ក្រសួង​ហាម​ប្រើ​ពាក្យ «ដក​ស្រួល ដាក់​ស្រួល និង ហែក​ស្រួល ស៊ក​ស្រួល»

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ស្នើ​ដល់​ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា​អន្តរាគមន៍​ហាម​ទូរទស្សន៍​ទាំងអស់​ផ្អាក​ការ​​ចាក់​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​ដែល​ប្រើ​ពាក្យពេចន៍​អសុរោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​និង​ស្តាប់ និង តម្លៃ​សីលធម៌​សង្គម។

នេះ​បើ​យោង​តាម​លិខិត​ផ្ញើ​ជូន​ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ សោម សុគន្ធ កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧។

បើ​តាម​លិខិត​ដដែល​បាន​លើក​ជា​ឧទាហរណ៍​ជាក់ស្តែង​ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កត់សម្គាល់​ឃើញ​ដូច​ជា​ពាក្យ «ដក​ស្រួល ដាក់​ស្រួល​និង​ហែក​ស្រួល ស៊ក ស្រួល» ជាដើម។ ការ​ប្រើ​ពាក្យពេចន៍​នេះ បាន​ធ្វើ​ឲ្យ​មានការ​រិះគន់​និង​សំណូមពរ​ជា​បន្តបន្ទាប់​ពី​សំណាក់​សាធារណជន​មក​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ឲ្យ​ជួយ ចាត់វិធានការ​បញ្ឈប់​ការ​ចាក់​ផ្សាយ ឬ​ប្ដូរ​ពាក្យពេចន៍​នេះ​ចេញ។

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ស្នើ​ដល់​ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា ផ្តល់​កិច្ចសហការ​ជួយ​ហាមឃាត់ ទប់ស្កាត់​នូវ​រាល់​ការ​ផលិត​និង​ចាក់​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​ដែល​ប្រើ​ពាក្យពេចន៍​អសុរោះ ដើម្បី​រួមចំណែក​លើកកម្ពស់​សីលធម៌​សង្គម និង​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​ជាតិ។

ជា​ការ​កត់សម្គាល់ ក្រៅពី​ការ​ចាក់​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​ដែល​ប្រើ​ពាក្យពេចន៍​អសុរោះ​ដូច​ខាងលើ ក៏​នៅ​មាន​រូបភាព​វីដេអូ​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម និង​បទ​ចម្រៀង​សម័យ​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​អ្នក​តាមដាន​មួយ​ចំនួន​យល់​ថា​មិន​សមរម្យ ភូត​កុហក​បោកប្រាស់ ប៉ះពាល់​ដល់​តម្លៃ​សេចក្តី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ខ្មែរ ឬ​នាំ​ដល់​ការ​លើកទឹកចិត្ត​ប្រព្រឹត្ត​ការ​សេព​គ្រឿង​ស្រវឹង​ជាដើម៕