សាហាវ​មែន រំលោភ ហើយ​មួល​.​ក សម្លាប់​សិស្ស​ស្រី​ថ្នាក់​ទី​១១ យ៉ាង​ព្រៃផ្សៃ​បំផុត

ខេត្ត​រតនគីរី៖ ក្រមុំ​កូន​សិស្ស​ថ្នាក់​ទី ១១​ម្នាក់ នៃ​វិទ្យាល័យ សម្ដេច​ឪ សម្ដេច​ម៉ែ នៅ​ក្រុង​បានលុង ជា​ជន​ជាតិ​ដើម​ភាគ​តិច ត្រូវ​ជន​មិន​ស្គាល់​មុខ​រំលោភ​ហើយ​មួល.ក សម្លាប់​យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត​នៅ​ក្នុង​ចម្ការ​ដំឡូង​មី​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ចាងរ៉ា ឃុំ​បាតាង ស្រុក​លំផាត់ ខេត្ត​រតនគីរី។ សាក​សព​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៤ ខែតុលា​ឆ្នាំ​២០១៧ និង​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

យុវតី​រងគ្រោះ មាន​ឈ្មោះ កេល លាភ អាយុ ១៨​ឆ្នាំ ជា​ជនជាតិ​ទំពូន ជា​សិស្ស​រៀន​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​សម្ដេច​ឪ​សម្ដេច​ម៉ែ ក្រុង​បានលុង រស់​នៅ​ភូមិ ឃុំ​កើត​ហេតុ​ខាងលើ មាន​ឪពុក​ឈ្មោះ ខាំ ឡាកេល អាយុ​៥២​ឆ្នាំ និង​ម្ដាយ​ឈ្មោះ តក់ ដូច អាយុ​៥០​ឆ្នាំ ហើយ​ជន​រងគ្រោះ​ជា​កូន​ពៅ ក្នុង​ចំណោម​បងប្អូន​ទាំងអស់​៦​នាក់។

ប្រភព​ពី​ឪពុក​ម្ដាយ​យុវតី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​នៅ​ថ្ងៃ​អាទិត្យ​ទី ២២ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩​ព្រឹក កូន​ស្រី​គាត់ បាន​សុំ​ពួក​គាត់​មាក​ទី​រួម​ខេត្ត​រតនគីរី ដើម្បី​មក​រាំ​របាំ​ប្រពៃណី​ជនជាតិ​ទំពូន ឲ្យ​អង្គការ​មីឌីវន្ត នៅ​ភោជនីយដ្ឋាន​រតនលីនា ដែល​មាន​ទីតាំង​ទល់​មុខ​វិទ្យាល័យ​សម្ដេច​ឪ សម្ដេច​ម៉ែ ដោយ​ជិះ​ម៉ូតូ​ម៉ាក​សង់ C 125 ស៊េរី 2014 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគីរី 1C-4009 តែ​ម្នាក់​ឯង។ លុះ​ដល់​ម៉ោង​៧​យប់​ថ្ងៃ​ដដែល ឪពុក​ម្ដាយ​បាន​ទូរសព្ទ​ទៅ​រក​កូន​ស្រី​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល​សោះ ធ្វើឲ្យ​ពួក​គាត់​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង។

រហូត​ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ ម៉ោង​៨​ព្រឹក ទើប​ម្ចាស់​ចម្ការ​ឈ្មោះ សួង សុខលី ឃើញ​ម៉ូតូ និង​សាកសព​ក្នុង​ចម្ការ​ឃ្លាត​ពី​គ្នា​ប្រហែល ២០ ម៉ែត្រ ក៏​ប្រញាប់​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​ភ្លាម​ៗ។

បើ​តាម​ប្រភព​ពី​ឈ្មោះ ថង សៃ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​សិស្ស​រៀន​ជាមួយ​គ្នា និង​ធ្វើការ​អង្គការ​មីឌីវន្ត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​អាទិត្យ​ទី​២២ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១​ថ្ងៃត្រង់ អង្គការ​ខាង​លើ​បាន​រៀបចំ​កម្មវិធី​មួយ​ដែល​មាន​ឈ្មោះ «ធម្មជាតិ​របស់​អ្នក» ហើយ​បាន​អញ្ជើញ​នារី​រងគ្រោះ​មក​រាំ​របាំ​ជនជាតិ​ទំពូន​ដល់​ម៉ោង​១២​ចប់​កម្មវិធី នារី​រងគ្រោះ​នៅ​ហូប​បាយ​រួមគ្នា​ជាមួយ​មិត្ត​ភក្ដិ​ជា​ច្រើន​ទៀត រហូត​ដល់​ម៉ោង​៣​រសៀល ទើប​បែក​គ្នា​អស់ ហើយ​មិត្តភក្ដិ​មិន​ដឹង​នារី​រងគ្រោះ​ទៅ​ណា​ខ្លះ​ទេ ទើប​មក​ដល់​ថ្ងៃ​កើត​ហេតុ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​ថា យុវតី​រងគ្រោះ​ត្រូវ​គេ​រំលោភ​សម្លាប់។

ចំណែក​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​លើ​ដង​ខ្លួន​សាកសព មើល​ឃើញ​មាន​ស្នាម​របួស​មួល​បំបាក់ ក និង​ស្នាម​រយះ​ក្បាល និង​បែក​ជង្គង់​ទាំង​សង​ខាង និង​ប្រដាប់​ភេទ​របួស​យ៉ាង​ដំណំ។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ជន​រងគ្រោះ​មុន​ពេល​សម្លាប់ គឺ​ជន​ល្មើស​បាន​ច្របាច់ ក រួច​មួល ក បន្ថែម ហើយ​ជន​សង្ស័យ​មិន​មែន​ម្នាក់​ឯង​ទេ គឺ​មាន​គ្នា​ចាប់​ពី​២​នាក់​ឡើង​ទៅ។

បច្ចុប្បន្ន​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន៕