ចូល​​ទៅ​​ម៉ាស្សា​ ដេក​​លក់​ជិត​​៣​​ម៉ោង​ចេញ​​មក​វិញ​​បាត់​​ម៉ូតូ ​​សង​៨០០​​ដុល្លា​រ​បញ្ចប់​រឿង

ភ្នំពេញ៖ បុរស​​បាន​​ចូល​​ទៅ​​ម៉ាស្សា ហើយ​​បាន​ដេក​​លង់​លក់​ អស់​​រយៈ​ពេល​​ជិត​​៣​​ម៉ោង ចេ​ញ​​​មក​​​វិញ​​​បាត់​​​ម៉ូតូ​​​មួយ​​​គ្រឿង បង្ក​​​ឲ្យ​​មាន​​ការ​​ភ្ញាក់​​ផ្អើល​​កាល​ពី​​វេលា​​ម៉ោង​​៥​​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​​២០១៧ ភូមិ​​ត្រពាំង​​ល្វា សង្កាត់​​កា​កាប ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ​ ។

ជន​​រង​គ្រោះ​ជា​​ម្ចាស់​​ម៉ូតូ​ ម៉ាក​​ហុង​ដា​​ឌ្រី​ម ពណ៌​​ខ្មៅ ស៊េរី​​២០១៦ ​ស្លាក​​លេខ ​ភ្នំពេញ​1FU-8542 មិន​​បាន​​ប្រាប់​​ឈ្មោះ និយាយ​​ថា នៅ​​មុន​​ពេល​​កើត​ហេតុ គាត់​​បាន​​ចូល​​ម៉ាស្សា​នៅ​ផ្ទះ​​កើត​ហេតុ​​ខាង​លើ​​តាំង​ពី​​ម៉ោង​​ជិត​​២​រំលង​​អធ្រាត្រ​​ម្ល៉េះ បន្ទាប់​​មក​​នារី​​ម៉ាស្សា​​បាន​ម៉ាស្សា​​ជាង​​១០​​នាទី ។ នារី​​ម៉ាស្សា​​ខាង​លើ​​បាន​និយាយ​​ថា​​ម៉ាស្សា​​រួច​​ហើយ​​បង ហើយ​​គាត់​បាន​​លង់​លក់​​បាត់​​ទៅ លុះ​​នៅ​​វេលា​​ម៉ោង​កើត​ហេតុ​​ទើប​​គាត់​​ភ្ញាក់ ហើយ​​ចេញ​​មក​​ក្រៅ​ស្រាប់​តែ​​រក​​ម៉ូតូ​​មិន​ឃើញ​​សួរ​នាំ​​ទៅ​​នារី​​ម៉ាស្សា​ខាង​លើ​​បាន​​ឆ្លើយ​​ថា​​មិនដឹង​​ទេ ។

តាម​​សំដី​​ថៅកែ​​ស្រី​​ម៉ាស្សា​​បាន​​និយាយ​​ថា នៅ​មុន​​ពេល​​កើត​ហេតុ គាត់​​មិន​​នៅ​​កន្លែង​​ម៉ាស្សា​ទេ​​មាន​​តែ​​អ្នក​​ម៉ាស្សា​​មាន​​គ្នា​​៣​​នាក់ ស្រាប់​តែ​ជន​​រង​គ្រោះ​​បាន​​ដើរ​​នៅ​​មុខ​​កន្លែង​​ម៉ាស្សា​​គាត់ ហើយ​​ក៏​​បាន​​ហៅ​​មក​​ម៉ាស្សា​​តែ​​ម្តង​។ នារី​ម៉ាស្សា​​បាន​​បន្ត​​ទៀត​​ថា ពេល​​ម៉ាស្សា​​ចប់​ហើ​យ ឃើញ​​បុរស​​ខាង​លើ​​ដេក​​លក់ ពួក​​គាត់​​បាន​ទៅ​​ដាស់​​ចំនួន​​៣​​ដង តែ​​បុរស​​ខាង​លើ​​មិន​​ព្រម​ភ្ញាក់​​ឡើយ ។ បន្ទាប់​​មក​​ជន​​រង​គ្រោះ​​បាន​និយាយ​​ឈ្លោះ​​ជា​មួយ​​នារី​​ម៉ាស្សា​​ថា​​ពេល​​គាត់​ដេក​​លក់​​មិន​​មាន​​នរណា​​ម្នាក់​​មក​​ដាស់​​គាត់​ឡើយ ។

ក្រោយ​​ពេល​​កើត​ហេតុ នារី​​ថៅ​កែ​​ហាង​​ម៉ាស្សា​ខាង​លើ​​បាន​​សម្រប​សម្រួល​​ជា​មួយ​​ជន​​រង​គ្រោះ​ជា​​ម្ចាស់​​ម៉ូតូ​​ដោយ​​សង​ការ​​បាត់​បង់​​ម៉ូតូ​ខ្លះ​​ចំនួន​​៨០០​​ដុល្លារ​បញ្ចប់​​នៅ​​ប៉ុ​សិ៍្ត ។ សមត្ថ​កិច្ច​​បាន​​បញ្ជាក់​​ថា បើ​​ឃើញ​​ម៉ូតូ​​ខាង​លើ​សូម​រាយ​ការណ៍​​ដល់​​សមត្ថកិច្ច​​ភ្លាម​​ៗ ៕