បុរស​ម្នាក់​ឡើង​យក​ទឹក​ត្នោត បាក់​បង្អោង​ឫស្សី​ធ្លាក់​រង​របួស​ធ្ងន់

ភ្នំពេញ៖ បុរស​ម្នាក់​វ័យ​ជាង២០​ឆ្នាំ​ដែល​ជា​អ្នក​ប្រកប​របរ​ឡើង​ត្នោត​យក​ទឹក​ដើម្បី​លក់ ខណៈ​ដែល​កំពុង​ឡើង​ដើម​ត្នោត ចៃ​ដន្យ​ស្រាប់​តែ​បាក់​បង្អោង​ឫស្សី បណ្តាល​ឲ្យ​តាំង​ពី​លើ​ចុង​ត្នោត​កំពស់​ជាង​៩​ម៉ែត្រ  មក​ដី​រង​របួស​ធ្ងន់ បាក់​ចង្កេះនិង​បាក់​ជើង ហេតុការណ៍នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង ០៦​និង​៥០​នាទី ព្រឹក ថ្ងៃ​ទី ២៩ ខែ​តុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ខាង​ក្រោយ​វត្ត​ជន្លង់​ម្លូ ភូមិ​ព្រៃ​រងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ជន​រង​គ្រោះ​មាន​ឈ្មោះ ណាក់ ណុន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខ​របរ ឡើង​ត្នោត មាន​ប្រពន្ធ​ឈ្មោះ ផល ចាន់នី អាយុ២២ឆ្នាំ មុខ​របរ កម្មករ​រោង​ចក្រ មាន​កូន​ប្រុស​២​នាក់​ក្នុង​បន្ទុក ស្នាក់​នៅ​រោង​លក់​ទឹក​ត្នោត​ជូរ ក្បែរ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​អាកាស ភូមិ​កន្ទោក​ត្បូង សង្កាត់​កន្ទោក ខណ្ឌ​ពោធិសែន​ជ័យ មាន​ស្រុក​កំណើត ភូមិ​បា​គ្រង ឃុំ​គោករវៀង ស្រុក​បាយធាយ ។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​នៅ​ពេល​ដែល​រដូវ​ឡើង​ត្នោត ជន​រង​គ្រោះ​នាំទាំង​គ្រួសារ កូន​ចៅ​មក​ស្នាក់​នៅ សង់​តូប​រោង លក់​ទឹក​ត្នោត​ជូរ នៅ​ក្នុង​ភូមិ​កន្ទោក​ត្បូង រៀង​រាល់​រដូវ​ឡើង​ត្នោត ហើយ​មុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​ចេញ​មក​ពី​រោង​លក់​ដូរ មក​ឡើង​ត្នោត​យក​ទឹកដូច​សព្វ​ថ្ងៃ​តែ​ជា​អកុស​ល ថ្ងៃ​នេះ​ជនរងគ្រោះ​ជួប​ហេតុ​ការណ៍​នេះ​តែ​ម្តង ។

ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ហៅ​រថយន្ត​សង្រ្គោះ របស់​អង្គ​ភាព​៧១​១ ដឹក​បញ្ជូន​ជន​រង​គ្រោះ ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ផង​ដែរ ៕