ថ្ងៃ​ខូប​កំណើត កញ្ញា ទូច ស្រីល័ក្ខ បើក​ឡាន​បុក​ម៉ូតូ អូស​ប្រហែល៥០០​ម៉ែត្រ

រាជធានី​ភ្នំពេញ៖ តារា​ចម្រៀង និង​ជា​តារា​សម្ដែង​កញ្ញា ទូច ស្រីល័ក្ខ នៅ​ពេល​ដែល​ខ្លួន​ចេញ​ពី​កន្លែង​ញ៉ាំ​អី​ជាមួយ​មិត្តភ្កដិ​និង​គ្រួសារ​នៅ​ថ្ងៃខួប​កំណើត បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ស៊េរី​ទំនើ​បរបស់​ខ្លួន និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីមសង់​ពណ៌​ខ្មៅ នា​វេលា​ម៉ោង​១​និង​៤០​នាទីរំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុចផ្លូវ​បំបែក​ជា​បី ច្រមុះ​ជ្រូក​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ ដោយ​អូស​ម៉ូតូ​នៅ​ក្រោម​រថយន្ត​ប្រវែង​ប្រហែល​៥០០​ម៉ែត្រ តែ​សំណាង​ល្អ​ម្ចាស់​ម៉ូតូ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ ដោយ​គ្រាន់តែ​រលាត់​ស្បែក និង​របួស​ជើង។​

យោង​តាម​សម្ដី​កញ្ញា ទូច ស្រីល័ក្ខ បាន​ឲ្យ​ដឹង​ថា កញ្ញា​​ធ្វើ​ដំណើរ​មក​ពី​ញ៉ាំ​អី​ជា​មួយ​មិត្ត​ភក្ដិ​បង​ប្អូន​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​កញ្ញាា​សំដៅ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​ល្បឿន​យឺត​ៗ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​បាន​មក​ប៉ះ​នឹង​រថយន្ត​របស់​កញ្ញា​ផ្នែក​ខាង​មុខ​ខាង​ស្ដាំ​បន្តិច​បន្តួច បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​រង​របួស​ស្រាល​សើរ​ស្បែក​ប៉ុណ្ណោះ ហើយ​កញ្ញា​ក៏​បាន​ឈប់​រថយន្ត​ដើម្បី​ទទួល​ខុស​ត្រូវ សុខ​ចិត្ត​ចេញ​ថ្លៃ​ព្យាបាល​របួស និង​សង​ថ្លៃ​ខូចខាត ដោយ​មាន​លោក ប៉ែន ចំរុង ជា​ពិធីករ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ជា​អ្នក​ជួយ​សម្របសម្រួល។​

យោង​តាម​សម្ដី​ជន​រងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គាត់​បាន​ធ្វើ​ដំណើរ​មក​ពី​ខាង​ស្ទឹង​មាន​ជ័យ​ដោយ​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ បាន​ប្រទះ​នឹង​រថយន្ត​មួយ​បើក​ក្នុង​ល្បឿន​លឿន​មក​ពី​ខាង​ចំការ​ដូង ក៏​បុក​គ្នា គាត់​ក៏​ប្រឹង​រមៀល​ខ្លួន​ចេញ​ពី​រថយន្ត​ឲ្យ​រួច​ផុត​ពី​រថយន្ត ចំណែក​ម៉ូតូ​គាត់​នៅ​ក្រោម​កង់​រថយន្ត ហើយ​ត្រូវ​រថយន្ត​អូស​ប្រហែល​៥០០​ម៉ែត្រ។ គាត់​ត្រូវ​របួស​ត្រង់​កែង​ដៃ ចង្កេះ និង​របួស​ជើង​ខាង​ស្ថាំ (ជើង​ម្ខាង​នោះ​ជាន់​ឈរ​មិន​បាន​ទេ)។ ចំណែក​ម៉ូតូ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។​

ផ្ទុយ​ពី​ការ​អះអាង​របស់​កញ្ញា ​ទូច ស្រីល័ក្ខ ដែល​​ថា ក្រោយ​ពី​កើត​ហេតុការ​នេះ​ភ្លាម​ៗ កញ្ញា​បាន​ឈប់​រថយន្ត​ដើម្បី​ទទួល​ខុសត្រូវ បុរស​ម្នាក់​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ថៅកែ ក្មេង បានអះអាង​តាម​រយៈ​ខំម៉ិន​ក្នុង​វីដេអូ Live របស់​ទំព័រ​ហ្វេសប៊ុក TVFB ថា កញ្ញា ស្រីល័ក្ខ បាន​និយាយ​បក​ស្រាយ​យក​ល្អ​ប៉ុណ្ណោះ តាម​ពិត បើក​ឡឿន​ដូច​ហោះ បុក​គេ​ហើយ​​ព្យាយាម​បើក​រត់ ហើយ​រូប​គាត់​ជា​អ្នក​ព្យាយាម​ដេញ​ឃាត់​រថយន្ត​កញ្ញា ស្រីល័ក្ខ ឲ្យ​ឈប់។ ម្ចាស់​គណនី​រូប​នេះ​បាន​ទាំង​ប្រើ​សម្ដី​មិន​សមរម្យ​ទៀត​ផង។​

ទោះ​យ៉ាង​ណា​គេ​ពុំ​ឃើញ​មន្ត្រី​ជំនាញ​ចរាចរណ៍​ចុះ​ដល់​កន្លែង​កើត​ហេតុ​ទេ។ បើ​តាម​សម្ដី​លោក បែន ចំរុង សមត្ថកិច្ច​មិន​ចុះ​មក​ទេ​បើ​ភាគី​ទាំង​សងខាង​អាច​សម្រួល​គ្នា​ត្រូវ​ហើយ។​

ក្រោយ​កើត​ហេតុ ភាគី​ទាំង​សងខាង​បាន​សម្រួល​គ្នា ដោយ​មាន​លោក ប៉ែន ចំរុង ជា​អ្នកជួយ​​សម្រប​សម្រួល​កញ្ញា ទូច ស្រីល័ក្ខ។​ ចំណែក​ភាគី​ខាង​ម់ូតូ​ព្រម​យក​ការ​ចេញ​ថ្លៃ​ព្យាបាល និង​ការ​សង​ការ​ខូច​ខាត ហើយ​ម្ចាស់​ម៉ូតូ​ក៏​ឡើង​ជិះ​រថយន្ត​ជាមួយ​លោក ចំរុង ទៅ​ព្យាបាល រីឯ​ម៉ូតូ​ត្រូវ​បាន​ដឹក​តាម​រ៉ឺម៉ក​កង់​បី​ទៅ​ទុក​ផ្ទះ​បណ្ដោះ​អាសន្ន​រង់​ចាំ​ជួសជុល​ពេល​ក្រោយ៕