ផ្ទុះ​ឡ​កម្ដៅ​រោង​ចក្រ​កាត់​ដេរ ប្រាយស្កាយ របួស​កម្មករ​ម្នាក់​មិន​ទាន់​ដឹង​មូល​ហេតុ

ភ្នំពេញ៖ ឡ​កម្ដៅ​នៅ​ក្នុងរោ​ង​ចក្រ​កាត់​ដេរ​យី​ហោ ប្រាយស្កាយ បាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក និង​មាន​ភ្លើង​ឆាប​ឆេះ​បណ្ដាយ​ឲ្យ​មាន​កម្មករ​ម្នាក់​បាន​រង​របួស​ធ្ងន់​ថែម​ទៀត និង​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ពី​មូល​ហេតុ​នៅ​ឡើយ​និង​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០​១៧ ដែល​រោង​ចក្រ​កាត់​ដេរ​មួយ​នោះ មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ខណៈ​ពេល​ដែល​រោង​ចក្រ​បាន​ផ្អាក​ដំណើរ​ការ​ទៅ ហើយ​ដើម្បី​ឲ្យ​កម្មករ​កម្មការិនី​ទាំង​អស់ ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ចេញ​ក្រៅ​ហូប​បាយ​ថ្ងៃ​ត្រង់ លុះ​បន្តិច​ក្រោយ​មក បន្ទាប់​ពី​កម្មករ​ចេញ​ក្រៅ​ស្ទើរ​តែ​អស់ ស្រាប់​តែ​ឡ​កម្ដៅ​នោះបាន​ផ្ទុះ​ឡើង​លាន់​យ៉ាងកក្រើកតែ​ម្ដង មិន​តែ​ប៉ុណ្ណោះ​មានទាំង​ការ​ឆាប​ឆេះ​ឡើង​ថែម​ទៀត​ផង ខណៈ​នោះ​មុន​ដំបូង​ម្នាក់​ៗ​មិន​នឹក​ស្មាន​ថា​ឡ​នោះ​ផ្ទុះទេ ប៉ុន្តែ​ក្រោយ​ពេល​នាំ គ្នា​ចូល​ទៅ​មើល ទើប​ដឹង​ថា​ឡ​កម្ដៅ​នោះ​ផ្ទុះ​និង​បាន​នាំ​គ្នា យក​បំពុង​ពន្លត់​អគ្គីភ័យ​ទៅ​បាញ់​ពន្លត់ និង​មាន​រថយន្ត​ពន្លត់​អគ្គី​ភ័យ ចេញ​ទៅ​អន្តរាគមន៍​ពន្លត់​ទើប​ភ្លើង​រលត់​ទៅ​វិញ ។

ប្រភព​ខាង​លើ​នោះ​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ខាង​រោង​ចក្រ​មិន​បាន​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់​និង សមត្ថកិច្ច នគរបាល ព្រម​ទាំង​ប៉េអឹម​និង​ក្រុម​អ្នក​កាសែត ចូល​ទៅ​ក្នុង​រោង​ចក្រ​របស់​ខ្លួន​នោះ​ឡើយ ។​ពួក​គេ​បាន​ធ្វើ​ការ​រា​រាំង​រយៈ​ពេល​ជាង​១​ម៉ោង​ក្រោយ​មក​ទើប​ឲ្យ​អាជ្ញា​ធរ​និង សមត្ថកិច្ច​ចូល​ទៅ​ពិនិត្យ ក្រោយ​ពេល​ដែល​ដឹក​អ្នក​រងរបួស​ចេញ​ទៅ​បាត់ ។​ដោយ​ឡែក​ការ​ផ្ទុះឆេះ​ខាង​លើ​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ថា បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​នៅ​ឡើយទេ​។​ដោយ​ឡែក​នៅ​កន្លែង​ទី​តាំង​ឡ​កម្ដៅ​នោះ​វិញ បាន​ទទួល​រង​នូវ​ការ​ខូច​ខាត​ខ្ទេច​ខ្ទីរ​ដោយ​ធ្លាយ​និង​ដំបូល​រោង​ព្រម​ទាំង​បាក់​ជញ្ជាំង ហើយ​បំណែក​ឡ​បាន​ខ្ទាត​ចេញ​ក្រៅ ចូល​ទៅ​ក្នុង​រោង​ចក្រ​ដែក​យី​ហោ ឃ្យូស៊ីន ដែល​ស្ថិត​នៅ​ចម្ងាយជាង​៣០​ម៉ែត្រ​ពី​គ្នា​បណ្ដា​ល​ឲ្យ​រង​ការ​ខូច​ខាត​ទៀត​ផង ៕