កម្មការិនី​​រោង​ចក្រ​​ម្នាក់ បាន​​ដេក​​ស្លា​ប់​​ក្នុង​​​បន្ទប់​​​ជួល​​​ជាន់​​​​ទី១​​​ម្នាក់​​ឯង

ភ្នំពេញ៖ កម្មការិនី​រោងចក្រ​ម្នាក់ បាន​ដេក​ស្លា​ប់​ក្នុង​​បន្ទប់​​ជួល​​ជាន់​​ទី​​មួយ​​ម្នាក់​ឯង គ្មាន​អ្នក​ណា​​ដឹង​​ឡើយ​សង្ស័យ​​ខ្យល់​គ បង្ក​ការ​ភ្ញាក់​ផ្អើល​​ដល់​​ប្រជាពលរដ្ឋ​​ជិត​ខាង កាល​ពី​​ម៉ោង​២១​​និង​​៣០​​នាទី​​យប់​​ថ្ងៃ​​ទី​​២៩ តុលា នៅ​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សព​ស្ត្រី​ខាងលើ​មានឈ្មោះ ង៉ែត ច​ន្ថា អាយុ​២៦​ឆ្នាំ មុខរបរ​កម្មការិនី​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល ជាន់​ទី​១​ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុកកំណើត ភូមិ​ស្រែ​រោង ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត​ ។

ប្រភព​ពី​បុរស​ម្នាក់ ជា​ជាងដែក ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​ស្ត្រី​កម្មការិនី​រោងចក្រ បាន​ប្រាប់​សមត្ថកិច្ច​ថា សព​ស្ត្រី​ខាងលើ​មានឈ្មោះ ង៉ែត ច​ន្ថា អាយុ​២៦​ឆ្នាំ មានស្រុកកំណើត ភូមិ​ស្រែ​រោង ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។

ក្រោយ​ពី​ខ្លួន​ត្រឡប់ មក​ពី​ធ្វើការ​វិញ បានឮប្រពន្ធ​ប្រាប់​ថា បាត់​មិនឃើញ ង៉ែត ច​ន្ថា​(​អ្នក​ស្លាប់​) ចេញពី​បន្ទប់​ជួល តាំងពី​ថ្ងៃ​២៧ តុលា ២០១៧ មក​ម្លេះ មិនដឹង​កើត​អី​ទេ ពេល​នោះ​ដោយសារ​បន្ទប់​ជួល នៅ​ជិត​គ្នា គាត់​និង​ប្រពន្ធ បាន​ដើរទៅ​គោះ​ទ្វា​ហៅ មិន​ឮ​សំលេង​ឆ្លើយ ក៏​ចុះ​មក​ហៅ​កូន​ម្ចាស់ផ្ទះ អោយ​ឡើង​ទៅ​ជួយ​មើល ពេល​នោះ​ពួក​គេ បាន​នាំ​គ្នា​រុញ​ទ្វារ​ចូល (​មិន​ដាក់​គន្លឹះ​ខាងក្នុង​ទេ​) ស្រាប់តែ​ឃើញ​ស្ត្រី​ខាងលើ ដេក​ស្លាប់​ម្នាក់ឯង មិនដឹង​តាំងពី​ពេល​ណា​នោះ​ឡើយ ។

ប្រភព​ដដែល បាន​ប្រាប់​ទៀត​ថា កន្លង​មក​ស្ត្រី​ដែល​ស្លាប់​ខាងលើ តែងតែ​ប្រាប់​អ្នក​ជិតខាង​ថា គាត់​មិនសូវ​ស្រួលខ្លួន ហើយ​ខំប្រឹង​ធ្វើការ ទាំង​ឈឺ មិន​ហ៊ាន​ទៅ​មន្ទី​ពេទ្យ​ទេ ដោយ​ទ្រាំ រហូត​ដល់​ថ្ងៃ​ឈប់​សម្រាក ទើបបាន​ទៅ​ស្រុក​តែ​ម្តង ។

ក្រោយ​កើតហេតុ ម្ចាស់ផ្ទះ​បាន​មក​ប្តឹង​សមត្ថ​កិច្ច​មូលដ្ឋាន អោយ​ចុះ​ទៅ​ពិនិត្យ​សព​ស្ត្រី​ខាង​លើ ។ ក្រោយ​ពិនិត្យ ឃើញ​ថា សព​ពិតជា​ស្លា​ប់​ដោយសារ​ខ្យល់គ​មែន ហើយ​បាន​ទំនាក់​ទំន​ង​​ទៅ​ក្រុម​គ្រួសារ​យក​សព ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​កំណើត ៕