារធាតុ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី ។ ដោយ​ឡែក​ទីតាំង​ខាងលើ ត្រូវ​បាន​បិទទ្វារ បញ្ឈប់​ឲ្យ​ដំណើរ​ការ​បណ្ដោះ​អាសន្ន​ផង​ដែរ។

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នេះ ដឹក​នាំ​ដោយ លោក​ឧត្តម​សេនីយ៍ ទូច យុទ្ធា សហការ​ជាមួយ​សមត្ថកិច្ច​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ ដឹក​នាំ​ដោយ​លោក គង់ វុទ្ធី បាន​ឆ្មក់​ចុះ​ធ្វើការ​ពិនិត្យ សិប្បកម្ម​ផលិត​ទឹក​ម្ទេស មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ដីឡូ​លេខ ៣៤៤ តាម​បណ្តោយ​ផ្លូវ​លេខ ១០១៩ សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ ក្រោយ​ត្រួតពិនិត្យ​បញ្ជាក់​ឃើញ​ថា ពុំ​មាន​ច្បាប់​អនុញ្ញាត​នោះ​ឡើយ៕