ពុទ្ធលោកអើយ! កម្មករ​​ម្នាក់ប្រក់ដំបូល​រោងចក្រ​​​ធ្លាក់​ចំ​សង្ក័សី បណ្ដាល​ឲ្យ​ធ្លាយ​ពោះ​វៀន​ចេញ​ក្រៅ

ភ្នំពេញ៖ បុរស​ម្នាក់​ជា​កម្មករ​ប្រក់​ដំបូល បាន​ធ្លាក់​ពី​លើ​ដំបូល​រោង​ចក្រ​ចុះ​មក​ក្រោម​ជុង​ជា​មួយ​សង្ក័សី​បណ្ដាល​ឲ្យ​ធ្លាយ​ពោះ​វៀន​ចេញ​មក​ក្រៅ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០​១​៧ នៅ​ចំណុច​រោង​ចក្រ​គ្មាន​យី​ហោ​(ទើប​តែ​សាង​សង់) ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។

បុរស​រងគ្រោះ​ខាង​លើ​មាន​ឈ្មោះ ធុន ធាក អាយុ​៣៧​ឆ្នាំ មុខ​របរ កម្មករ​ប្រក់​ដំបូល ស្នាក់​នៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ និង​មាន​ស្រុក​កំណើត​ក្នុង​ភូមិ​រំដេង ឃុំ​រំដេង ស្រុក​មេសា ខេត្ត​ព្រៃ​វែង ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​ប្រក់​ដំបូល​ដូច​គ្នា​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ​និង​កម្មករ​ដូច​គ្នា​៤​ទៅ​៥​នាក់ បាន​យក​សង្ក័សី​ឡើង​ទៅ​ប្រក់​ដំបូល​ខាង​លើ ក្រោយ​មក​ស្រាប់​តែ​ពេល​នោះ​មាន​សង្ក័សី​ប្រវែង​ប្រហែល​១​ម៉ែត្រ​បាន​ធ្លាក់​ចុះ​ក្រោម ហើយ​ជន​រងគ្រោះ​ក៏​បាន​ធ្លាក់​ចុះ​មក​តាម​ក្រោ​យ បណ្ដាល​ឲ្យ​ជុង​និង​សង្ក័សី​ធ្លាយ​ពោះ​វៀន​ចេះ​មក​ក្រៅ និង​បាក់​ក​ដៃ រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​តែ​ម្ដង ។ បន្ទាប់​ពី​កើត​ហេតុ​ភ្លាម​ៗ ក្រុម​កម្មករ​ដូច​គ្នា​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ឲ្យ​ហៅ​រថយន្ដ​សង្គ្រោះ​បន្ទាន់​មក​ទទួល ដឹក​បុរស​រងគ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ព្រះ​កុសុ​មះ(ហៅ​ពេទ្យ​លោក​សង្ឃ)ភ្លាម​ៗ​ផង​ដែរ ។

យ៉ាងណាមិញ​ពាក់​ព័ន្ធ​និង​បញ្ហា​នេះ ភ្នាក់​ងារ​អ្នក​សារព័ត៌មាន​យើង​បាន​សង្គេត​ឃើញ​សមត្ថ​កិច្ចមូល​ដ្ឋាន​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ​ផង​ដែរ តែ​ដូច​ជា​មិន​ឃើញ​មាន​វិធាន​ការ​អ្វី​ឡើយ ដោយ​គ្រាន់​តែ​មើល​ហើយ ត្រឡប់​ទៅ​វិញ​បាត់ ។ ដោយ​ឡែក​មេ​ការ​ប្រក់​ដំបូល និង​ម្ចាស់​ទី​តាំង​ខាង​លើ ក៏​មិន​ឃើញ​ចេញ​មក​ជួយ​ដោះ​ស្រាយ​ដល់​ជន​រងគ្រោះ​ដែល​បាន​របួស​ធ្ងន់​ធ្ងរ​នោះ​ដែរ ៕