រក​ឃើញ​ចេតិយ​នាង កែវ​ណា​ម៉ា លាក់​ខ្លួន​ក្នុង​វត្ត​វិហារ​សំណ

រឿង​កែវ​ណា​ម៉ា ជា​រឿង​ព្រេង​និទាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ដែល​ខ្មែរ​យើង​បាន​ស្គាល់​គ្រប់​ៗ​គ្នា។ មាន​ចេតិយ​បុរាណ​មួយ​ដែល​ស្ថិត​ក្នុង​វត្ត​វិហារ​សំណ​សង់​ពី​ឥដ្ឋ ដែល​អ្នក​ស្រុក​ចាស់​ទុំ​នៅ​ទី​នោះ​ហៅ​ត​ៗ​គ្នា​ថា ចេតិយ​នាង​កែវ​ណា​ម៉ា។

តាម​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Pheak Tra ដែល​បាន​អញ្ជើញ​ទៅ​ដល់​វត្ត​ព្រះ​វិហារ​សំណ និង​បាន​សាកសួរ​ចាស់​ទុំ​នៅ​ទី​នោះ​បាន​ឲ្យ​ដឹង​ថា ចេតិយ​បុរាណ​មួយ​ដែល​សង់​ពី​ឥដ្ឋ​នោះ​ត្រូវ​បាន​អះអាង​ថា ជា​ចេតិយ​របស់​ព្រះ​នាង​កែវ​ណា​ម៉ា ដែល​មាន​ដុះ​ព្រៃ​ពី​លើ និង​ទី​តាំង​នេះ​ធ្លាប់​មាន​គេ​ជីក​យក​របស់​សក្ដិសិទ្ធិ និង​របស់​មាន​តម្លៃ ក្រោយ​មក​ព្រះ​សង្ឃ និង​គណៈកម្មការ​អាចារ្យ​វត្ត​ក៏​បាន​ឲ្យ​ជាង​ជួសជុល​បិទ​ប្រហោង​នោះ​ឲ្យ​ជិត​ឡើង​វិញ។

ម្ចាស់​គណនី​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​បងប្អូន​ប្រជាពលរដ្ឋ​ថា កន្លែង​នោះ​ជា​កន្លែង​សក្ដិសិទ្ធិ​ដែល​ការពារ​ដោយ​បារមី​ស្ដេច​ពស់​ធំ ហើយ​បងប្អូន​ប្រជា​ពលរដ្ឋ​តែងតែ​ទៅ​បែរបន់​សុំ​អ្វី​ៗ​ផ្សេង​ៗ​តាម​ប្រាថ្នា។

វត្ត​ព្រះ​វិហារ​សំណ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​ហ្លួង ស្រុក​ពញា​ឮ ខេត្ត​កណ្ដាល គឺ​ខ្លោង​ទ្វារ​ចូល​វត្ត​នៅ​ទល់​មុខ​នឹង​ខ្លោង​ទ្វារ​សក្យមុនី​ចេតិយ។

យោង​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ចុះ​ផ្សាយ​កាល​ពី​អំឡុង​ខែ វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា ព្រះ​វិហារ​សំណ​នេះ​ត្រូវ​បាន​កសាង​ដោយ​ជន​ជាតិ​ចិន ដែល​បាន​មក​ស្រុក​ខ្មែរ​តាម​សំពៅ ដើម្បី​ទាក់ទង​ពាណិជ្ជ​កម្ម​ដើម្បី​លា​បំណន់។

រឿង​តំណាល​ថា ជន​ជាតិ​ចិន​មួយ​ក្រុម​បាន​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក​ដោយ​ជិះ​សំពៅ​ឆ្ពោះ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ប្រាថ្នា​ទំនាក់ទំនង​ពាណិជ្ជកម្ម។ លុះ​មក​ដល់​ភាគ​ខាង​ជើង​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ចម្ងាយ ៣ គីឡូម៉ែត្រ ស្រាប់​តែ​សំពៅ​កឿង​កល់​ជាប់​មួយ​កន្លែង ទៅមុខ​ពុំ​រួច​ថយ​ក្រោយ​ពុំ​រួច​ ដោយ​មិន​ដឹង​អំពី​មូលហេតុ។ នេះ​បើ​យោង​តាម​សៀវភៅ​ប្រវត្តិ​សង្ខេប​នៃ​ការ​កកើត​ព្រះ​វិហារ​សំណ​តាំង​ពី​សម័យ​​ចិន​ចូល​ស្រុក ដែល​ត្រូវ​បាន​​ចងក្រង​ដោយ​​ព្រះ​តេជគុណ​ចៅ​អធិការ​វត្ត ព្រះ​នាម ឯក សុផាន។

ជន​ជាតិ​ចិន​ទាំង​នោះ​បាន​ធ្វើការ​បួងសួង​ម្ចាស់​ទឹក​ម្ចាស់​ដី​ដើម្បី​សុំ​ធ្វើដំណើរ​ឲ្យ​មាន​សេចក្ដី​សុខ​ដោយ​រៀបចំ​គ្រឿង​សក្ការបូជា​សែន​ព្រេន​​ជាមួយ​នឹង​ពាក្យ​សន្យា​សង់​ព្រះវិហារ​ថ្វាយ។ ទី​បំផុត បារមី​វត្ថុ​ស័ក្ដិសិទ្ធិ​បាន​ជួយ​ឲ្យ​ពួក​គេ​សម្រេច​បំណង​មែន។

តាម​ការ​សន្យា ក្រុម​ជំនួញ​ជនជាតិ​ចិន​បាន​ត្រឡប់​មក​កសាង​ព្រះ​វិហារ​ជញ្ជាំង​រៀប​ឥដ្ឋ បូក​បាយ​អ ដំបូល​ប្រក់​សំណ សសរ​ឈើ​ក្រាក់​បំពាក់​ជហ្វា​ដងក្ដារ​ក្បាច់​រចនា​សុទ្ធតែ​ឈើ​ទាំង​អស់ និង​ព្រះអង្គ​ធំ​ក្នុង​ព្រះវិហារ​ធ្វើ​ពី​ថ្ម​ភក់​ដោយ​ព្រះ​ភ្នែន​ទំហំ ២,៨ ម៉ែត្រ​តាម​រចនាប័ទ្ម​សម័យ​អង្គរ។

ដោយ​សារ​តែ​ព្រះ​វិហារ​ប្រក់​សំណ ទើប​អ្នក​ស្រុក​ដាក់​ឈ្មោះ ព្រះ​វិហារ​សំណ ហើយ​ទី​នោះ​បាន​បន្សល់​ចេតិយ​បុរាណ​នេះ​គេ​ក៏​នាំ​គ្នា​ហៅ​ចេតិយ ព្រះ​នាង​កែវ​ណា​ម៉ា រហូត​មក។

យ៉ាងណាក្ដី ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គ្មាន​នរណា​អះអាង​លើស​​ពី​ពាក្យ​ត្រឹម​ថា «ចេតិយ​បុរាណ» សូម្បី​តែ​លោក​តា​អាយុ ៧០​ឆ្នាំ​ប្លាយ ដែល​កើត​មិន​ទាន់​នោះ​​ក៏​បាន​ត្រឹមតែ​ស្គាល់​ថា​នោះ​ជា​ប្រាសាទ​នាង​កែវ​ណា​ម៉ា​តាម​ចាស់ៗ​តំណាល​តៗ​គ្នា​ប៉ុណ្ណោះ។

លោក​តា ឃុត បឿន ជា​អាចារ្យ​វត្ត​ព្រះ​វិហារ​សំណ និង​ជា​ចាស់​ព្រឹទ្ធាចារ្យ​នៅ​ក្នុងភូមិ​ បាន​ឲ្យ​ដឹង​ថា​៖ «​តាម​រឿង​និទាន​ពី​ចាស់ៗ​ដែល​យោង​តាម​រឿង​កែវ​ណា​ម៉ា​ បាន​ឲ្យ​ដឹង​ថា ពេល​នាង​កែវ​ណា​ម៉ា​អស់​ព្រះ​ជន្ម​ទៅ ប្រជាជន​បាន​សង់​ប្រាសាទ​នេះ​ដើម្បី​ទុក​ជា​ភ័ស្ដុតាង​ ឬ​ជា​ទី​សក្ការ​បូជា​តប​ស្នង​សង​គុណ​ដួង​វិញ្ញាណ​កែវ​ណា​ម៉ា»។

លោកតា​ដែល​មាន​​កំណើត​ក្នុង​ភូមិ​វិហារ​ហ្លួង​រូប​នេះ បាន​បញ្ជាក់​ថា​៖ «តាម​ខ្ញុំ​ធ្លាប់​រៀន ខ្ញុំ​ដឹង​ថា ខ្មែរ​យើង​មាន​រឿង​កែវ​ណា​ម៉ា ឬ​មរណមាតា។ ដល់​ពេល​ឥឡូវ​នេះ ថៃ​ក៏​មាន​រឿង​កែវ​ណា​ម៉ា និង​មរណ​មាតា ដាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​មក។ ដល់​អ៊ីចឹង ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ដែរ»។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​ព្រះ​វិហារ​ចាស់​នោះ​មាន​សភាព​ទ្រុឌទ្រោម ព្រះ​ចៅ​អធិការ​វត្ត តាំង​ពី​ឆ្នាំ ១៩៨៧ ព្រះ​នាម ឯក សុផាន ក៏​បាន​វាយ​កម្ទេច​ហើយ​សាងសង់​ថ្មី កាល​ពី​កំឡុង​ឆ្នាំ​១៩៩៩ ឬ ឆ្នាំ​២០០០។ តែ​អ្វី​ដែល​ព្រះ​គុណ​ម្ចាស់​ស្ដាយ គឺ​មិន​បាន​រក្សា​ទុក​ទម្រង់​រចនាបថ​ដើម​នៃ​ព្រះ​វិហារ​ចាស់។ តែ​ព្រះពុទ្ធ​រូប​នៅ​រក្សា​ទម្រង់​ដើម ដោយ​គ្រាន់​តែ​លាប​ពណ៌​ថ្មី​តែ​ប៉ុណ្ណោះ។

លោក​បាន​រំឭក​ឲ្យដឹង​ផង​ដែរ​ថា​​៖ «នៅ​ដើម​ទសវត្សរ៍ ៨០ មាន​គេ​ខួង​យក​មាស និង​សំណ​យ៉ាង​គគ្រឹកគគ្រេង។ និយាយ​ឲ្យ​ចំ​ទៅ អ្នក​ជីក​កកាយ​នោះ​គឺជា​អាជ្ញាធរ​ដែន​ដី​»។

ក្រោយ​មក​ ដោយ​មាន​ការ​បារម្ភ​ចំពោះ​ការ​បាក់​ស្រុត​ប្រាសាទ ព្រះតេជគុណ​បាន​បញ្ជា​ឲ្យ​ផ្សារ​ភ្ជិត​កន្លែង​ធ្លុះ​ធ្លាយ​តែ​ម្ដង៕

ប្រភព៖ Facebook Pheak Tra | Phnom Penh Post