ហេតុ​អ្វី​វីដេអូ 41 41 Crush គេ Crush យើង​មាន​គេ Share ជាជាង វីដេអូ​…ដែល​គ្មាន​អ្នក Share

រាជធានី​ភ្នំពេញ៖ បុរស​២​នាក់​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក មាន​ចម្ងល់​ដូច​គ្នា ថា ហេតុ​អ្វី​វីដេអូ 41 41 Crush គេ Crush យើង មាន​អ្នក​ចែករំលែក​បន្ត​ច្រើន​ម្លេះ? ចំណែក​វីដេអូ​របស់​ពួក​គេ​ទាំង​ពីរ​នាក់ ដែល​ម្នាក់​ជា​តារា​ហ្វេសប៊ុក​ដ៏​មាន​ប្រជាប្រិយ ដែល​ចូល​ចិត្ត​ចែក​រំលែក​ចំណេះ​ដឹង និង​រិះគន់​សង្គម​គឺ​លោក William Guang និង​ម្នាក់​ទៀត​ចូល​ចិត្ត​ធ្វើ​ការងារ​មនុស្ស​ធម៌​ក្នុង​សង្គម​គឺ​លោក តាំង គីមឡេង។

នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០១៧ លោក តាំង គីមឡេង បាន​បង្ហោះ​វីដេអូ រូបភាព និង​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ឆ្ងល់​ថា ហេតុអ្វី​បាន​វីដេអូ​មនុស្ស​ធម៌ ដែល​ចុះ​ជួយ​កុមារ​លំបាក​ដល់​ទី​កន្លែង​ដូច​រូប​លោក​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍ ចំណែក​វីដេអូ​ដែល​គេ​សរសេរ 41 41 មាន​អ្នក​គាំទ្រ​ច្រើន​ម្ល៉េះ?

លោក​បាន​សរសេរ​ខ្លឹមសារ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​យ៉ាង​ដូច្នេះ​ថា «វីដេអូ​ដែល​គេ​សរសេរ​ 41 41 មាន​អ្នក​គាំទ្រ​ច្រើន ចុះ​ហេតុអ្វី​វីដេអូ​ដែល​ចុះ​ជួយ​កុមារ​លំបាក​បែប​នេះ​ពុំ​សូវ​ជា​មាន​ការ​ចាប់​អារម្មណ៍​ទៅ​វិញ។

ខ្ញុំ​មាន​តែ​ក្តី​អាណិត ហើយ​និង​ការ​ជួយ​តិចតួច​តែ​ប៉ុណ្ណោះ សង្ឃឹម​អ្នក​ទាំងអស់​គ្នា​ចូល​មើល​ទិដ្ឋភាព​ទៅ​ជួយ សាលា​មួយ​នេះ​មាន​ការ​លំបាក​បែប​ណា សាលា (កក់​កន្ថង) ស្ថិត​នៅ​ភូមិ​ ស្រយ៉ង ស្រុក​គូលែន ខេត្ត​ព្រះវិហារ។

ខ្ញុំ​ត្រូវ​ការ​សប្បុរស​ជន​ទាំងអស់​មេត្តា​ជួយ​ អាវ​សិស្ស165នាក់ សៀវភៅ 165ឡូ កាតាប165 និង​ការ​ជួយ​ចាក់​បំពេញ​ដី​នៅ​ផ្លូវ​ទៅ​សាលា​ប្អូនៗ​ផង មួយ​ឡាន​ពួក​គាត់​យក​តម្លៃ 5$។

អាច​ទាក់ទង​សួរ​ព័ត៌មាន​ឬ​ជួយ​ឧបត្ថម្ភ​បាន​តាម​រយៈ​លេខ 070660088។»

ចំណែក​លោក William Guang ក៏​បាន​ត្អូញត្អែរ​និង​មាន​ចម្ងល់​ថា វីដេអូ​របស់​លោក ដែល​ជា​អ្នក​និយាយ​នយោបាយ លើ​ហ្វេសប៊ុក​ខ្លាំង​ជាង​គេ មាន Like & Share និង​មាន​អ្នក​មើល​តិច​ជាង​បើ​ប្រៀប​ធៀប​នឹង ម្ចាស់ វីដេអូ កវា​ជីវិត 41 41 ។ លោក William បន្ត​ទៀត​ថា បាន​ត្អូញត្អែរ​ទៀត​ថា ខ្មែរ​យ៉ាប់​ណាស់ ចូល​ចិត្ត​រឿង​អត់​ប្រយោជន៍​ជាជាង​រឿង​អាយុ​ជីវិត​ប្រទេស​ជាតិ ដែល​លោក​ខំ​ប្រថុយ​ជីវិត​និយាយ។

លោក William Guang បាន​សរសេរ​ខ្លឹមសារ​កាល​ពី​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៧​យ៉ាង​ដូច្នេះ​ថា «អ្នក​និយាយ​នយោបាយ​លើ​ហ្វេសប៊ុក​អាច​ថា​ខ្ញុំ​ខ្លាំង​លើស​គេ តែ​និយាយ​ម្ដង​បាន​តែ​១​ម៉ឺន like ហើយ ១០​ទៅ​២០​ម៉ឺន View ទេ បើ​ធៀប​នឹង​អា​អូន​ម្ចាស់​បទ កវា​ជីវិត 41 41 41 crush គេ crush យើង នៅ​ថៃ​នោះ Live ភ្លាម ជាង2ម៉ឺន Like អ្នក​ចូល​មើល​រាប់​លាន View

គិត​ទៅ​ខ្មែរ​យ៉ាប់​ណាស់ ឯង​និយាយ​ពី​អាយុ​ជីវិត​ជាតិ យក​ជីវិត​ខ្លួនឯង​ទៅ​ប្រថុយ​និយាយ ឯង​ផ្ដល់​ចំណេះ​សោះ បែរ​ជា​មិន​ស្មើ​អ្នក​និយាយ​រឿង​អត់​ប្រយោជន៍​ទៅ​វិញ ?? ចឹង​បាន​ន័យ​ថា​កម្រិត​អ្នក​ចូលចិត្ត​រឿង​អត់​ប្រយោជន៍​ច្រើន​ជាង​អ្នក​ស្ដាប់​រឿង​ប្រទេស​ជាតិ។»