ឥទ្ធិពល​ថ្នាំ​ញៀន ធ្វើ​ឲ្យ​បុរស​ម្នាក់​ដុត​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​ក្នុង​ផ្ទះ

ភ្នំពេញ៖ បុរស​ម្នាក់​ដោយ​សារ ឥទ្ធិពល​នៃ​គ្រឿង​ញៀន​លែង​ស្គាល់​គុណ​ទោស បុណ្យ បាប លទ្ធ​ផល​បាន​មក​ពី​ការ​សេព ប្រើ​ប្រាស់​គ្រឿង​ញៀន ទោះ​ជា​ចូល​មណ្ឌល​កែ​ប្រែ​បន្សាប​គ្រឿង​ញៀន និង​ពន្ធ​នាគារ ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ក៏​ដោយ នៅ​តែ​ពុំ​រាង​ចាល លើក​ចុង​ក្រោយ ទល់​តែ​ចេញ​ពី​មណ្ឌល ម១ ព្រៃស បាន​៣​ខែ បែ​ជា​បង្ក​អុក​ឡុក ក្នុង​ក្រុម​គ្រួសារ វាយ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ ប្រមូ​ល​ដុត​ចោល បង្ក​ឲ្យ​ភ័យ​ខ្លាច ទាំង​ក្រុម​គ្រួសារ និង​អ្នកដទៃ រហូត​ដល់​កម្លាំង​សមត្ថ​កិច្ច​ចុះ​ទៅ​អន្តរា​គ​មន៍ ចាប់​ឃាត់​ខ្លួន តាម​បណ្តឹង​ក្រុម​គ្រួសារ ចាត់​ការ​តាម​ផ្លូវ​ច្បាប់ កាល​ពី​វេលា​ម៉ោង​១​និង​៥០នាទី​រសៀល ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​​ភូមិ​ក្បាល​ដំរី​២ សង្កាត់​កាកា​ប២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

កូន​ប្រុស​កំពូល​អុក​ឡុក​ក្នុង​ក្រុម​គ្រួសារ ដោយ​ឥទ្ធិ​គ្រឿង​ញៀន​មាន​ឈ្មោះ តាំង លៃហ្វុង អាយុ​៤២​ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ ច្រើន​ខែ ច្រើន​ឆ្នាំ​មក​ហើយ ពោល​ជាប់​គុក​មិន​ដែល​រាង​ចាល ។

តាម​សម្តី​ម្ដាយ​ឈ្មោះ លី ហួរ អាយុ ៨៥ឆ្នាំ បាន​ឲ្យ​ដឹង​ថា កូន​ប្រុស​របស់​គាត់​មួយ​នេះ ដោយ​សារ​គ្រឿង​ញៀន​កន្លង​មក ធ្លាប់​ចាប់​ដាក់​មណ្ឌល​បន្សាប​គ្រឿង​ញៀន ធ្លាប់​ជាប់​នៅ​ពន្ធ​នាគារ​ព្រៃស ច្រើន​លើក​ច្រើន​សារ មក​ហើយ វាយ​បំផ្លិច​បំផ្លាញ ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ ដេញ​វាយ​កាប់ សាច់ញាតិ​បង​ប្អូន ក្រុម​គ្រួសារ​ក្នុង​ផ្ទះ​រត់​ទៅ​នៅ​ផ្ទះ​កន្លែង​ផ្សេង​អស់​ហើយ នៅ​តែ​គាត់​ម្នាក់​គត់ វ័យ​៨៥​ឆ្នាំ​ទៅ​ហើយ ទ្រាំ​ត្រដរ​រស់ រង​ចាំ​ថ្ងៃ​ស្លាប់​នៅ​ក្នុង​ផ្ទះ ជា​មួយ​កូន​ប្រុស ដែល​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស បាន​៣​ខែ មក​ដល់​រសៀល​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៧ នេះ​កូន​ប្រុស កំពូល​ញៀន​ថ្នាំ អុក​ឡុក​ក្នុង​ផ្ទះ​សារ​ជា​ថ្មី យក​ប្រមូល​របស់​របរ​អ្វីៗ មួយ​ចំនួន យក​ដុត​កម្ទេច​ចោល​អស់ សំឡុត​គម្រាម​ម្តាយ សាច់​ញាតិ​ក្បែរ​ខាង បង្ក​ឲ្យ​ភ័យ​ខ្លាច ទ្រាំ​លែង​បាន ប្តឹង​ប៉ូលីស​ចុះ​មក​ឲ្យ​ជួយ​អន្តរាគមន៍ ចាប់​ឃាត់ នាំ​យក​ទៅ​កសាង​សំណុំ​រឿង​នៅ​ប៉ុស្តិ៍​កាកាប ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕