លួច​លូក​ស្ទាប​ប្អូន​ថ្លៃ​ប្រពន្ធ នាង​ស្រែក​ផ្អើល​ប្រពន្ធ​កំពុង​ដេក​លក់

រាជធានី​ភ្នំពេញ៖ ជន​សង្ស័យ​០១​នាក់ ត្រូវ​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ទឹក​ល្អក់​ទី១ ខណ្ឌ​ទួលគោក​ឃាត់​ខ្លួន កាល​ពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល​០៧:៣០​នាទី ពី​បទ​បំពាន​ខាង​ផ្លូវភេទ​នារី​ម្នាក់​ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​ប្រពន្ធ​ខ្លួន (នារី​រងគ្រោះ​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន) ប្រព្រឹត្ត​កាល​ពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល ០២:៣៥​នាទី​រំលង អាធ្រាត្រ​នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៥៧ ផ្លូវ​បេតុង ក្រុម​ទី​៥៥ ភូមិ​១៥ សង្កាត់​ទឹក​ល្អក់​ទី១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

ជន​សង្ស័យ​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឈិន សុភ័ក្រ្ត ហៅ ភ័ក្រ្ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​ភូមិ​សង្កាត់​ខាង​លើ ។ ចំណែក​នារី​រងគ្រោះ អាយុ​១៩​ឆ្នាំ ជន​ជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​រត់​តុ ហាង​ម៉ារឌី​បឹង​កក់ ស្នាក់​នៅ​ផ្ទះ​ជួល​ជាមួយ​គ្នា។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ នារី​រង​គ្រោះ និង​ជន​សង្ស័យ រួម​និង​ប្រពន្ធ​ឈ្មោះ ចេង គុណថេត បាន​ដេក​នៅ​បន្ទប់​ជួល​លេខ​៥៧ រួមគ្នា ដោយ​ជន​សង្ស័យ និង​ប្រពន្ធ បាន​ដេក​នៅ​ជាមួយ​គ្នា ចំណែក​នារី​រង​គ្រោះ​ដេក​កន្លែង​ម្ខាង​តែឯង ដោយ​មាន​បិទ​វាំងនន ជា​ពីរ​សងខាង​សំរាប់​ទុក​ដេក រហូត​ដល់​ម៉ោង​ប្រហែល​០២:​៣៥​នាទី​រំលង​អាធ្រាត្រ ស្រាប់តែ​ជន​សង្ស័យ បាន​ធ្វើ​សកម្មភាព​បំពាន​ផ្លូវ​ភេទ​លើ នារី​រងគ្រោះ ដោយ​យក​ដៃ​ច្របាច់​.ក នារី​រងគ្រោះ​កុំ​ឲ្យ​ស្រែក ហើយ​យក​ដៃ​សម្រាត​ខោ​រួច​បៀតបៀន​លើ​ភេទ​នាង តែ​ជន​រងគ្រោះ​ក៏​បាន​ស្រែក​ឲ្យ ប្រពន្ធ​ជន​សង្ស័យ ជា​បង​ស្រី​សាច់​ថ្លៃ​ជួយ ទើប​បាន​បើក​វាំងនន​ឃើញ​ប្ដី​របស់​ខ្លួន​កំពុង​បៀតបៀន​ផ្លូវ​ភេទ ពេល​នោះ​ប្រពន្ធ និង ជន​សង្ស័យ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា។ ឯ​នារី​រងគ្រោះ និង​ប្រពន្ធ​ជន​សង្ស័យ​បាន​ដេញ ជន​សង្ស័យ ឲ្យ​ចេញ​ពី​បន្ទប់ លុះ​មក​ដល់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល ៧:៣០​នាទី​ព្រឹក ទើប​នារី​រងគ្រោះ​មក​ប្ដឹង សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ទឹក​ល្អក់​ទី​១។

សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​សង្ស័យ​ឈ្មោះ ឈិន សុភ័ក្រ្ត ហៅ ភ័ក្រ្ត មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក ចាត់​ការ​តាម​ផ្លូវ​ច្បាប់។

បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក ដើម្បី​ធ្វើ​ការ​សាកសួរ និង​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវ​ច្បាប់៕