បាញ់​៤​គ្រាប់​គម្រាម​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន តែ​មុខ​សញ្ញា​អត់​ខ្លាច​នៅ​រត់​ចូល​ទឹក​ទន្លេ

ភ្នំពេញ ៖កម្លាំង​​ក្រសួង​​មហាផ្ទៃ​ចុះ​បង្ក្រាប​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​២​នាក់​តាំង​ចាប់​ពី​ខណ្ឌ​ពោធិ៍សែន​ជ័យ រហូត​ដល់​ខណ្ឌ​ឬស្សី​កែវ​បង្ក​ឲ្យ​ផ្ទុះ​អាវុធ​៣​ទៅ​៤​គ្រាប់ កាល​ពី​វេលា​ម៉ោ​ង​៨និង​៤០​នាទី​ព្រឹក ថ្ងៃ​​ទី​​២៨ ខែ​តុលា ឆ្នាំ​២០​១៧ នៅ​លើ​សួន​​ច្បារ​​ក្បែរ​​បេន​​ឡាន​​ក្រុង ផ្លូវ​ជាតិ​លេខ​៥ សង្កាត់​​ឬស្សី​​កែវ ខណ្ឌ​​ឬស្សីកែវ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​កម្លាំង​មន្ទីរ​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ​៧​នាក់​ដែល​ខ្លះ​ស្លៀក​ពាក់​ស៊ីវិល​នឹង​ខ្លះ​ទៀត​ឯក​សណ្ឋាន បាន​ជិះ​រថយន្ត​២​គ្រឿង ម៉ាក​ហាយ​ឡែន​ឌ័រ និង​កា​ម៉ារី​បា​ឡែន រួម​ទាំង​ម៉ូតូ​ផង​នោះ ដែល​ប្រដាន់​ដោ​យ​កាំ​ភ្លើង​ខ្លី​និង​វែង ពេល​ដែល​ជួប​មុខ​សញ្ញា​នោះ ហើយ​ក៏​ប្រញ៉ាប់​ឈប់​ឡាន និង​ម៉ូតូ​ដក​កាំ​ភ្លើង​រត់​ដេញ​ប្រមាញ់​ចាប់​មុខ​សញ្ញា​នោះ ដោយ​ចាប់​បាន​មុខ​សញ្ញា​ប្រុស​ម្នាក់ ភ្លាម​រុញ​ចូល​ឡាន​ហាយ​ឡែន​ឌ័រ ។

សមត្ថកិច្ច​បន្ដ​ថា បើ​ទោះ​បី​កម្លាំង​សមត្ថកិច្ច បាន​ដក​កាំភ្លើង​ម៉ាក​AK ស្វ័យ​បត់​ភ្ជង់​ក្បាល​ក៏​ដោយ​នោះ ក៏​ជន​សង្ស័យ​រូប​នោះ មិន​ខ្លាច​កម្លាំង​សមត្ថកិច្ច​បាញ់​នោះ​ទេ គេ​ប្រឹង​រត់​សំដៅ​ទៅ​មាត់​ទន្លេ​ហក់​ចូល​ទឹក​ហែល​បាន​ប្រហែល​ជា​៥០​ម៉ែត្រ ក៏​ទៅ​តោង​ឡើង​ដើម​ឈើ​ក្នុង​មាត់​ទន្លេ​ហើយ​ខណៈ​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​ទាំង​នោះ​ក៏​ប្រញ៉ាប់​ឡើង​ទូក​ចាម​ដែល​កំពុង​ឈប់​ក្បែរ​នោះ ទៅ​ចាប់​ជន​សង្ស័យ​ដែល​ហែល​ទឹក​នោះ នាំមក​លើ​គោក​រួម​បញ្ចូល​ឡាន​ដឹក​ទៅ​ចាត់​ការ​ផង​ដែរ ។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​២​នាក់ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ គឺ​ក្មេង​ម្នាក់ ចាស់​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរគ្រឿងញៀន​ក្រសួង​មហា​ផ្ទៃ ដើម្បី​ចាត់​ការតាម​ច្បាប់​៕