សមត្ថកិច្ច​កម្ពុជា បញ្ចូន​ជនជាតិ​ចិន​ប្រុស​ស្រី​៦១​នាក់ ពាក់​ព័ន្ធ​អំពើ​ជំរិត​ទារ​ប្រាក់​

ភ្នំពេញ: នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០​១៧​នេះ ក្រុម​ជន​ជាតិ​ចិន​ប្រុស​ស្រី ៦១​នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពេល​កន្លង​ទៅ ពាក់​ព័ន្ធ​នឹង​អំពើ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ Internet ត្រូវ​បាន​សមត្ថកិច្ច នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហា​ផ្ទៃ ធ្វើ​ការ​បញ្ចូន​ចេញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ដើម​របស់​ខ្លួន​វិញ តាម​ជើង​ហោះ​ហើរ ។

ការ​បញ្ចូន​ខ្លួន​ក្រុម​ចិន​ជំរិត​ទារ​ប្រាក់​ទាំង​៦១​នាក់​នេះ ធ្វើ​ឡើង​ដោយ​មាន​ការ​សហការ​រវាង​នគរបាល​កម្ពុជា ជា​មួយ​នគរបាល នៃ​ប្រទេស​ចិន​ផង​ដែរ ។

ឧត្តម​សេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្គេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ អោយ​ដឹង​ថា ក្រុម​ជន​ជាតិ​ចិន​ខាង​លើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​ពួក​គេ​បា​នកាល​ពី​ពេល​ថ្មី​ៗ នៅ​ក្នុង​ភូមិ​សាស្រា​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ព្រះសីហនុ ។ ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​អំពើ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ internet ដោយ​ពួក​គេ​យក​ប្រទេស​កម្ពុជា ជា​កន្លែង​ស្នាក់​ប្រា​ស្រ័យ ហើយ​បញ្ជារ​តាម​ប្រព័ន្ធ internet ចេញ​ពី​កម្ពុជា​ទៅ​ជំរិត​ពល​រដ្ឋ​ចិន​ដូច​គ្នា នៅ​ឯ​ប្រទេ​ស​របស់​ខ្លួន ។

លោក​ឧត្តមសេនីយ៍ឯក ប្រធាន​នាយក​ដ្ឋាន​បាន​បញ្ជាក់​អោយ​ដឹង​ថា អំពើ​ជំរិត​ទារ​ប្រាក់​នេះ គឺ​ក្រុម​ជន​ខាង​លើ មាន​២​ក្រុម គឺ​ក្រុម​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ដោយ​ដំបូង​ក្រុម​មនុស្ស​ស្រី​ប្រើ​ប្រព័ន្ធ wechat ទំនាក់​ទំនង​ជា​មួយ​ប្រជា​ពលរដ្ឋចិន​ដូច​គ្នា​ជា​មនុស្ស​ប្រុស ដែល​ភាគ​ច្រើន​សុទ្ធ​សឹងជាមន្ត្រីរាជការ និង​គ្រូ​បង្រៀន ដោយបាន​សាសង​ស្នេហា​គ្នា​ទៅ​មក​រហូត​ឈាន​ទៅ​ដល់​ការ​សម្រាត​សម្លៀក​បំពាក់​ថត​ជា​វីឌីអូរ​មើល​គ្នា​ទៅ​មក ។

ក្រោយ​សម្រាត​សម្លៀក​បំពាក់​រួច ក្រុម​ទី២​ដែ​ល​ជា​មនុស្ស​ប្រុស បាន​ទំនាក់​ទំនង​ទៅ​ជន​រង​គ្រោះ​ដោយ​គំរាម​ថា បើ​មិន​ព្រម​អោយ​ប្រាក់​គ្រប់​ចំនួន​ដែល​ពួក​គេ​ស្នើរ​សុំ​នោះ​ទេ ពួក​គេ​នឹង​បញ្ចេញ​រូបអាក្រាត​កាយ​របស់​ជន​រងគ្រោះ​ចេញ​ទៅ​គ្រប់​បណ្តាញ​សង្គម លើ​ប្រព័ន្ធ internet ទាំង​អស់ ។

សូម​បញ្ជាក់​ថា ការ​បញ្ចូន​ក្រុម​ជន​ជាតិ​ចិន​ជំរិត​ទារ​ប្រាក់​តាម internet ទៅ​កាន់​ប្រទេស​ខ្លួន​វិញ​តាម​ជើង​ហោះ​ហើរ នៅពេលនេះ គឺជា​ការ​បញ្ចូន​លើក​ទី​១៥​ហើយ បើគិត​ចាប់​តាំង​ពី​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​បង្កើត​មក ។ ដែល​ទាំង​១៥​លើក​នេះ គឺ​មាន​មនុស្ស​សរុប ១១៨២​នាក់ ក្នុង​នោះ​ស្រី​២៤២​នាក់ ។

សូមបញ្ជាក់បន្ថែមថា សម្រាប់​ឆ្នាំ​២០១៧ បើ​គិត​ចាប់​ពី​ខែ​មករា មក​ដល់​ខែ​តុលា​នេះ អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្តេញ​ជន​ជាតិ​បរទេស​ដែល​ចូល​មក​ធ្វើ​ការ និង​រស់​នៅ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សរុប​ទាំង​អស់​ចំនួន ជាង​១០០០០​នាក់ ស្មើរ​នឹង​​៣៥​សញ្ជាតិ ដែល​ក្នុង​នោះ​ភាគ​ច្រើន​គឺ​ជា​ជន​ជាតិ​វៀត​ណាម ៕ លីហេង