បុគ្គលិក​ក្រុម​ហ៊ុន​បន្លំ​​យក​​ស្រា​​បៀរ​លី​អូ​១០៩​កេស ​លក់​​យក​លុយ​ដើរ​ផឹក​ស៊ី​អស់

សៀមរាប៖ នគរបាល​យុត្តិធម កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ វេលា​ម៉ោង​១៩ និង៣០​នាទី​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០១៧ ​នៅ​​ក្នុង​ក្រុមហ៊ុនស្រា​បៀរ​លី​អូ និងសឹ​ង្ហ សាខា​ខេត្តសៀមរាប មក​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ករណី​​រំលោភ​លើ​ទំនុកចិត្ត​ ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ។

លោក​វរសេនីយ៍ឯក ទេព ចាន់​ណា អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ លឹ​ម ក​ញ្ច​រិ​ទ្ធ អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀ​រលី​អូ (Leo beer) មានស្រុក​កំណើត​នៅ​បឹង​កក់​២ រាជធានី​ភ្នំពេញ ។

លោកអធិការ​ បានបន្ត​ថា នៅវេលា​ម៉ោង​១៣ និង៣០​នាទី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ជនសង្ស័យ​ឈ្មោះ លឹ​ម ក​ញ្ច​រិ​ទ្ធ បាន​យក​វិក្ក័យបត្រ​ចំនួន០២សន្លឹក ទៅ​បើក​ស្រា​បៀរ​ ពី​អ្នក​កាន់​ឃ្លាំង​របស់​ក្រុមហ៊ុន ដោយប្រាប់ថា យក​ទៅ​ឲ្យ​ម៉ូយ​ដែល​ជា​អ្នកលក់​តាម​ដេប៉ូ ព្រោះ​ក្រុមហ៊ុន​មានកម្ម​វិធី​ពិសេស (​ទិញ​០១​កេស ថែម​ជូន​០១​កំប៉ុង) និងជូន​អ្នកលក់​តាម​ដេប៉ូ ​ស្រា​បៀ​លី​អូចំនួន​០១​កេស​ផង​ដែរ ​។
លោកអធិការ​ បានបន្ត​ទៀតថា ស្រា​បៀរ​ដែល​បើក​ចេញ​តាម​​វិក្ក័យបត្រ​នោះ មាន​ស្រា​បៀ​លី​អូ​ចំនួណ១០៩​កេស និង១៦​កំប៉ុង​ ។ ប៉ុន្តែជនសង្ស័យ​ មិនបាន​យក​ទៅ​ឲ្យ​អតិថិជន​ទេ គឺ​យក​ទៅ​លក់​ឲ្យ​អ្នកផ្សេងចំនួន​០២​កន្លែង​ មានកន្លែង​ទី​១ ​ចំនួន៣៩​កេស​, កន្លែង​ទី​២ ចំនួន៦០​កេស ហើយចំណែក​ស្រា​បៀរ​នៅ​សល់​១០​កេស និង១៦កំប៉ុង​ទៀត ជនសង្ស័យ​បាន​យក​ទៅ​ផឹក​ជាមួយ​មិត្ត​ភក្ដិ​អស់​គ្មាន​សល់​ ហើយលុយដែលលក់ស្រាប្រៀរបានដើរផឹកស៊ីអស់ ។

លុះដល់​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩ និង៣០​នាទី ខាង​ក្រុមហ៊ុន​បាន​ពិនិត្យ​ឆែក​ទៅ​អតិថិជន​របស់​ខ្លួន ទើបដឹង​ថា ​បាត់​ស្រា​បៀរ​អស់​ជា​ច្រើន ហើយ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ជ្រាវ​ ។

នៅចំពោះមុខសមត្ថកិច្ច ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ប្រព្រឹត្ត​ដូច​ការ​ប្តឹង​ចោទប្រកាន់​របស់​ជន​រង​គ្រោះ​ពិតមែន​ ។ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និងចម្លើយ​សារភាព ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕