បើ​អ្នក​ឃើញ​រូបភាព​បែប​នេះ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ដែរ?

មនុស្ស​កើត​មក​ក្នុង​លោក​នេះ​មិន​ដូច​គ្នា​ទេ​ទាំង​រូបរាង និង​ការ​គិត។ ការ​គិត​ខុស​គ្នា​ធ្វើ​ឲ្យ​មាន​សកម្មភាព​ខុស​គ្នា។ សកម្មភាព​ខុស​គ្នា ធ្វើ​ឲ្យ​មាន​ទំលាប់​ខុស​គ្នា។ ទំលាប់​ខុស​គ្នា​ធ្វើ​ឲ្យ​មាន​អត្តចរិត​ខុស​គ្នា។ ថ្វីត្បិត​តែ​កើត​មក​ក្នុង​លោក​ដូច​គ្នា តែ​ការ​មើល​ឃើញ​ពិភព​លោក​មិន​ដូច​គ្នា​ទេ។ ដូច្នេះ​ការ​មើល​ឃើញ សង្គម និង​រូបភាព​ក្នុង​សង្គម​ក៏​មិន​ដូច​គ្នា​ដែរ។ ដូច្នេះ​ហើយ​ទើបបាន​បុរស​ម្នាក់​បាន​មើល​ឃើញ រូប​ភាព​នារី Karaoke មួយ​សន្លឹក ឃើញ​ទៅ​ជា​គួរ​ឲ្យ​អាណិត ដែល​ផ្ទុយ​ពី​មិត្ត​ភក្ដិ​របស់​ខ្លួន​ដែល​មើល​ឃើញ​ថា​ជា​រូប​ភាព​គួរឲ្យ​ស្រើបស្រាល និង​នែបនិត្យ​ទៅ​វិញ។ នេះ​បើ​តាម​សំណេរ​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​រូប​ឈ្មោះ Vannet Kun ដែល​បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​ខ្លឹមសារ កាល​ពី​ថ្ងៃទី ល្ងាច​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ។

ម្ចាស់​គណនី​ខាង​លើ​បាន​សរសេរ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «មនុស្ស​ពិត​ជា​មាន​ការ​គិត​មិន​ដូច​គ្នា​មែន មាន​មិត្ត​ខ្ញុំ​ច្រើន​ណាស់ ពេល​ឃើញ​ស្ត្រី Karaoke រាង​ស្អាត​បែប​នេះ មាន​អារម្មណ៍​ថា​ស្រលាញ់​ចង់​ប៉ះពាល់​អោប​រឹត និង​ចង់​រួមភេទ តែ​ចំណែក​ខ្ញុំ​បែរ​ជា​មាន​អារម្មណ៍​ខុស​គេ​ទៅ​វិញ បែរ​ជា​អាណិត​ហើយ​គិត​ថា រូប​រាង​ល្អ​ល្អ​បែប​នេះ បើ​សិន​ជា​គាត់​មាន​ជីវភាព​ប្រសើរ គាត់​មិន​មក​ឲ្យ​មនុស្ស​ប្រុស​ញាំញី​គាត់​ទេ ហើយ​បើ​គាត់​បាន​រស់​នៅ​សង្គម​រីកចម្រើន​ដោយ​ច្បាប់​ធានា​ក្នុង​កា​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា មិន​ដឹង​ជា​ជីវិត​របស់​ពួក​គាត់​ស្រស់​បំព្រង​យ៉ាង​ណា​ទេ?…ឱ…ជីវិត​អើយ តើ​អ្នក​រស់​ជា​សុខ​បាន​ដោយ​របៀប​ណា​ទៅ បើ​ជុំវិញ​អ្នក​សុទ្ធតែ​ជា​ខ្លា​និង​ចចក​បែប​នេះ កូន​គេ​កូន​យើង ប្អូន​គេ​ប្អូន​យើង…. »

មិន​ដឹង​ថា មាន​ប្អូន​ប្រិយមិត្ត​ប៉ុន្មាន​នាក់​ទៀត​ដែល​មាន​ទស្សនៈ​ដូច​បុរស​ម្ចាស់​គណនី​ខាង​លើ​នេះ?

បើ​យោង​តាម​សម្ដី​នារី​ដែល​បម្រើការ Karaoke ភាគ​ច្រើន​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ពិត​ជា​មិន​ចង់​ធ្វើការ​បែន​នេះ​ទេ។ ការ​ធ្វើការ​បែប​នេះ ក៏​ព្រោះតែ​ពួក​គេ​ទាល់ច្រក ពុំ​អាច​រក​ការងារ​ណា​ល្អ​ជាង​នេះ​ធ្វើ​បាន ព្រោះ​ខ្លួន​គ្មាន​ចំណេះ​ដឹង​ច្រើន និង​គ្មាន​ជំនាញ។

ផ្ទុយ​ពី​សម្ដី​របស់​នារី​បម្រើការ Karaoke មាន​នារី​ផ្សេង​ទៀត ពោល​ថា មក​ពី​ពួក​នាង មិន​ព្រម​ធ្វើការ​ងារ​ដែល​ហត់​នឿយ និង​បាន​ប្រាក់​តិចតួច ដូច​ជា​ការងារ​រោងចក្រ ជា​ដើម។ អ្នក​ខ្លះ​គេ​សុខចិត្ត​ទូល​បន្លែ​មួយ​កញ្ច្រែង​លក់​ក៏​រស់​បាន​ដែរ មិន​ចាំបាច់​ធ្វើការ​ក្នុង Karaoke ទើប​បាន​រស់​ទេ។