បង្ក្រាប​ហ្គេម​បាញ់​ត្រី​សោះ បែរ​ប្រទះ​អ្នកនាង អ៊ុំ គន្ធា កំពុង​ជក់​ថ្នាំ​ញៀន​ទៀត

រាជធានី​ភ្នំពេញ៖ អ្នក​នាង អ៊ុំ គន្ធា អតីត​តារាចម្រៀង​យេយេ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ពាក់ព័ន្ធ​នឹង​ករណី​សេព​គ្រឿងញៀន ខណៈ​ដែល​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សី​កែវ និង​អាវុធហត្ថ​ខណ្ឌ ធ្វើការ​ចុះ​បង្ក្រាប​ទីតាំង​ផ្ទះ១​កន្លែង លួចលាក់​បង្កប់​ទូរ​ហ្គេ​ម​បាញ់​ត្រី នៅ​វេលា​ម៉ោង ១១​ព្រឹក ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ នេះ នៅ​លើ​ផ្លូវ​២៧៣ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ កងកម្លាំង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន៣​នាក់ កំពុង​សេព​គ្រឿងញៀន ដែល​ក្នុង​នោះ មាន​អតីត​អ្នកចម្រៀង​ជើង​ចាស់ អ្នក​នាង អ៊ុំ គន្ធា ម្នាក់​ផង​ដែរ។ ភ្លាម​ៗ​ជនសង្ស័យ​ទាំង ៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សួរនាំ​បន្ត​នៅ​អធិការដ្ឋាន​ខណ្ឌ​ឫស្សី​កែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

សូម​បញ្ជាក់​ផង​ដែរ​ថា អតីត​តារាចម្រៀង អ្នក​នាង អ៊ុំ គន្ធា អតីត​ភរិយា​លោក ផា​ន សុ​ផាត កន្លង​មក​ធ្លាប់​ត្រូវ​ម្ដាយ​នាំ​ទៅ​ដាក់​មណ្ឌល​បន្សាប​គ្រឿងញៀន​ម្ដង​ហើយ បន្ទាប់​ពី​អុកឡុក​ក្នុងផ្ទះ ដោយសារ​តែ​គ្រឿងញៀន​ធ្វើទុក្ខ។ មហាជន​មានការ​អាណិតអាសូរ ដែល​អ្នក​នាង​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង និង​រស់នៅ​ក្នុង​ជីវភាព​ហ៊ឺហា តែ​បែរជា​មក​ធ្លាក់ខ្លួន​មាន​ជម្ងឺ​ប្រចាំ​កាយ និង​រស់នៅ​ក្នុង​ស្ថានភាព​ក្រលំបាក ហើយ​ស្រាប់តែ​មក​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន បន្ត​ទៀត​ទៅ​វិញ។

កន្លង​មក​ក៏​មាន​ខាង​សមាគម​សិល្បៈ​ដែល​មាន​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក អ៊ឹម ជីវ៉ា បាន​ជួយ​ជា​អំណោយ​ថវិកា​មួយ​ចំនួន​ជូន​ដល់​អ្នក​នាង អ៊ុំ គ​ន្ធា ដែល​ធ្លាក់ខ្លួន​ខ្វះខាត និង​មាន​បន្ទុក​ត្រូវ​ចិញ្ចឹម​កូន​ៗ ។

ក្រោយ​ពី​មាន​ករណី​ឃាត់ខ្លួន​អ្នក​នាង អ៊ុំ គន្ធា ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដូច្នេះ ជា​ហេតុ​ធ្វើ​ឲ្យ អ៊ឹម ជីវ៉ា បាន​បង្ហោះ​សារ​ដ៏​ខ្លី​មួយ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​បើ​មិន​អាណិត​សប្បុរសជន​ដែល​គេ​ជួយ​គួរ​អាណិត​ខ្លួនឯង​ផង។ ខ្ញុំ​ពិតជា​ហួសចិត្ត និង​សោកស្ដាយ​បំផុត»។

ទោះជា​យ៉ាងនេះ​ក្តី សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី បែរ​ជា​ប្រទះ​ឃើញ​អ្នក​នាង អ៊ុំ គន្ធា កំពុង​ជក់​ថ្នាំ​ញៀន នា​ថ្ងៃនេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​មាន​មន្ទិល​ក្នុង​ចិត្ត​ថា វា​ជា​រឿង​ពិត ឫ​ជា​ការ​សម្ដែង MV?