សម្រែក «បើកទ្វារៗ យក​លុយ​ឲ្យ​អញ បើ​មិន​បើក​ទេ​អញ​បាញ់​សម្លាប់​ចោល» ហើយ​ផូង​ៗ

ខេត្ត​តាកែវ៖ មាន​ករណី​បាញ់​ប្លន់​មួយ​កើត​ឡើង​នៅ​ចំនុច ភូមិ​ត្រពាំង​ស្វាយ​ ឃុំ​តា​ភេ​ម​ ស្រុក​ត្រាំកក់​ខេត្តតាកែវ កាលពី​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ តែ​មិន​បាន​សម្រេច បណ្ដាលឲ្យ​នារី​ម្នាក់​រង​របួស​ធ្ងន់​ក្រោយពី​គេ​បានឮ​សម្រែក​ថា ”បើកទ្វារ​យក​លុយ​ឱ្យ​អញ​បើ​មិន​បើកទ្វារ​ទេ​អញ​នឹង​បាញ់​សម្លាប់ចោល។

ជនរងគ្រោះ​មានឈ្មោះ ណ​យ រស្មី ភេទ​ស្រី អាយុ​២៦​ឆ្នាំ (កម្មការិនី) រស់នៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ​ឃុំ​តា​ភេ​ម​ស្រុក​ត្រាំកក់​ខេត្តតាកែវ។

បើ​តាម​ប្រភព​ជន​រងគ្រោះ​បាន​អោយ​ដឹង​ថា ជនសង្ស័យ​​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ​បាន​ចូល​ក្នុង​ផ្ទះ គោះ​ទ្វារ​បន្ទប់​ស្រែក​ថា បើកទ្វារៗ យក​លុយ​ឱ្យ​អញ ​បើ​មិន​បើកទ្វារ​ ទេ​អញ​នឹង​បាញ់​សម្លាប់​ចោល។ ជនរងគ្រោះ​មិន​ព្រម​បើកទ្វារ​ ទើប​ជន​សង្ស័យ​បាន​​ប្រើ​អាវុធ​ខ្លី​បាញ់​ចំនួន​ពីរ​គ្រាប់ ចំ​សោ​ទ្វារ​មួយ​គ្រាប់ និង​ចំ​កណ្ដាល​ទ្វារ​មួយ​គ្រាប់ បណ្ដាល​ឱ្យ​ត្រូវ​ជនរងគ្រោះ​ ចំ​ឆ្អឹងជំនី​ខាងស្តាំ ធ្លាយ​ទៅ​ស្មា​ខាងស្តាំ​រង​របួស​ធ្ងន់។ ក្រោយ​ធ្វើ​សកម្មភាព​ហើយ​ជនសង្ស័យ​បាន​ចេញ​ទៅ​ខាង​ត្បូង​ផ្ទះ​ហើយ​បាញ់​ចូល​បន្ទប់​មួយ​គ្រាប់​ទៀត​រួច​រត់​គេច​បាត់។ ជន​រងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ។

យោង​តាម​ការពិនិត្យ​កន្លែង​កើតហេតុ សមត្ថកិច្ច​ប្រមូល​បាន​សំបក​គ្រាប់​អាវុធ​ខ្លី​ចំនួន២គ្រាប់ និង​ភស្តុតាង​មួយ​ចំនួន ហើយ​កំពុង​ស្រាវជ្រាវ​ចាប់​ជន​សង្ស័យ​យក​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់៕